ព័ត៍មានទាន់​ហេតុការណ៏
Search

​ផែនការ​ថ្មី​សម្រាប់ Tokyo Olympics 2020 របស់ IOC​នឹង​លើកកម្ពស់​ច្រើន​ដល់​កីឡាការិនី​ប្រដាល់​

​កាលពី​ថ្ងៃ​ពុធ​កន្លងទៅ គណៈកម្មាធិការ​កីឡា​អូឡាំពិក​អន្តរជាតិ​(IOC) បាន​បញ្ចេញ​នូវ​ផែនការ​ថ្មី​របស់ខ្លួន​សម្រាប់​ឲ្យ​មានការ​ប្រកួត​លើ​វិញ្ញាសា​ប្រដាល់​នៅ​ព្រឹ​ត្តិ​ការណ៍ Tokyo Olympics 2020 ដែល​ពួកគេ​នឹង​រៀបចំ​សម្រាប់​គណៈ​គ្រប់គ្រង​កីឡាប្រដាល​ក់​មិនទាន់​អាជីព AIBA ។

គួរ​ឲ្យ​ដឹងថា IOC​បាន​ដកសិទ្ធិ​របស់ AIBA ពី​ការចូលរួម​ការប្រកួត Games​នៅ​ឆ្នាំក្រោយ កាលពី​ខែឧសភា​កន្លងទៅ ក្រោយ​ការស៊ើបអង្កេត​ចំពោះ​ការគ្រប់គ្រង​ខុស​ធ្ងន់ធ្ងរ​លើ​ក្រុម​អាជ្ញាធរ​គ្រប់គ្រង​វិស័យ​កីឡាប្រដាល់​ដែល​ញាំញី​ដោយ​វិបត្តិ​មួយ​នេះ​។

ទោះបីជា​យ៉ាងណាក៏ដោយ គម្រោងការ​ថ្មី​របស់ IOC​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជាការ​លើកកម្ពស់​ដ៏​សំខាន់​មួយ​សម្រាប់​កីឡាការិនី​ប្រដាល់​រហូតដល់​១០០​នាក់ ក្នុងចំណោម​២៨៦​នាក់ ពោលគឺ​ច្រើនជាង​៣​ដង​នៃ​ចំនួន​កីឡាការិនី​៣៦​នាក់ ដែល​បាន​ចូលរួម​ប្រកួត​នៅ​ព្រឹ​ត្ត​ការណ៍ Rio Olympics 2016​។

សូម​បញ្ជាក់​ថា ព្រឹ​ត្តិ​ការណ៍ Tokyo Games នឹងមាន​វិញ្ញាសា​ប្រដាល់​ផ្នែក​បុរស​៨​ប្រភេទ និង​ផ្នែក​នារី​៥​ប្រភេទ ដែល​កាលពីមុន​មាន​ត្រឹម​៣​ប្រភេទ​ប៉ុណ្ណោះ​។

ផែនការ​ថ្មី​នេះ គ្រោង​នឹង​ធ្វើ​ផ្តល់​សច្ចាប័ន​ដោយ IOC​នៅក្នុង​សប្តាហ៍​នេះ​។ ដោយឡែក វគ្គ​ជម្រុះ​រវាង​ទ្វីប​ទាំង​៤ រួមមាន​អាហ្វ្រិក អឺរ៉ុប អាស៊ី​/​អូ​សេ​អា​នី និង​អាមេរិក នឹង​រៀបចំឡើង​នៅ​ចន្លោះ​ខែមករា និង​ខែឧសភា ក្នុងនោះ​អ្នក​ដែល​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ការប្រកួត​ដណ្តើម​ជើងឯក​ពិភពលោក នឹង​ទទួលបាន​សំបុត្រ​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​តូ​ក្យូ។

តែ​ផ្ទុយទៅវិញ ការប្រកួត​ដណ្តើម​ជើងឯក​ពិភពលោក​នាពេលខាងមុខ​ដែល​គ្រប់គ្រង​ដោយ AIBA​នៅក្នុង​ប្រទេស រុស្ស៊ី នា​ខែកញ្ញា និង​ខែតុលា នឹងមិន​ទទួល​បាន​កន្លែង​ប្រកួត​នៅ​កីឡា​អូឡាំពិក​នោះទេ​៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114