ព័ត៍មានទាន់​ហេតុការណ៏
Search

CDI ទាមទារ​ឲ្យ​សហភាព​អី​រ៉ុ​ប មាន​ភាពយុត្តិធម៌​ជាមួយ​ប្រទេស​កម្ពុជា លើ​ករណី EBA

ភ្នំពេញ ​៖ លោក សួស យ៉ា​រ៉ា បាន​ថ្លែង​ថា កាលពី​ខែមេសា​កន្លងទៅ វិទ្យាស្ថាន​ស្រាវជ្រាវ នៃ​អង្គការ​អ្នកប្រជាធិបតេយ្យ​និយម​កណ្តាល​អន្តរជាតិ (CDI) បាន​បើក​កិច្ចប្រជុំ​ធំ​មួយ និង​បានចេញ​សេចក្តីថ្លែងការណ៍ ទាមទារ​ឲ្យ​សហភាព​អឺរ៉ុប មាន​យុត្តិធម៌​ចំពោះ​កម្ពុជា ហើយ​ការ​ទាមទារ​លើ​ករណី EBA នេះ ក៏​ត្រូវ​បាន​រំលឹក​នៅក្នុង​កិច្ចប្រជុំ កាលពី​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៩ ផង​ដែរ​។

លោក សួស យ៉ា​រ៉ា អ្នកតំណាងរាស្ត្រ និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ថ្លែង​បែបនេះ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ កាលពី​រសៀល ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៩ ស្តីពី​ការបង្កើត​វិទ្យាស្ថាន​ស្រាវជ្រាវ នៃ​អង្គការ​អ្នក​ប្រជាធិបតេយ្យ​និយម​កណ្តាល​អន្តរជាតិ (CDI)​។

លោក សួស យ៉ា​រ៉ា ថ្លែងថា វិទ្យាស្ថាន​ស្រាវជ្រាវ នៃ​អង្គការ​អ្នក​ប្រជាធិបតេយ្យ​និយម​កណ្តាល​អន្តរជាតិ (CDI) មិន​ត្រឹមតែ​បាន​ជួយ​ដៃគូ​ទៅក្នុង​កិច្ចសហប្រតិបត្តិការ​ផ្នែក​ប្រជាធិបតេយ្យ និង​ការ​អភិវឌ្ឍ​នៅក្នុង​ពិភពលោក​នោះទេ CDI បាន​បើក​កិច្ចប្រជុំ​ធំ​មួយ​កាលពី​កាលពី​ខែមេសា ឆ្នាំ​២០១៩ ដោយ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ឲ្យ​សហភាព​អឺរ៉ុប មាន​យុត្តិធម៌​ចំពោះ​កម្ពុជា ដែល​សេចក្តី​សម្រេច​នោះ មាន​មានតម្លៃ​ណាស់​សម្រាប់​កិច្ចការ ដែល​កម្ពុជា​ទាមទារ​រក​យុត្តិធម៌ នៅក្នុង​ករណី EBA​។ ពីព្រោះ EBA គឺជា​សិទ្ធិ​ដែល​ស​សហភាព​អឺរ៉ុប បានប្រគល់​ទៅ​ឲ្យ​ប្រទេស​នីមួយៗ​។

ចំណែក​ជាមួយ​កម្ពុជា វា​ជា​កិច្ចសហប្រតិបត្តិការ​រវាង​សហគមន៍​អឺរ៉ុប និង​ប្រទេស​កម្ពុជា ដោយ​គោរព​អធិបតេយ្យភាព និង​ឯករាជ្យ​ភាព​គ្នា​ទៅវិញទៅមក ដូច្នេះហើយ​ក្រុម​គ្រួសារ CDI បាន​ចេញ​សេ​ចក​ក្តី​សម្រេចចិត្ត នៅ​ទីក្រុង​ព្រុ​ច​សែ​ល កាលពី​ថ្ងៃទី​១០ ខែមេសា ដោយ​ទាមទារ​ឲ្យ​សហគមន៍​អឺរ៉ុប និង​សមាជិក​ទាំង​អស់​នៃ​សហភាព​អឺរ៉ុប គិតគូរ​ពី​ជីវិត​របស់​ប្រជាជន​កម្ពុជា​ដែល​កំពុង​ស្ថិតនៅ​ក្នុង​ភាព​ក្រីក្រ និង​កម្មករ​ប្រមាណ​៣​លាន​នាក់ ដែល​កំពុងធ្វើការ​នៅក្នុង​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ ដែល​ត្រូវ​រងគ្រោះ​លើ​បញ្ហា​នេះ ប្រសិនបើ​ការសម្រេចចិត្ត មាន​ភាព​អយុត្តិធម៌​ចំពោះ​កម្ពុជា​។

សូម​បញ្ជាក់​ថា នៅ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៩ ក្រុមការងារ​បាន​បើក​កិច្ចប្រជុំ​លើក​ទី​២ ស្តី​ពី​ការបង្កើត​វិទ្យាស្ថាន​ស្រាវជ្រាវ នៃ​អង្គការ​អ្នក​ប្រជាធិបតេយ្យ​និយម​កណ្តាល​អន្តរជាតិ (CDI) ដែល​កិច្ចប្រជុំ​នេះ ត្រូវ​បាន​រៀបចំឡើង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​គាំទ្រ​ដល់​ការបង្កើត​ផែនការ​ជាក់លាក់ ដើម្បី​ពង្រឹង​គំនិត​ផ្តួចផ្តើម​បង្កើត​វិទ្យាស្ថាន​ស្រាវជ្រាវ CDI ដែល​បំពេញបន្ថែម​ទៅលើ​ការពិភាក្សា អំពី​គំនិត​ផ្ដួចផ្ដើម នៃ​កិច្ច​សហប្រតិបត្តិការ និង​បញ្ហា​ពាក់ព័ន្ធ​នានា ដែល​កិច្ចប្រជុំ​នេះ​មាន​ប្រតិភូ​ជាន់ខ្ពស់ CDI មកពី​អឺរ៉ុប អាមេរិក​ឡាទីន អាហ្វ្រិក អាស៊ី​ប៉ាស៊ីហ្វិក ដឹកនាំ​ដោយ​លោក Andres Pastrana ប្រធាន CDI, លោក Mario David អនុប្រធាន CDI និង​លោក សួស យ៉ា​រ៉ា​, លោក César Rosselló អ្នកសម្របសម្រួល CDI ប្រចាំ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​, លោក Neneth Zsolt (​តំណាង​អនុប្រធាន CDI លោក Viktor Orban និង​ជា​នាយករដ្ឋមន្ត្រី​ហុង​គ្រី​), លោក Malin Zver (​តំណាង​អនុប្រធាន CDI លោក Janea. Jansa), លោក Miguel Monteiro (​អគ្គលេខា​គណបក្ស​ចលនា​ប្រជាធិបតេយ្យ​កាប់​វើដ និង​ជា​តំណាង​អនុប្រធាន CDI លោកនាយក​រដ្ឋមន្ត្រី Ulisses Correla) ព្រមទាំង​តំណាង​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI)​ផងដែរ​។

លោក Andres Pastrana ប្រធាន CDI បាន​ថ្លែង​ថា កិច្ចប្រជុំ​បានសម្រេច​ជា​ឯកច្ឆន្ទ​ដាក់​សំណើ​ជូន​គណៈកម្មាធិការ​ប្រតិបត្តិ CDI ដើម្បី​បង្កើត​វិទ្យាស្ថាន​ស្រាវជ្រាវ CDI សម្រាប់​ជា​ប្រយោជន៍ និង​តម្រូវការ​របស់​គណបក្ស​ជា​សមាជិក ហើយ​ខ្លឹម​សារសំខាន់ នៃ​កិច្ចប្រជុំ ដែល​ឈាន​ដល់​ការ​ឯកភាព​បង្កើត​វិទ្យាស្ថាន​ស្រាវជ្រាវ CDI ត្រូវបាន​បញ្ជាក់​យ៉ាង​ច្បាស់ គឺ​ទី​១, ភាពរឹងមាំ និង​ការយល់​ស្របគ្នា​ក្នុងចំណោម​ថ្នាក់ដឹកនាំ​របស់ CDI និង​គណបក្ស​ជា​សមាជិក CDI ដែល​បានទទួល​ស្គាល់​ពី​សារៈសំខាន់​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​របស់ខ្លួន​។ ទី​២, ការគាំទ្រ​ដ៏​រឹងមាំ និង​ឥតឈប់ឈរ​ដោយ CDI ដើម្បី​ប្រយោជន៍​របស់​គណបក្ស​ជា​សមាជិក CDI, ទី​៣, កិច្ចខិតខំ​ប្រឹងប្រែង​យ៉ាង​ធំធេង និង​ការ​លះបង់​របស់​គណបក្ស​ជា​សមាជិក CDI នៅ​ទូទាំង​ពិភពលោក ដើម្បី​បង្កើត​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ជិតស្និទ្ធ និង​ស៊ីជម្រៅ​ក្នុងចំណោម​សមាជិក​អ្នកស្រាវជ្រាវ និង​អ្នកបង្កើត​គោលនយោបាយ តាមរយៈ​ការតភ្ជាប់ ការសន្ទនា និង​ការផ្លាស់ប្ដូរ​បទពិសោធ​ន៍ និង​ជំនាញ ពាណិជ្ជកម្ម ន​វា​នុ​វត្ត​ភាព និង​វប្បធម៌​។

តាម​លោក Andres Pastrana សមិទ្ធផល​ដ៏​សំខាន់​នេះ គឺជា​បង្គោល​ចរ​ប្រវត្តិសាស្ត្រ​របស់ CDI និង​បានរួម​ចំណែក​ដល់​កិច្ច​សហប្រតិបត្តិការ​បន្ត​បន្ទាប់ ការ​គាំទ្រ​ដ៏​សំខាន់ និង​កម្លាំង​រួម ដែល​សម្រេច​បាន​។ លោក Andres Pastrana បញ្ជាក់ថា កិច្ចប្រជុំ​នេះ ក៏បាន​រម្លឹក​អំពី​សេចក្តី​សម្រេច CDI ទាមទារ​ឲ្យ​សហភាព​អឺរ៉ុប មាន​យុត្តិធម៌​ជាមួយ​កម្ពុជា ដែល​ត្រូវ​បានអនុម័ត​កាលពី​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៩ នៅ​ទីក្រុង​ប៊ែ​ល​ហ្សិ​ក​ផងដែរ។

បើ​តាម​សេចក្តីសម្រេច​ទាមទារ​ឲ្យ​សហភាព​អឺរ៉ុប​ឲ្យ​មាន​យុត្តិធម៌​ជាមួយ​កម្ពុជា នៅក្នុង​កិច្ចប្រជុំ​នៅ​ទីក្រុង​ព្រុ​ច​សែ​ល ប្រទេស​បែលហ្ស៊ិក កាលពី​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៩ បានសរសេរថា យើងទាំងអស់គ្នា​ជា​សមាជិក អង្គការ​អ្នក​ប្រជាធិបតេយ្យ​និយម​កណ្តាល​អន្តរជាតិ CDI ទាមទារ​សហភាព​អឺរ៉ុប មាន​យុត្តិធម៌​ជាមួយ​កម្ពុជា ពាក់ព័ន្ធ​ទៅនឹង “​ក្របខ័ណ្ឌ​រាល់​មុខទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ (EBA)​។ កម្ពុជា គឺជា​ប្រទេស​ក្រោយ​ជម្លោះ និង​ជា​ប្រទេស ដែលមាន​ការអភិវឌ្ឍ​តិចតួច​មួយ បាន​ទទួល​អត្ថប្រយោជន៍​ពី​ការផ្ដល់​ការអនុគ្រោះ​ពាណិជ្ជ​កម្ម​នេះ​។ កម្មករ​រោងចក្រ​ប្រមាណ​១​លាន​នាក់ ជាពិសេស​ស្ត្រី​មកពី​ជនបទ​បម្រើ​ការងារ​នៅក្នុង​វិស័យ​វាយ​ន​ភណ្ឌ និង​កាត់ដេរ ទទួល​បាន​នូវ​ការ​នាំចូល​ទៅកាន់​ទីផ្សារ​អឺរ៉ុប ដោយ​គ្មាន​រនាំង​ពន្ធ និង​គួ​តា​។ យើង​កត់សម្គាល់​ប្រកបដោយ​ការ​ពេញចិត្ត នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​ក្នុង​ការ​ប្រតិបត្តិ​តាម​តម្រូវការ និង​លក្ខខណ្ឌ​របស់​សហភាព​អឺរ៉ុប រួម​ទាំង​អនុសញ្ញា​ទាំង​១៥ នៅក្រោម​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ និង​អង្គការ​ពលកម្ម​ពិភពលោក​ឆ្លើយតប​ទៅនឹង​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​នយោបាយ​ការពង្រឹង​ពង្រីក​កិច្ចការងារ និង​សេរីភាព​នៅ​ប្រទេស​កម្ពុជា​។

សម្រេច​បញ្ជាក់​ថា យើង​ត្រូវ​ដឹង​ថា លទ្ធិប្រជាធិបតេយ្យ​នីយកម្ម គឺជា​ដំណើរការ​វែងឆ្ងាយ​។ ការ​កើន​ឡើង​នូវ​ស្រទាប់វណ្ណៈ​ប្រជាជន​ថ្នាក់​កណ្ដាល​នៅ​កម្ពុជា និង​ចូលរួម​យ៉ាងសំខាន់ និង​ឈាន​ទៅ​រក​ការ​បើកចំហ ការ​ពង្រឹង​តម្លៃ​ប្រជាធិបតេយ្យ និង​ការ​កសាង​ស្ថាប័ន​ប្រជាធិបតេយ្យ​។ EBA បាន​ចូលរួម​យ៉ាងសំខាន់​ទៅ​ក្នុង​មូលដ្ឋានគ្រឹះ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ យើង​ស្នើសុំ​ទៅ​សហភាព​អឺរ៉ុប ធ្វើការ​ប្រកបដោយ​មិត្តភាព ចំពោះ​ការ​សម្រេចចិត្ត​ថា តើ​គួរ​ដក EBA ចេញពី​កម្ពុជា​ដែរ ឬ ទេ​។ កម្ពុជា​បាន​រង់​គ្រោះ​គ្រប់គ្រាន់​ហើយ​ពួកគេ​សាក​សម នឹង​ទទួល​បាន​ការរស់នៅ​ក្នុង​សន្តិភាព ជាមួយនឹង​វិបុលភាព និង​សុភមង្គល​។ យើង​ចង់​ឃើញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​រីកចម្រើន ដោយមាន​ការយោគយល់ និង​ការគាំទ្រ​ដោយ​សហគមន៍​អន្តរជាតិ​៕
កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114