ព័ត៍មានទាន់​ហេតុការណ៏
Search

កំពុង​ជួបជុំគ្នា​ជួញដូរ​ថ្នាំញៀន ប្រជាជន​ដឹង​រាយការណ៍​មកអោយ​ប៉ូលិស​ចាប់ខ្លួន​បាន​៥​នាក់ រឹបអូស​ថ្នាំញៀន​បាន​៨​កញ្ចប់

ភ្នំពេញ​ ៖ សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ​ បាន​បង្ក្រាប​ករណី​ជួញដូរ​ថ្នាំញៀន​ចាប់ខ្លួន​មនុស្ស​ប្រុស​៥​នាក់​ រួម​ជា​មួយ​វត្ថុ​តាង​ថ្នាំញៀន​ចំនួន​៨​កញ្ចប់​កាលពី​ម៉ោង៥​ល្ងាច​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ២០១៩ នៅ​សង្កាត់​ឃ្មួញ​។

ក្រុម​ជនសង្ស័យ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ខាងលើ ១.​ឈ្មោះ ផ្លុ​ង ថុល អាយុ​៣៤​ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​សំ​រិ​ង សង្កាត់​ឃ្មួញ​។ ២.​ឈ្មោះ គួ​យ សុ​ឃុន អាយុ​២៣​ឆ្នាំ ​មាន​ទីលំនៅ ភូមិ​សំរោង សង្កាត់​ឃ្មួញ​។ ៣.​ឈ្មោះ ស៊ុន សា​រិ​ទ្ឋ អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សែន​សុខ​ទី​៥​។ ៤.​ឈ្មោះ អេង សុខ​ងី​ម អាយុ២៦​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​សែន​សុខ​ទី​២ សង្កាត់​ឃ្មូ​ញ​។ ៥.​ឈ្មោះ នាង សុខលី អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃ្មួញ​។

មន្ត្រី​នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​ឃ្មួញ បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​មាន​ប្រជាពលរដ្ឋ​ល្អ​ក្នុង​មូលដ្ឋាន​បាន​រាយការណ៍​មក​ថា គាត់​ឃើញ​បុរសៗ​មួយ​ក្រុម​កំពុង​ជួបជុំគ្នា​ជក់​និង​លក់​ចែកចាយ​ថ្នាំញៀន​…​។

ប្រភព​ព័ត៌មាន​មន្ត្រី​នគរបាល​ខាងលើ​បាន​បញ្ជាក់​ថា ក្រោយពី​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម​លោកនាយ​ប៉ុ​ស្តិ៍​បាន​កេណ្ឌ​កម្លាំង​ឡោម​ព័​ទ្ធ​គោលដៅ​ខាងលើ​ឆ្មក់​ចូល​បង្ក្រាប​ជាក់ស្តែង​ឃាត់ខ្លួន​បុរស​ចំនួន​៥​នាក់ ​នៅក្នុង​រង្វង់​ប្រតិបត្តិការ​នោះ​និង​បាន​ដកហូត​ថ្នាំញៀន​ចំនួន​៨​កញ្ចប់​តូចៗ ជា​ប្រភេទ​ថ្នាំញៀន​ម៉ា​ទឹកកក (​ពណ៌​ស​ថ្លា​)​និង​ដកហូត​ម៉ូតូ​មួយគ្រឿង​ម៉ាកវីវ៉ា ពាក់​ស្លាក​លេខ ៤២១២ ព្រមទាំង​ទូរស័ព្ទដៃ​ចាស់ៗ​ចំនួន​២​គ្រឿង​ ដែល​ពួកគេ​លាក់​ថ្នាំញៀន​ក្នុង​ទូរស័ព្ទ​នោះ​ដោយ​ដោះ​ថ្ម​ចេញ​ដាក់​ជំនួស​ដោយ​កញ្ចប់​ថ្នាំញៀន​វិញ​។

ប៉ូលិស​និយាយ​ថា ជន​សង្ស័យ​ទាំង​៥​នាក់​ខាងលើ ​សុ​ទ្ឋ​តែមាន​ផ្ទុក​នូវ​សារធាតុ​ថ្នាំ​ញៀន​នៅក្នុង​ល្បាយ​ទឹកនោម​ទាំងអស់ ហើយ​ត្រូវ​បាន​ចោទប្រកាន់​បឋម​ពី​បទ​ជួញដូរ​ថ្នាំញៀន​ខុសច្បាប់​។

យោង​តាម​មាត្រា​៤០ នៃ​ក្រមព្រហ្មទណ្ឌ ចែងថា ជន​ដែល​រក្សាទុក​ដឹកជញ្ជូន ​ឬ ​ជួញដូរ​សារធាតុ​ញៀន ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​២​ឆ្នាំ ទៅ​៥​ឆ្នាំ ឬ​អស់​មួយ​ជីវិត​និង​ពិន័យ​ជា​ប្រាក់​ពី​៤​លាន​រៀល​ទៅ​១០​លាន​រៀល ​ឬ ​១០០​លាន​រៀល​។

និង​មាត្រា​៤៣ ជន​ណា​ដែល​អូសទាញ​ ឬ​ បង្ខំ​ឲ្យ​គេ​ប្រើប្រាស់​គ្រឿងញៀន ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៥​ឆ្នាំ​ដល់​២០​ឆ្នាំ ឬ​អស់​មួយជីវិត​៕
សឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114