ព័ត៍មានទាន់​ហេតុការណ៏
Search

រទេះគោ​,​សត្វព្រៃ​និង​ដំណាំ​កសិកម្ម​របស់​ពលរដ្ឋ​នៅ​ក្រុង​សៀមរាប កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​គួរ​ឲ្យ​កត់សម្គាល់

សៀមរាប ៖ ភ្ញៀវ​ទេសចរណ៍​បរទេស​បាន​សម្រុក​នាំគ្នា​មក​តាម​ជនបទ ដើម្បី​ជិះរទេះ​គោ និង ដើរ​ទស្សនា​កម្សាន្ត​នូវ​ក​សិ​ទេសចរណ៍ របស់​ពលរដ្ឋ​នៅក្នុង​សង្កាត់​ជ្រាវ​និង​សង្កាត់​សៀមរាប​នៃ​ក្រុង​សៀមរាប​។ នេះ​ជា​ផ្នែក​មួយ​នៃ​ទេសចរណ៍ធម្មជាតិ​ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​លើកកម្ពស់​ផលិតផល​កសិកម្ម ជាពិសេស​ប្រជាកសិករ ហើយ​បាន​ផ្សារភ្ជាប់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ក្នុងការ​បង្កើន​ចំណូល​បន្ថែម ក្រៅពី​ប្រកបមុខរបរ​កសិកម្ម របស់​ពលរដ្ឋ​។

ការបង្កើត​ទេសចរណ៍​វិស័យ​នេះ​ បាន​ចូលរួម​នៅក្នុង​កំណើន​សេដ្ឋកិច្ចជាតិ​តាមរយៈ​ការបង្កើត​ឱកាស​ការងារ ការ​រក​ប្រាក់ចំណូល ការ​លើកកម្ពស់​ជីវភាព​រស់នៅ ការកាត់បន្ថយ​ភាពក្រីក្រ ការ​អភិរក្ស​បេតិកភណ្ឌ​ធម្មជាតិ វប្បធម៌ និង​ប្រ​វ​ត្ដិ​សាស្ដ្រ និង​ការចូលរួម​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​ពិភពលោក​ផងដែរ។

ស្ថាបនិក​ភូមិ​កសិ​ទេសចរ​ធម្មជាតិ​នៅ​សង្កាត់​ជ្រាវ​និង​សង្កាត់​សៀមរាប នៃ​ក្រុង​សៀមរាប និង​ជា​អ្នក​រៀបចំ​ពលរដ្ឋ​ក្នុង​សង្កាត់​ជ្រាវ​ទាំងអស់​ឲ្យ​យកចិត្តទុកដាក់​លើ​វិស័យ​ដឹកជញ្ជូន​តាម​រទេះ​គោ គឺ លោក គ្រួច លី បាន​ឲ្យ​ដឹងថា រទេះគោ​ខ្មែរ​នាបច្ចុប្បន្ន​នេះ​កំពុង​ទទួល​បាន​ការចាប់​អារម្មណ៍​ជា​ខ្លាំង​ពី​សំណាក់​ភ្ញៀវទេសចរ​បរទេស​សម្រាប់​ជិះ​ទស្សនា​ទិដ្ឋភាព​ទេសចរ​បៃតង​ដែល​ជា​ប្រភេទ​ដំណាំ​ដាំ​ដុះ​ដោយ​មិន​ប្រើ​ជាតិគីមី ដែល​មាន​នៅក្នុង​ភូមិ និង​នៅ​តំបន់​ព្រៃ​លិច​ទឹក​មួយចំនួន​ជាពិសេស​ការកម្សាន្ត​ដោយសារ ជិះរទេះ​គោ​នេះ​មិន​ត្រឹម​ធ្វើ​ឲ្យ​ពួកគាត់​មាន​អារម្មណ៍​ភ្លឺ​ថ្លា ប៉ុណ្ណោះ​នោះទេ គឺ​ធ្វើ​ឲ្យ​ពួកគាត់​បាន​ស្គាល់​ពី​វប្បធម៌ អរិយធម៌ និង​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​នៅក្នុង​តំបន់​ជនបទ​នេះ​ដែលមាន​តាំងពី​បុរាណ​មក​ម្ល៉េះ។

លោក​បន្ត​ថា សេវាកម្ម​ដោយ​ការប្រើ​រទេះគោ​នេះ គឺជា​ផ្នែក​មួយ​ដែល​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ពលរដ្ឋ​កាត់បន្ថយ​ការ​ធ្វើ​ចំណាកស្រុក គឺ​ធ្វើ​ឲ្យ​ពួកគាត់​មាន​ជីវភាព​គ្រួសារ​ធូរធារ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​វា​ថែមទាំង​បាន​ជួយ​ដល់​ការអភិរក្ស​នូវ​រទេះ​គោខ្មែរ​សម្រាប់​យុវជន​ជំនាន់​ក្រោយ​បាន​ស្គាល់ និង​យល់ដឹង​ពី​វប្បធម៌​ដូនតា​របស់​ខ្មែរ​យើង​ពី​ជំនាន់​មុន​ផងដែរ ដូច្នេះ​តាមរយៈ​នេះ​លោក​សូម​អំពាវ​នា​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​រួមមាន​ក្រសួង​ទេសចរ​ក្រសួង​វប្បធម៌​ជួយ​ដឹកនាំ​ភ្ញៀវ និង​ជួយ​អភិរក្ស​រទេះគោ​ខ្មែរ​នេះ​ឲ្យ​បាន​គង់វង្ស​ជា​យូរអង្វែង​ផងដែរ។​ ចំពោះ​វិស័យ​អេកូ​ទេសចរ​ត្រូវ​បាន​រដ្ឋាភិបាល​ចាត់ទុកជា​ឧបករណ៍​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​កាត់បន្ថយ​ភាពក្រីក្រ​នៅតាម​ជនបទ តាមរយៈ​ការពង្រីក​សកម្មភាព​ទេសចរណ៍​ទៅកាន់​តំបន់​ដាច់ស្រយាល ដើម្បី​បង្កើត​ការងារ​នៅនឹងកន្លែង​ចូលរួម​កាត់បន្ថយ​ការ​ចំណាកស្រុក​ពី​ជនបទ​ទៅ​ទីក្រុង ឬ​ទៅ​ក្រៅប្រទេស និង​ធានា​ឲ្យ​បាន​នូវ​កំណើន​ប្រកបដោយ​សមធម៌ ផ្ទុយទៅវិញ។

ការចូលរួម​គាំទ្រ​ពី​សហគមន៍​ជាពិសេស គឺ​ប្រជាជន​ក្នុង​សហគមន៍​តែម្តង​ក្នុង​ការ​ជួយ​សម្រេច​ឲ្យ​បាន​នូវ​ការ​អភិវឌ្ឍ​អេកូ​ទេសចរ ហើយ​ការអភិវឌ្ឍ​អេកូ​ទេសចរ​នេះ​ត្រូវតែ​បម្រើ​ផលប្រយោជន៍​សហគមន៍​ជាមួយនឹង​ការបង្កើត​ប្រាក់ចំណូល​ដោយ​ផ្ទាល់ និង​មិនផ្ទាល់​ទៅកាន់​សហគមន៍​ដូចជា ការផ្តល់​ការងារ កាត់បន្ថយ​ចំណាកស្រុក គឺ​បានន័យថា អភិវឌ្ឍន៍​នៅនឹងកន្លែង ដើម្បី​គាំទ្រ​ដល់​សហគមន៍ ហើយ​អត្ថប្រយោជន៍​នៃ​វិស័យ​ទេសចរ​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមកិច្ច​ព្រោះ វិស័យនេះ​ចូលរួមចំណែក​យ៉ាង​សំខាន់​ក្នុងការ​អភិរក្ស​សម្បត្តិ​វប្បធម៌ ការការពារ​បរិស្ថាន និង​ធនធានធម្មជាតិ​របស់​ខ្មែរ​ឲ្យ​បាន​គង់វង្ស​ផងដែរ៕
កុសល



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114