ព័ត៍មានទាន់​ហេតុការណ៏
Search

ជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ​និង​ប្រើប្រាស់​ថ្នាំញៀន ត្រូវ​ប៉ូលិស​ក្រុង​បាន​លុង​ឃាត់ខ្លួន​

រតនគិរី ៖ កម្លាំង​អធិការ​នគរបាល​ក្រុង បាន​ឃាត់ខ្លួន​ជនសង្ស័យ​១​នាក​ពាក់ព័ន្ធ​ករណី​ជួញដូរ និង​រក្សាទុក​នូវ​សារ​ធាតុ​ញៀន​ដោយ​ខុសច្បាប់​។

ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ​ ធ្វើឡើង​នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី​រសៀល​ ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៩ កន្លងទៅ ត្រង់​ចំណុច​ដីឡូត៍​មួយ​កន្លែង ស្ថិតនៅ​ក្នុងភូមិ​ឡា​ប៉ូ សង្កាត់​យក្សឡោម ក្រុង​បាន​លុង​។

​សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ផល ផាត ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ​។ ក្រោយពី​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ធ្វើតេស្ត​ទឹកនោម​ផ្ទុក​សារធាតុ​ញៀន​វិជ្ជមាន​(+)​។

ក្នុង​នោះ​ដែរ សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​រួមមាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន​២​កូន​ថង់​តូច​ទម្ងន់ ២,០៦​ក្រាម​ទាំង​សំបក​ថង់​។ និង​សម្ភារៈ​សម្រាប់​សេព​ថ្នាំញៀន​មួយចំនួនទៀត​។

ក្រោយពី​ការ​ឃាត់ខ្លួន​និង​សាកសួរ​ចម្លើយ​ជនសង្ស័យ​ខាងលើនេះ ក៏បាន​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់​ទៀត ដោយមាន​ការ​សម្រប​សម្រួល​ពី​លោក លាង អ៊ូ ព្រះរាជ​អាជ្ញារង​អម​សាលាដំបូង​ខេត្ត ពាក់ព័ន្ធ​ករណី​សម្រួល​ឲ្យ​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​។

សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ លឹម សំលី​ត ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ឡាវ មាន​ទីលំនៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ​។ សមត្ថកិច្ច​បានធ្វើ​តេស្ត​ទឹកនោម​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​វិជ្ជមាន​(+)​។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់​ រួម​នឹង​វត្ថុ​តាង​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាន​លុង​កំពុង​កសាង​សំណុំរឿង​ ដើម្បី​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចាត់​ទៅតាម​នីតិ​វិធី​៕
វុ​ទ្ធ​ឦសាន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114