ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួង​ធនធានទឹក​ជូនដំណឹង ស្តីពី ការ​ព្យាករ​កម្ពស់​ទឹកជំនន់​រដូវវស្សា​លើក​ទី ១ ប្រចាំឆ្នាំ ២០១៩

ភ្នំពេញ​ ៖ បន្ទាប់ពី​បានធ្វើ​ការតាមដាន ព្យាករណ៍​លើ​ស្ថានភាព​អាកាសធាតុ និង​ស្ថានភាព​ទឹកជំនន់​ទន្លេមេគង្គ​រួចមក ក្រសួង​ធនធានទឹក និង​ឧតុនិយម សូម​ជម្រាបជូន​អំពី​ការ​ព្យាករ​កម្ពស់​ទឹកជំនន់ រដូវវស្សា​លើក​ទី ១ ប្រចាំឆ្នាំ ២០១៩។ ​នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​ចុះ​ថ្ងៃទី​២០​មិថុនា​នេះ។

ក្រសួង​បាន​ឲ្យ​ដឹង​ថា យោង​តាម​ការសង្កេត និង​ពិនិត្យ​ទៅលើ​បាតុភូតធម្មជាតិ ពិសេស​បាតុភូត​ដែល​មាន​ឈ្មោះថា EL NINO Monitoring Outlook ( ដែល​ជា​បាតុភូត​សំខាន់​ជាងគេ ក្នុង​ការកំណត់​លក្ខខណ្ឌ​អាកាសធាតុ ) រួចមក​ឃើញថា បាតុភូត អែល នី​ណូ (El Nino) ដែលមាន​ឥទ្ធិពល​ខ្លាំង​មកលើ​កម្ពុជា និង​តំបន់​អាង​ទន្លេមេគង្គ កាលពី​ក្នុង​រដូវប្រាំង​កន្លងមក​នោះ បាន​ចុះ​ថមថយ ឥទ្ធិពល​ជា​លំដាប់​នៅ​ដើមរដូវ​វស្សា​នេះ។ ទន្ទឹមនឹង​នោះដែរ ខ្យល់មូសុង​និរតី ប្រព័ន្ធ​សម្ពាធ​ទាប សម្ពាធ​ទាប​… ក៏បាន​នឹង​កំពុង​កើតឡើង និង​បង្កើន​ឥទ្ធិពល​ជា​បន្តបន្ទាប់។ ស្ថានភាព​បែបនេះ នឹងធ្វើ​ឲ្យ​ភ្លៀង​អាច​មាន​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន ទាំង​នៅក្នុង​អាង​ទន្លេមេគង្គ ទាំង​នៅក្នុង​ប្រទេស​កម្ពុជា។

ស្ថានភាព​ទឹកទន្លេ​មេគង្គ​លើ នៅ​ប្រទេស​ឡាវ និង​ប្រទេស​ថៃ ស្ថានភាព​ទឹកទន្លេ​មេគង្គ​លើ នៅ​ប្រទេស​ឡាវ និង​ប្រទេស​ថៃ មាន​ស្ថានភាព ៖- ចាប់ពី​ខែមករា ដល់​ខែឧសភា ឆ្នាំ ២០១៩ ទឹក​មាន​កម្ពស់ ខ្ពស់​ជាង​មធ្យមភាគ ច្រើន​ឆ្នាំ ១,០០ ម៉ែត្រ នៅ​ប៉ាក់​សេ និង ១,៥០ ត្រ នៅ​វៀង​ច័ន្ទ ប្រទេស​ឡាវ ។​- មកដល់​ដើមខែ​មិថុនា ឆ្នាំ ២០១៩ កម្ពស់​ទឹក បាន​ថយ​មក​នៅ​ប្រហាក់ប្រហែល​នឹង​មធ្យមភាគ​ច្រើន​ឆ្នាំ​វិញ។

ស្ថានភាព​ទឹកទន្លេ​មេគង្គ ទន្លេបាសាក់ និង​ទន្លេសាប ស្ថានភាព​ទឹកទន្លេ​មេគង្គ​ក្នុង​ឆ្នាំ ២០១៩ នេះ មាន​កម្រិត​ខ្ពស់​ជាង​មធ្យមភាគ​ច្រើន​ឆ្នាំ ក្នុង​នោះ​មាន – ទន្លេមេគង្គ​លើ រួមមាន​ខេត្តស្ទឹងត្រែង ក្រចេះ និង​ខេត្តកំពង់ចាម ពី​ខែមករា ដល់​ខែឧសភា ទឹក​មាន​កម្រិត​កម្ពស់ ខ្ពស់ជាង​មធ្យមភាគ​ច្រើន​ឆ្នាំ ពី 1,07 ត្រ ទៅ 2,16 ត្រ ។ មកដល់​ខែមិថុនា កម្ពស់​ទឹក​មាន​សភាព​ទាប​ជាង​មធ្យមភាគ​បន្តិច​វិញ – ទន្លេមេគង្គ​ក្រោម ទន្លេបាសាក់ និង​ទន្លេសាប ទឹក​មាន​កម្រិត​កម្ពស់​ប្រហាក់ប្រហែល​នឹង​មធ្យម​ភាគច្រើន​ឆ្នាំ ។ – ទឹក​ក្នុង​បឹង​ទន្លេសាប មាន​សភាព​ទាប​ជាង​មធ្យម​ភាគច្រើន​ឆ្នាំ។

ការ​ព្យាករណ៍​ទឹកជំនន់​លើក​ទី ១ ប្រចាំឆ្នាំ ២០១៩ យោង​លើ​ស្ថានភាព​ទឹកទន្លេ​មេគង្គ​នាពេល​បច្ចុប្បន្ន កត្តា​អាកាសធាតុ និង​ការវិភាគ លើ​ទំនាក់ទំនង​រវាង​កម្ពស់​ទឹក​អប្បបរមា និង​អតិបរមា ព្រមទាំង​ការវិភាគ​លើ​វដ្ត​ទឹក ការ​ព្យាករណ៍​លើក​ទី ១ បាន​បង្ហាញថា នៅ​ស្ថានីយ​ជល​សាស្ត្រ​បាសាក់​-​ចតុមុខ នា​ឆ្នាំ​២០១៩ នេះ ទឹក​អាច​នឹង​មាន​កម្ពស់ 9,30 ម៉ែត្រ ដែល​ចាត់ទុកជា​ប្រភេទ​ជំនន់​មធ្យម៕
​ឌួង​វិ​រះ​ជ័យ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114