ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រី​សុខាភិបាល​អះអាង​ថា ​គិត​ត្រឹម​ថ្ងៃទី​២០​មិថុនា​នេះ​ ជំងឺគ្រុនឈាម​បានសម្លាប់​មនុស្ស​២១នាក់​នៅ​ទូទាំងប្រទេស

ភ្នំពេញ ​៖ ​លោក​សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល បាន​អះអាងថា ​គិត​ចាប់ពី​ដើមឆ្នាំ​រហូតមកដល់​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៩ ​មាន​ករណី​ជំងឺគ្រុនឈាម​នៅ​ទូទាំងប្រទេស​ចំនួន​១​ម៉ឺន​២​ពាន់​ករណី និង​ស្លាប់​ចំនួន​២១​នាក់​។

ថ្លែង​នៅក្នុង​ឱកាស​ចុះ​សួរសុខទុក្ខ​អ្នកជំងឺ​សម្រាក​ព្យាបាល និង​ពិនិត្យ​ស្ថានភាព​ករណី​ជំងឺគ្រុនឈាម នៅក្នុង​មន្ទីរពេទ្យ​គន្ធបុប្ផា​វត្តភ្នំ​កាលពី​ព្រឹក​ថ្ងៃទី​២០​ខែមិថុនា​លោក​សាស្ត្រាចារ្យ​បាន​បន្ត​ថា ​ការ​ចុះពិនិត្យ​ស្ថានភាព​ផ្ទាល់​ក្នុង​ម​នី្ទ​រ​ពេទ្យ​គន្ធបុប្ផា​វត្តភ្នំ​នេះ​ គឺ​ដើម្បី​ពិនិត្យមើល​ស្ថានភាព​ជំងឺគ្រុនឈាម​និង​ឲ្យ​គ្រូពេទ្យ​បន្ត​យកចិត្តទុកដាក់​បន្ថែម​ទៀត​ ដើម្បី​ជួយសង្គ្រោះ​អ្នកជំងឺ​គ្រុនឈាម​ឲ្យ​បាន​ទាន់ពេលវេលា​ដោយសារតែ​នៅក្នុង​ម​នី្ទ​រ​ពេទ្យ​គន្ធបុប្ផា បាន​ទទួល​អ្នកជំងឺ​ច្រើន​លើសលប់​។

ទន្ទឹម​នឹង​នេះ​ លោក​រដ្ឋមន្ត្រី​ចង់​ឲ្យ​គ្រូពេទ្យ​នៅ​រាជធានី​ភ្នំពេញ មក​រៀនសូត្រ​នៅក្នុង​ម​នី្ទ​រ​ពេទ្យ​គន្ធ​បុប្ផា​បន្ថែម​ព្រោះថា​នៅពេល​មាន​បញ្ហា​ជំងឺ​ច្រើន​នៅក្នុង​មន្ទីរពេទ្យ​របស់ខ្លួន​អាច​ដោះស្រាយបាន​ទាន់ពេលវេលា​។

លោក​សាស្ត្រ​ចា​រ្យ ម៉ម ប៊ុនហេង បាន​បន្ថែម​ទៀត​ថា «​ប្រសិនបើ​មាន​ករណី​ជំងឺគ្រុនឈាម បន្ត​កើនឡើង ក្រសួងសុខាភិបាល និង​បណ្តុះបណ្តាល​មន្ត្រី​សុខាភិបាល​បន្ថែម​នៅតាម​រាជធានី ខេត្ត ផ្គត់ផ្គង់​ឱសថ បរិក្ខារ និង​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​យល់ នៅពេល​មាន​រោគសញ្ញា​គ្រុនឈាម ត្រូវ​បញ្ជូនមក​មណ្ឌល​សុខភាព និង​ម​នី្ទ​រ​ពេទ្យ​រដ្ឋ ដើម្បី​ធានាថា​ ការ​ព្យាបាល​របស់​យើង​បាន​ត្រឹមត្រូវ ដើម្បី​រួចផុត​ពី​ការស្លាប់​»​។

ពាក់ព័ន្ធ​នឹង​ជំងឺគ្រុនឈាម​នេះដែរ​កាលពី​ថ្ងៃ​ទិ​១៣​ខែមិថុនា​ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ​ក្រសួងសុខាភិបាល​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន ក្រសួង មន្ទីរ ឬ​អង្គភាព​ពាក់ព័ន្ធ អង្គការ​សុខភាព​ពិភពលោក អង្គការ​មិនមែន​រដ្ឋាភិបាល សហគមន៍​ជាតិ និង​អន្ដរជាតិ​ទាំងអស់​បន្ដ​ជួយឧបត្ថម្ភ គាំទ្រ​និង​ចូលរួម​ជួយ​អន្ដរាគមន៍​ជាមួយ​កម្មវិធី​ជាតិ ប្រយុទ្ធ​នឹង​ជំងឺគ្រុនឈាម​ដើម្បី​ទប់ស្កាត់​ការ​ចម្លង​ជំងឺគ្រុនឈាម នៅ​តាម​សហគមន៍ ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ជៀស​ផុត​ពី​ជំងឺគ្រុនឈាម​ដែល​អាច​នឹង​ផ្ទុះឡើង​បាន​គ្រប់ពេល​។

នៅក្នុង​នោះ​ក្រសួង​បាន​ដាក់​ចេញ​នូវ​វិធានការ​មួយចំនួន​ដើម្បី​ការពារ​ជំងឺគ្រុនឈាម​ក្នុង​នោះ​រួមមាន​ទី​១ អាណាព្យាបាល មាតាបិតា កុមារា​កុមារី​គ្រប់រូប រួមទាំង​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​សកម្ម ចូលរួម​កំចាត់​ដង្កូវទឹក​នៅ​តាម​ទីកន្លែង​ដែលមាន​ទឹក​ដក់ ដូចជា ពាង អាងទឹក ថូផ្កា ចាន​ទ្រ​ជើង ក្រឡ ខាប់ ជាដើម ដោយ​ការផ្លាស់ប្តូរ​ទឹក និង​លាង​សំអាត​ជាប្រចាំ​ឱ្យបាន​យ៉ាងតិច​មួយដង​ក្នុង​មួយអាទិត្យ ឬ​ត្រូវ​គ្រប​គំរប​ឲ្យ​បាន​ជិត​ល្អ និង​ត្រូវ​សហការ​ជាមួយ​បណ្តាញ​សុខាភិបាល​នៅតាម​មូលដ្ឋាន ដើម្បី​ដាក់​ថ្នាំ​អា​បែ​ត​សម្លាប់​ដង្កូវទឹក នៅក្នុង​អាង ឬ​ពាងទឹក ឬ​កន្លែង​ដែល​ស្តុក​ទឹក ឬ​ចិញ្ចឹម​កូន​ត្រី​ប្រាំពីរ​ពណ៌​នៅ​កន្លែង​ដែល​វា​ចិញ្ចឹម​បាន​។

ចំពោះ​សម្ភារៈ​ដ​ក់​ទឹក​ផ្សេងទៀត ដែល​មិន​ប្រើប្រាស់​ទុកចោល ដូចជា​សំបក​កង់ឡាន​សំបក​ដប កំប៉ុង ត្រឡោក​ដូង ចានបាយ កំប៉ុង​ជ័រ និង​វត្ថុ​ដែល​អាច​ដក់​ទឹកបាន​ផ្សេងទៀត​ត្រូវ​ដុត​ឬ​កម្ទេចចោល ឬ​ទុកដាក់​ឲ្យ​មាន​របៀប​កុំ​ឲ្យ​មានទឹក​ដក់​។

ទី​២ សូម​ឲ្យ​ម្ចាស់​ការដ្ឋាន​សំណង់ រួម​ទាំង​កម្មករ​កម្ម​ការិនី​ដែល​កំពុង​បំពេញ​ការងារ ​នៅ​តាម​ការដ្ឋាន​សំណង់​ទាំងអស់ ត្រូវធ្វើ​អនាម័យ​បរិស្ថាន ឲ្យ​បាន​ស្អាត​នៅក្នុង​បរិវេណ​ការដ្ឋាន​សំណង់​របស់​ខ្លួន​ជាពិសេស​ត្រូវ​លុបបំបាត់​វត្ថុ​និង​ថ្លុក រៀបចំ​ទុកដាក់​សម្ភារៈ​សំណង់​ដែល​អាច​ដក់​ទឹក​ទៅ​ក្នុង​ទីកន្លែង​ដែល​មាន​ដំបូល​ត្រឹមត្រូវ ដើម្បី​ការពារ​កុំ​ឲ្យ​ដក់​ទឹក លុបបំបាត់​ប្រភព និង​ជម្រក​មូស​ខ្លា​ដែល​ជា​ភ្នាក់ងារ​ចម្លងជំងឺ​គ្រុនឈាម ហើយ​អាច​រាតត្បាត​ដល់​ប្រជាជន​ទាំងអស់​ដែល​រស់នៅ​ចម្ងាយ​១៥០ម៉ែត្រ​ជុំវិញ​ការដ្ឋាន​សំណង​នោះ​។ ទន្ទឹមគ្នា​នេះ​ដែរ ​មន្ទីរ​សុខាភិបាល​រាជធានី​-​ខេត្ត​ទាំង​២៥ ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​ចុះ​ត្រួតពិនិត្យ​នៅ​តាម​ការដ្ឋាន​សំណង់ ជំរុញ​អនុវត្ត​ការងារ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​ដើម្បី​ចូលរួម​កាត់បន្ថយ​អត្រា​ឈឺ​និង​ស្លាប់​ដោយសារ​ជំងឺគ្រុនឈាម​។

ទី​៣​ចំពោះ អាជីវករ និង​ម្ចាស់​ជីវកម្ម​ទាំងឡាយ ដែល​ប្រកប​របរ​ពាក់ព័ន្ធ​ នឹង សំបក​កង់ឡាន​ម៉ូតូ​សូម​ធ្វើការ​គ្រប់គ្រង​សំបក​កង់​ទាំងនេះ ឲ្យ​មាន​សុវត្ថិភាព ជៀស​ផុត​ពី​ការ​ដក់​ទឹក​។ ដោយ​មិន​ត្រូវ​ទុកចោល​ពាស​វាល​ពាសកាល បង្កើត​បាន​ជា​ប្រភព​កកើត និង​ជំរក​មូស​ខ្លា​ដ៏​គ្រោះថ្នាក់​បំផុត ដែល​អំណោយ​ដល់​ការ​ច​ម្លង​ជំងឺគ្រុនឈាម​កើនឡើង និង​អាច​ឈានទៅរក​ការ​រាតត្បាត​គ្រប់ពេលវេលា​។

ទី​៤​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ទម្លាប់​រស់នៅ​ស្អាត មាន​អនាម័យ​ផ្ទះសំបែង ផ្ទះ​មាន​ពន្លឺ​ចេញចូល ទុកដាក់​របស់របរ​-​សំលៀកបំពាក់​ក្នុង​ក្រៅ​ផ្ទះ​មាន​សណ្តាប់ធ្នាប់ លុបបំបាត់​ព្រៃ​ស៊ប់​ទ្រោប​ជុំវិញ​ផ្ទះ ដើម្បី​កាត់បន្ថយ​ជំរក​សត្វ​មូស​មក​តោង​ព្រឹក​ទុំ​ជិត​ខ្លួន​យើង ដែល​ងាយ​នឹង​ខាំយើង​។ អំឡុងពេល​ថ្ងៃ គឺ​ចាំបាច់​ត្រូវ​ប្រើប្រាស់​សំលៀកបំពាក់​មាន​ដៃ​វែង​ជើងវែង និង​សម្រាន្ត​ក្នុង​មុង​ជាប្រចាំ​ទាំងថ្ងៃទាំងយប់​មិនត្រូវ​អង្គុយលេង​នៅ​ជិត​ទីកន្លែង​ងងឹត​នោះ​ទេ​។

ទី​៥​ករណី​មាន​រោគសញ្ញា​ក្តៅ​ខ្លួន​ខ្លាំង​ភ្លាមៗ ត្រូវ​ប្រញាប់​នាំ​អ្នកជំងឺ​ទៅ​រក​សេវា​ពិនិត្យ​និង​ព្យាបាល របស់​រដ្ឋ (​សេវាសាធារណៈ​) ដូចជា​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ ដែល​នៅ​ជិត​បំផុត​ជាបន្ទាន់​មិន​ឲ្យ​យឺត​ជាង​២​ម៉ោង បន្ទាប់ពី​ក្តៅ​ខ្លួន​ហើយ​សូមកុំ​សាកល្បង​ព្យាបាល​ជំងឺ​ក្តៅ​ខ្លាំង​ភ្លាមៗ​នេះ​ដោយ​ខ្លួនឯង ឬ​ពន្យារពេល​តាមដាន​ព្យាបាល​អ្នកជំងឺ​នៅ​សេវា​ឯកជន​ដែល​គ្មាន​សមត្ថភាព​ផ្នែក​ជំងឺគ្រុនឈាម​នេះ​ឲ្យ​សោះ​។ ជំងឺគ្រុនឈាម​អាច​នឹង​សម្លាប់​អ្នកជំងឺ​បាន​គ្រប់ពេលវេលា​បើសិន​មិនបាន​ទៅ​ទទួល​ការព្យាបាល​នៅ​សេវា​រដ្ឋ​ដែល​មាន​ការ​បណ្តុះបណ្តាល​ត្រឹមត្រូវ បាន​ទាន់​ពេល​វេលា ឬក៏​សាកល្បង​ព្យាបាល​នៅ​សេវា​ឯកជន​ដែល​មិន​មាន​ចំណេះ​ជំនាញ​ខាង​ជំងឺគ្រុនឈាម ឬ​បើ​មានការ​ប្រើប្រាស់​ប្រភេទ​ថ្នាំ​អា​ស្តី​រី​ន​។

ទី​៦​គ្រប់​មន្ទីរ​សុខាភិបាល​រាជធានី​-​ខេត្ត​ទាំង​២៥ ត្រូវ​បន្ត​ផ្តល់​ការបណ្តុះបណ្តាល​ដល់​គ្រូពេទ្យ​ព្យាបាល​ទាំង​សេវា​រដ្ឋ​និង​សេវា​ឯកជន អំពី​របៀប​ធ្វើ​រោគវិនិច្ឆ័យ​-​ព្យាបាល​អ្នកជំងឺ​គ្រុនឈាម​មុន​និង​អំឡុង​រដូវភ្លៀង​។ សម្រាប់​សេវា​ឯកជន ដែល​មិនមាន​ចំណេះ​ជំនាញ សម្ភារៈ និង​ឧបករណ៍​ត្រឹមត្រូវ​សម្រាប់ធ្វើ​រោគវិនិច្ឆ័យ​-​ព្យាបាល​ជំងឺគ្រុនឈាម គឺ​ក្រសួងសុខាភិបាល​មិន​អនុញ្ញាត​ឲ្យ​ទទួល​ការ​ព្យាបាល​ជំងឺគ្រុនឈាម​នេះឡើយ ហើយ​ត្រូវតែ​បញ្ជូន​ជាបន្ទាន់​មក​មន្ទីរពេទ្យ​រដ្ឋ ដែល​នៅ​ជិត​បំផុត។

ទី​៧ គ្រប់​មន្ទីរ​សុខាភិបាល​រាជធានី​-​ខេត្ត​ទាំង​២៥ ត្រូវ​ចាត់ចែង​ការផ្តល់សេវា និង កន្លែង​សម្រាក ព្យា បាល​ជំងឺគ្រុនឈាម​នៅក្នុង​មន្ទីរពេទ្យ​ឲ្យ​បានល្អ និង​ត្រូវបញ្ជូន​អ្នកជំងឺ​ទៅ​មន្ទីរពេទ្យ​ផ្សេងទៀត​ក្នុងករណី ដែល​មាន​ករណី​ជំងឺគ្រុនឈាម​ច្រើន​ហួស​សមត្ថភាព​នៅក្នុង​មន្ទីរពេទ្យ​ណាមួយ​ដោយ​មិន​ទុក​ឲ្យ​មានការ​យឺតយ៉ាវ​ក្នុងការ​ទទួល​បាន​នូវ​សេវា​ពិនិត្យ និង​ព្យាបាល​ឡើយ​។

ទី​៨​គ្រប់​មន្ទីរ​សុខាភិបាល​រាជធានី​-​ខេត្ត​ទាំង​២៥ ត្រូវ​រៀបចំ​ប្រជុំ​ជាបន្ទាន់ ពីង​ធ្វើការ​ប្រជុំ​ជា​រៀងរាល់​ពីរ​អាទិត្យ​ម្តង​ជាមួយ​ផ្នែក​ពាក់​ព័ន្ធ​ទាំងអស់ និង​អង្គការ​ដៃគូ​អភិវឌ្ឍន៍​នៅក្នុង​សមត្ថភាព​របស់​ខ្លួន​ដើម្បី​ពិនិត្យ​និង​ដាក់ចេញ​នូវ​វិធានការ​នានា ព្រមទាំង​ជំរុញ​ផ្សព្វផ្សាយ​សារ​អប់រំ​សុភាព​ស្កាត់​ការ​រាតត្បាត​ជំងឺ​ត្រ​ន​យោ​ម និង​ចលនា​ឲ្យ​មានការ​គាំទ្រ​ចូលរួម​យ៉ាងសកម្ម និង​ទូលំទូលាយ​ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនឈាម​ឲ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែម​ទៀត បើ​ទោះជា​បច្ចុប្បន្ននេះ​ប្រទេស​កម្ពុជា​នៅ​មាន​ករណី​ជំងឺ​តិចតួច​នៅឡើយ​ក៏ដោយ​បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ក្នុង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ដែល​កំពុង​រាតត្បាត​ខ្លាំង​៕
សំអឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114