ព័ត៍មានទាន់​ហេតុការណ៏
Search

ស្ងាត់ៗ សមត្ថកិច្ច​នគរបាល​ខេត្ត​ប៉ៃលិន បង្ហាញមុខ​ក្រុមចោរ​លួច​កាច់​សោ​ម៉ូតូ​ចំនួន​៣​នាក់ ដើម្បី​ឲ្យ​មហាជន​បានឃើញ​ជា​សាធារណៈ

ប៉ៃលិន​ ៖ បន្ទាប់ពី​ប្រជាពលរដ្ឋ សម្តែង​ក្តី​ព្រួយបារម្ភ អំពី​បញ្ហា​ភូមិ​/​ឃុំ​មាន​សុវត្ថិភាព ដោយសារតែ​ក្រុមចោរ​ដើរ​រាតត្បាត​ពេញ​ភូមិ ដូចជា​គាស់​ផ្ទះ គាស់​តូប​យក​ទ្រព្យសម្បត្តិ ពិសេស​នៅពេល​ថ្មីៗ​កន្លងមកនេះ នៅ​ព្រឹក​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៩ សមត្ថកិច្ច​ព្រហ្ម​ទ​ណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន បាន​បង្ហាញ​មុខ​ចោរលួច​កាច់​សោរ​ម៉ូតូ​ឆ្លងខេត្ត យ៉ាងសកម្ម​ចំនួន​៣​នាក់ ដើម្បី​ឲ្យ​មហាជន​បានឃើញ​ជា​សាធារណៈ។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ីវ គឹម​សាន ស្នងការ​រង​នគរបាល​ខេត្ត​ប៉ៃលិន ទទួល​ផែន​ព្រហ្ម​ទ​ណ្ឌ មានប្រសាសន៍​ឲ្យ​ដឹង​ថា ក្រុម​ចោរ​ដែល​បង្ហាញមុខ​នា​ពេល​នេះ គឺ​ពួកគេ​បានធ្វើ​សកម្មភាព​លួច​កាច់​សោ​ម៉ូតូ តាំងពី​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៩ កន្លងទៅ ដែល​សមត្ថកិច្ច​ស្នងការ សហការ​ជា​នគរបាល​ប៉ុ​ស្តិ៍ ចុះ​បង្ក្រាប​បាន តាម​ពាក្យបណ្តឹង​របស់​ជន​រ​ង​គ្រោះ និង​ដោយមាន​ការ​ចង្អុលបង្ហាញ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សេង សុគន្ធ ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន​ផងដែរ ។ លោក​ស្នងការ​រង បាន​បន្ត​ថា ជនសង្ស័យ​ទី​១​ឈ្មោះ ប៉ន វ៉ាន់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​កសិករ មាន​ទីលំនៅ​ភូមិ​ពោធិ ឃុំ​ពោធិ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ,​ទី​២​ឈ្មោះ រី វុ​ទ្ធ ហៅ​ទិ​ត្យ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​អ្នក​រត់​តាក់ស៊ី រស់នៅ​ភូមិ​ត្រពាំង​ដង្ហិត ឃុំ​ដូន​កឹ​ន ស្រុក​កំចាយមារ ខេត្តព្រៃវែង និង​ទី​៣​ឈ្មោះ ណុប គង្គា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​កំពង់ចម្លង​លើ ឃុំ​តា​ក្រី ស្រុក​កំរៀង ខេត្តបាត់ដំបង ព្រមទាំង​ដកហូត​បាន​ម៉ូតូ​របស់​ជនរងគ្រោះ​ចំនួន​០៥​គ្រឿង ព្រមទាំង​រថយន្ត​មួយ​គ្រឿង ជា​របស់​ក្រុម​ជនសង្ស័យ ដែល​បាន​ប្រើ សម្រាប់​ប្រ​ព្រឹត្ត​បទល្មើស​ម៉ាក Lexus RX 300 ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2AJ-8177។

លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា ក្រុមចោរ​ទាំងនេះ មាន​សកម្មភាព​ច្រើន​ទីតាំង នៅ​ខេត្តបាត់ដំបង និង​ខេត្ត​ប៉ៃលិន ហើយ​ម៉ូតូ ដែល​ពួកគេ​(​ជនសង្ស័យ​)​លួច​ភាគ​ច្រើន​ជា​ម៉ូតូ​ស៊េរី​ថ្មី ផងដែរ។​ ក្រោយពី​ធ្វើការ​សាកសួរ​ក្រុម​ជនសង្ស័យ​ទាំងនោះ បាន​ឆ្លើយ​សារភាព​ថា ពួកគេ​ពិតជា​បាន​ប្រ​ព្រឹត្ត​បទ​លួច និង​កាច់​.ក​ម៉ូតូ ប្រាកដ​មែន ហើយ​ចំពោះ​ម៉ូតូ​ដែល​លួច​បាន​ពួកគេ បាន​យក​វា​ទៅ​កែច្នៃ​ឲ្យ​ខុសពី​សភាព​ដើម ដើម្បី​លក់​បន្ត។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ រៀបចំ​កសាង សំណុំរឿង បញ្ជូន ទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី ចំណែក ម៉ូតូ​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ជំនាញ ប្រគល់ ជូន​ម្ចាស់ ដើម​វិញ​ផងដែរ​។

សូម​បញ្ជាក់​ថា បើ​យោ​តាម​សេចក្តី​រាយ​ការ​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សេង សុគន្ធ ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន ជូន​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ សម្រាប់​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៩ ចាប់ពី​ម៉ោង​១៥​រសៀល ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ២០១៩ ដល់​ម៉ោង​០៦​ព្រឹក​ថ្ងៃទី​១៥ ខែមិថុនា បាន​បង្ហាញថា ករណី​ចោរ​កាច់ក​ម៉ូតូ ថ្ងៃទី​១៤ ខែមិថុនា សមត្ថកិច្ច​ឃាត់​ខ្លួន បាន​ជនសង្ស័យ​ចំនួន​៤​នាក់ ក្នុង​ស្ត្រី​២​នាក់ និង​បុរស​២​នាក់ ព្រមទាំង​រថយន្ត​រប​ស់​ជន​សង្ស័យ​មួយគ្រឿង​ផងដែរ ប៉ុន្តែ​នៅពេល​បង្ហាញមុខ​ជនសង្ស័យ បែរជា​ឃើញ​បុរស​សង្ស័យ​ចំនួន​០៣​នាក់​ទៅវិញ ឬមួយ​ស្ត្រី ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន មិន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ទាំងនោះ៕
សេង សុវណ្ណារិទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114