ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាករ Duvan Zapata ជួយ​ឲ្យ​ក្រុម​ជម្រើសជាតិ​កូ​ឡុំ​ប៊ី​បំបាក់​ក្រុម​ជម្រើសជាតិ​កាតា​១-០​នៅ Copa America

គ្រាប់​បាល់​ចុងក្រោយ​របស់​កីឡាករ Duvan Zapata ដែល​ជា​គ្រាប់​បាល់​ទី​២​នៅ​ការប្រកួត​ទី​២ បាន​ជួយ​ឲ្យ​ក្រុម​ជម្រើសជាតិ​កូ​ឡុំ​ប៊ី ឈ្នះ​ក្រុម​ជម្រើសជាតិ​កាតា​១-០ កាលពី​ថ្ងៃ​ពុធ ហើយ​និង​ធានាបាន​កៅអី​លេង​របស់​ពួកគេ​នៅ​វគ្គ​១​ភាគ​៤​ផ្តាច់ព្រ័ត្រ Copa America ។

កីឡាករ Zapata សម្រេចបាន​គ្រាប់​បាល់​របស់គាត់​នៅ​៥​នាទីចុងក្រោយ ពី​ការ​បញ្ជូន​បាល់​របស់​កីឡាករ James Rodriguez ដើម្បី​បំបែក​ភាពទាល់ច្រក​នៅក្នុង​ពហុ​កីឡដ្ឋាន Morumbi។

លទ្ធផល​នេះ មានន័យថា ក្រុម​ជម្រើសជាតិ​កូ​ឡុំ​ប៊ី ដែល​បាន​បំបាក់​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​២-០ នៅ​ការប្រកួត​បើកឆាក​របស់​ពួកគេ​នោះ បច្ចុប្បន្ន​មាន​៦​ពិន្ទុ ហើយ​និង​ឈរ​នៅលើ​កំពូល​តារាង​ពូ​ល B​ក្នុងនោះ​ក្រុម​អា​ហ្ស​ង់​ទីន បាន​ត្រឹម​សម្រេចបាន​លទ្ធផល​ស្មើ​១-១​ប៉ុណ្ណោះ​ជាមួយ​ក្រុម​ជម្រើសជាតិ​ប៉ា​រ៉ា​ហ្គា​យ​។

ដោយឡែក ក្រុម​ជម្រើសជាតិ​កាតា រកបាន​១​ពិន្ទុ​ប៉ុណ្ណោះ ក្រោយ​ស្មើ​២-២​ជាមួយ​ក្រុម​ប៉ា​រ៉ា​ហ្គា​យ​កាលពី​ថ្ងៃអាទិត្យ ប៉ុន្តែ​ពួកគេ​នៅមាន​ឱកាស​ឡើង​នៅ​វគ្គ​៨​ក្រុម​បន្ទាប់​នៅឡើយ​ទេ​។

ក្រុម​ជម្រើសជាតិ​កូ​ឡុំ​ប៊ី​លេង​បានល្អ​ជាង​នៅក្នុង​តង់​ទី​១ ក្នុង​នោះ​គ្រាប់​បាល់​របស់​កីឡាករ Roger Martinez មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​នោះ​ទេ ដោយសារតែ​បាល់​អក​ហ្ស៊ើ ក្រោយ​លេង​បាន​៥​នាទី ហើយ​កីឡាករ Rodriguez បានធ្វើ​ឲ្យ​ការ​តែ​តបាល់​របស់គាត់​ផិត​ទី​បន្តិច​ប៉ុណ្ណោះ នៅ​៨​នាទី​បន្ទាប់​។

ក្រុម​ជម្រើសជាតិ​កាតា ដែលជា​ក្រុម​ជើងឯក​បាល់ទាត់​អាស៊ី និង​ស្ថិតនៅ​ក្នុងចំណោម​ក្រុម​ភ្ញៀវ​ចំនួន​២ ដែល​ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​ចូលរួម​ការប្រកួត​មួយ​នេះនោះ ហាក់ដូចជា​លេង​បានល្អ​ឡើងវិញ​នៅ​តង់​ទី​២ ប៉ុន្តែ​ពេលដែល​ការប្រកួត​ទំនងជា​បញ្ចប់​ទៅក្នុង​លទ្ធផល​ស្មើហើយ​នោះ ស្រាប់តែ​កីឡាករ Zapata ជួយ​ឲ្យ​ក្រុម​ជម្រើសជាតិ​កូ​ឡុំ​ប៊ី​រកបាន​៣​ពិន្ទុ​បែបនេះ​ទៅវិញ​៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114