ព័ត៍មានទាន់​ហេតុការណ៏
Search

ភរិយា​ក្រោយ​លោក ថៃ នរៈ​សត្យា ទទួល​ស្គាល់​រឿង​សហាយ​ដែល​ម្ដាយ ថៃ នរៈ​វិទូ បើក​កកាយ​ខណៈ​លោក ថៃ នរៈ​សត្យា ត្រូវ​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​បញ្ចប់​មុខតំណែង

ភ្នំពេញ ​៖​ នៅ​ពេល​អ្នកស្រី ងិន ម៉ា​នី​យ៉ា ទើប​តែ​បង្ហោះ​បើក​កកាយ​ជុំវិញ​លោក ថៃ នរៈ​សត្យា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ សហាយស្មន់​មុន​លែងលះ ​ឡើង​ផ្អើល​ហ្វេ​ស​ប៊ុ​ក​សោះ ស្រាប់តែ​ភរិយា​ក្រោយ​របស់​លោក​ចេញ​មុខ​ទទួលស្គាល់​ការពិត។ រឿងរ៉ាវ​របស់​អ្នក​ទាំង​៣ កំពុង​ក្លាយ​ជា​ប្រធានបទ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ពោល​គឺ​តាំងពី​លោក ថៃ នរៈ​សត្យា បង្ហាញ​មុខ​ភរិយា​ថ្មី ដែល​ត្រូវ​គេ​ស្គាល់​ថា ជា​ប្អូនជីដូនមួយ​បង្កើត​របស់​ម្ដាយ​លោក ថៃ នរៈ​វិទូ ​នោះ។

កាលពី​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០១៩ ក្នុង​ថ្ងៃកំណើត​របស់​តារា​សម្ដែង កញ្ញា ថៃ នារី​សុជាតា អ្នកស្រី ងិន ម៉ា​នី​យ៉ា អតីត​ភរិយា បាន​បង្ហោះ​សារ​ថា កាលពី​២៤​ឆ្នាំមុន នៅ​ពេល​ថ្មើរ​នេះ​ម៉ាក់​បានប្រសូត​កូនស្រី​លោក​ថៃ នរៈ​សត្យា ម្នាក់​(​ថៃ នារី​សុជាតា​)​ដែល​ស្អាត​គួរ​ជាទី​ស្រឡាញ់​របស់​គ្រួសារ ​បង​ប្រុស​កូន​ទាំងពីរ​នាក់​សើច​ញញឹម​ប្រលែង​នឹង​កូន​មិន​ទៅ​ណា​ឆ្ងាយ​ពី​អូន​ឡើយ ព្រោះ​ខ្លាច​មាន​គេ​មក​ដណ្ដើមយក​កូន​ទៅ ព្រោះ​តែមាន​ចាស់ៗ​ជន្លលេង​ថា​យក​ប្អូន​ហើយ​យកៗ ហេតុនេះ​ទើប​បងប្រុស​កូន​ទាំងពីរ​មិន​ទៅណា​ឆ្ងាយ​ពី​កូន​ទេ​គឺ​នៅ​យាម​អង្រឹង​កូន​ម្ខាង​ម្នាក់​។​

​អតីត​ភរិយា​លោក​ថៃ នរៈ​សត្យា បាន​បន្តថា ​ម៉ាក់​សប្បាយចិត្ត​ខ្លាំងណាស់ ​ទោះបី​ម៉ាក់​ស្ថិតនៅក្នុង​ភាព​ល្វើយ​ខ្សោយ​អស់កម្លាំង​យ៉ាងណាក៏ដោយ​ ក៏មាន​កម្លាំងចិត្ត និងមាន​សុភមង្គល​បំផុត​ព្រោះតែ​មានកូន​ប្ដី​នៅ​ជុំគ្នា​ ពេលនោះ​ប៉ា​របស់​កូនៗ​ល្អ​ខ្លាំងណាស់​គឺជា​ឪពុក​ម្នាក់​ដែល​ស្រលាញ់​ប្រពន្ធ​ស្រឡាញ់​កូន​ ស្រឡាញ់​ក្រុមគ្រួសារ​គួរ​ជាទី​ឱ្យ​គោរព​ជាទីបំផុត។ ប៉ុន្តែ​បន្ទាប់ពី​កូន​ធំ​បន្តិច​មក​ម៉ាក់​ក៏បាន​ទៅ​ជួប​គ្រួសារ​ម្ដាយមីង​បង្កើត​គឺ​ប្អូន​របស់​ម្ដាយ​ម៉ាក់​បង្កើត​រស់នៅ​ឯ​កំ​ពង់​ឆ្នាំង​..​ដោយសារ​ម៉ាក់យាយ​កូន​គាត់​ទាមទារ​រក​ប្អូន​នឹក​ប្អូន​គាត់​ខ្លាំងពេក​ម៉ាក់​ក៏​តាម​ដើរ​ស្វែងរក​រហូត​ទើប​ជួប​គ្រួសារ​មួយ​នោះ​ហើយក៏​នាំយក​ចូល​ផ្ទះ​។ ​ទីបំផុត​កូន​ដឹង​ហើយ​ដូច​សព្វថ្ងៃនេះ ស្រី​ម្នាក់​នោះ​សាហាវ​ខ្លាំង​បំផុត គឺ​គេ​មិនបាន​គិតពី​ក្រុមគ្រួសារ​យើង​ទេ វា​នៅ​ក្មេង​សោះ ​ហើយ​មាន​ប្ដី​ទៀត​បែរជា​លួច​សហាយស្មន់​នឹងគ្នា​នៅលើផ្ទះ​ម៉ាក់​..​ទីបំផុត​អ្វីៗ​ដូច​សព្វថ្ងៃនេះ​។​

​ជាមួយនឹង​ការ​បង្ហោះ​នេះ ធ្វើអោយ​ពាក្យ​សរសើរ​ចំពោះ​លោក ថៃ នរៈ​សត្យា និង ភរិយា​ក្រោយ ប្រែក្លាយជា​ការរិះគន់​កក្រើក​ហ្វេ​ស​ប៊ុ​ក ខណៈដែល​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​មិនតិច​នោះទេ រំលេច​សំណេរ​ថា បើទោះជា​អស់​និស្ស័យ​នឹង​ភរិយា ក៏​លោក ថៃ នរៈ​សត្យា មិន​គួរ​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​ប្អូនជីដូនមួយ​របស់​ប្រពន្ធ​តាំងពី​នៅ​ល្អូកល្អិន​បែបនេះ​នោះដែរ​។

​អ្នកលេង​ហ្វេ​ស​ ប៊ុកបាន​ទាំង​រិះគន់​ថ្នាក់ដឹកនាំ​របស់​ក្រសួង​វប្ប​ធ​ម៌​រូបនេះ ធ្វើ​មិន​ដូច​ទ្រឹស្ដី ដែល​តែង​ទាមទារ​អោយ​តារា​សិល្បៈ​គោរព​ភាព​ថ្លៃថ្នូរ និង​កុំ​ធ្វើ​អោយ​ប៉ះពាល់​តម្លៃ​សីលធម៌​សង្គម​នា​ពេល​កន្លងមក​នោះ​ផង។ យ៉ាងណា​ក៏ដោយ គេ​មិនទាន់​ជឿ​ថា ការ​បង្ហោះ​បើក​កកាយ​របស់​អ្នកស្រី ងិន ម៉ា​នី​យ៉ា គឺជា​ការពិត​ទាំងស្រុង​ទេ ដោយ​ទើបតែ​ភរិយា​ក្រោយ​របស់​លោក ថៃ នរៈ​សត្យា បង្ហោះ​ទទួលស្គាល់​មុន​នេះ​ប៉ុណ្ណោះ ទើប​ម្នាក់ៗ​ស្រឡាំងកាំង។

អ្នកនាង ទេព សុធី​តា ភរិយា​ក្រោយ​លោក ថៃ នរៈ​សត្យា ដែល​ប្រើ​ហ្វេ​សប៊ុក​ឈ្មោះ Tep Sreythea បាន​សរសេរ​បង្ហោះ​ថា​”​ខ្ញុំ​ថែរក្សា​បង ខ្ញុំ​នៅ​កំសត់​ជាមួយ​បង​អស់​រយៈពេល 12 ឆ្នាំ​ហើយ ​ ខ្ញុំ​មិនដែល​ចង់បាន​ឋានៈ​អ្វី​នោះ​ទេ ខ្ញុំ​សុំ​ត្រឹម​ជា​ភរិយា​ដ៏​ល្អ និង​ការរស់នៅ​ដ៏​សាមញ្ញ​មួយ​ដូច​គេ​ដូច​ឯង ទោះបី​បង​ជួប​ព្យុះភ្លៀង​យ៉ាងណាក៏ដោយ​ក៏​ខ្ញុំ​សូម​សន្យា​ថា​ នឹង​មើល​ថែ​បង​លុះ​អវសាន្ត​..​។​ ជូនពរ​បង​មាន​សុខភាព​ល្អ អាយុ​យឺនយូរ​ដើម្បី​ជា​ម្លប់​ដ៏​កក់ក្តៅ​នៃ​ខ្ញុំ និង​កូនចៅរ​បស់បង ដែល​គោរព​ស្រឡាញ់​បង គ្មាន​រង្កៀស​ឡើយ​…..”​។ សារ​វែង​អន្លាយ​របស់​អ្នកនាង បង្ក​អោយ​ផ្ទុះ​ការចាប់អារម្មណ៍​ភ្លាមៗ ដោយសារតែ អ្នកស្រី ងិន ម៉ា​នី​យ៉ា និង លោក ថៃ នរៈ​សត្យា ត្រូវគេ​ដឹង​ ជា​សាធារណៈ​ថា បាន​លែងលះគ្នា​ផ្លូវការ​កាលពី​ឆ្នាំ​២០១០ ដែល​គិត​មកដល់ពេលនេះ គឺ​តែ​៩​ឆ្នាំ ប៉ុន្តែ​អ្នកនាង ទេព សុធី​តា បាន​សារភាព​ថា មាន​ទំនាក់ទំនង​ជាមួយ​អតីត​បងថ្លៃ​របស់​ខ្លួន រហូតដល់​១២​ឆ្នាំ​ហើយ។

តាមរយៈ​សារ​របស់​អ្នកនាង ទេព សុធី​តា ហាក់ជា​ការ​ទទួលស្គាល់​ចំពោះ​ការបើក​កកាយ​របស់​អ្នកស្រី ងិន ម៉ា​នី​យ៉ា ដែល​អះអាង​ថា អ្នកនាង និង លោក ថៃ នរៈ​សត្យា បាន​ទាក់ទង​គ្នា​តាំង​ពីមុន​ដំណឹង​លែងលះ កើតឡើង​។ ចំណែក​ហ្វេ​ស​ប៊ុ​ក​របស់លោក ថៃ នរៈ​សត្យា ឯណោះ​វិញ ក៏​ទើប​បង្ហោះ​បរិហារកេរ្តិ៍ អ្នកស្រី ងិន ម៉ា​នី​យ៉ា ពី​ករណី​ផិតក្បត់ និង​បំផ្លាញ​ទ្រព្យ ហើយ​អ្នកស្រី ងិន ម៉ា​នី​យ៉ា បាន​បង្ហោះ​តប​វិញ​នោះ​ថា នោះ​ជាការ​បំផ្លើស​ពី​ខ្លួន​ដើម្បី​ការពារ​ភរិយា​ក្រោយ និង​ប្រកាស​ជួប លោក ថៃ នរៈ​សត្យា នៅ​តុលាការ ដែល​កាន់តែ​ធ្វើ​អោយ​ជម្លោះ​នេះ​កក្រើក​មហាជន​។​

​ស្របពេល​ផ្ទះ​រឿងរ៉ាវ​ដ៏​រសើប​នេះដែរ​ស្រាប់តែ​ធ្លាយ​ដំណឹង​ក្តៅៗ​មក​ថា​ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់ បញ្ចប់​មុខតំណែង លោក ថៃ នរៈ​សត្យា ពី​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ជា​ផ្លូវការ​ហើយ​៕​

ដោយ ៖ ចាន់ ដា​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114