ព័ត៍មានទាន់​ហេតុការណ៏
Search

ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ប្រចាំ​សប្ដាហ៍​ទី​១២ បន្ត​ប្រកួត​៧​គូ​នៅ​ចុង​សប្តាហ៍​នេះ​

ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) ឆ្នាំ​២០១៩ ដែល​រៀបចំឡើង​ដោយ​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​(CNCC) សេនាធិការ​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នឹង​បន្ត​ប្រកួត​សប្ដាហ៍​ទី​១២ ក្នុងចំណោម​សប្ដាហ៍​សរុប​ចំនួន​២៤​សប្ដាហ៍ ជា​បន្តទៀត ខណៈ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង បាន​ឡើងឈរ​កៅអី​កំពូល​តារាង​បណ្តោះអាសន្ន​វិញ​ហើយ ស្របពេល​ក្រុម​ខេត្តកំពង់ចាម ស្ថិតនៅ​បាត​តារាង​ដដែល​។

សម្រាប់​កម្មវិធី​ប្រកួត​បន្ទាប់​ប្រចាំ​សប្ដាហ៍​ទី​១២ គឺ​ថ្ងៃ​សៅរ៍ ទី​២២ ខែមិថុនា ឆ្នាំ​២០១៩ ក្រុម​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ប៉ះ​ព្រះខ័ន​រាជ​ស្វាយរៀង នៅវេលា​ម៉ោង​៣:៣០​នាទី​រសៀល​លើ​ទីលាន​កីឡដ្ឋាន AEU Sport Park​ហើយ​ក្រុម​ភ្នំពេញ​ក្រោ​ន ប៉ះ​អង្គ​រថា​យ​ហ្គឺ​រ នៅវេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន Smart RSN Stadium និង​ក្រុម​អគ្គីសនី​កម្ពុជា ប៉ះ​ក្រសួងការពារជាតិ នៅវេលា​ម៉ោង​៣និង៣០​នាទី​រសៀល​ លើ​ទីលាន​កីឡដ្ឋាន​អគ្គីសនី​កម្ពុជា​។

ចំណែក​៤​គូ​ផ្សេងទៀត​បន្ត​ប្រកួត​នៅ​ថ្ងៃអាទិត្យ ទី​២៣ ខែមិថុនា ឆ្នាំ​២០១៩ ដោយ​ក្រុម​សូល​ទី​ឡូ​អង្គរ ប៉ះ​បឹងកេត​អែ​ហ្វ​ស៊ី នៅ​វេលា​ម៉ោង​៣និង៣០​នាទី​រសៀល​ លើ​ទីលាន​កីឡដ្ឋាន​ខេត្ត​សៀម​រាម ក្រុម​គីរីវង់​សុខ​សែន​ជ័យ ប៉ះ​ក្រុម​ខេត្តកំពង់ចាម នៅ​វេលា​ម៉ោង​៣និង៣០​នាទី​រសៀល​ លើ​ទីលាន​កីឡដ្ឋាន​គីរីវង់​សុខ​សែន​ជ័យ ក្រុម​ណាហ្គា​វើ​ល ប៉ះ​ក្រុម​វិសាខា​អែ​ហ្វ​ស៊ី នៅ​ម៉ោង​៦​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន​ខ​.​ភ​.​ម និង​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ជួប​ក្រុម​សាលា​កីឡាបាល់ទាត់​ជាតិ​បាទី នៅ​វេលា​ម៉ោង​៣និង៣០​នាទី​រសៀល​លើ​ទីលាន​កីឡដ្ឋាន​អគ្គីសនី​កម្ពុជា​។

ងាក​មក​មើល​ចំណាត់ថ្នាក់​បណ្តោះអាសន្ន​ក្រោយ​ប្រកួត​បាន​១១​លើក​នេះ​មក​ឃើញថា​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ឈរ​លេខ​១ មាន​២៩​ពិន្ទុ​ហើយ​ក្រុម​ណាហ្គា​វើ​ល ឈរ​លេខ​២ មាន​២៧​ពិន្ទុ ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ឈរ​លេខ​៣ មាន​២៤​ពិន្ទុ​ក្រុម​បឹងកេត ឈរ​លេខ​៤ មាន​២៣​ពិន្ទុ ក្រុម​វិសាខា ឈរ​លេខ​៥ មាន​១៩​ពិន្ទុ ក្រុម​ភ្នំពេញ​ក្រោ​ន ឈរ​លេខ​៦ មាន​១៩​ពិន្ទុ​។ ក្រុម​ក្រសួងការពារជាតិ ឈរ​លេខ​៧ មាន​១៧​ពិន្ទុ ក្រុម​អាស៊ី​អឺរ៉ុប ឈរ​លេខ​៨ មាន​១៦​ពិន្ទុ ក្រុម​សូល​ទី​ឡូ​អង្គរ ឈរ​លេខ​៩​មាន​១៥​ពិន្ទុ ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ឈរ​លេខ​១០ ក្រុម​អគ្គីសនី​កម្ពុជា ឈរ​លេខ​១១ មាន​១០​ពិន្ទុ​ដូចគ្នា ក្រុម​គីរីវង់​សុខ​សែន​ជ័យ មាន​៩​ពិន្ទុ ក្រុម​លេខ​១២ ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​ឈរ​លេខ​១៣ ក្រុម​ខេត្តកំពង់ចាម លេខ​១៤​មាន​៣​ពិន្ទុ​ស្មើគ្នា​។

សូម​បញ្ជាក់​ថា ​តាម​គម្រោង​ពានរង្វាន់​បាល់ទាត់​លី​គ​កំពូល​កម្ពុជា​រដូវ​កាល​ថ្មី​ឆ្នាំ ២០១៩ នេះ​ចាប់ផ្ដើម​ដំណើរការ​ពីថ្ងៃ​ទី​១៦ ខែមីនា ដល់​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៩​។ ក្រុម​ជើងឯក​លី​គ​កំពូល​កម្ពុជា មានឱកាស​ចេញទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​មួយចំនួន​ដូចជា​ពានរង្វាន់ AFC Cup, Mekong Championship និង​ពានរង្វាន់​មួយចំនួនទៀត​៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114