ព័ត៍មានទាន់​ហេតុការណ៏
Search

តេ​ជោ​សែន រំលឹក​អតីតកាល​ឈឺចាប់​ដែល​បាន​យក​ជីវិត​ធ្វើ​ដើមទុន​តស៊ូ​ដើម្បី រំដោះ​ប្រជាជន​កម្ពុជា

ភ្នំពេញ ​៖​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ថ្ងែ​ទី​២០ ខែ មិថុនា​នេះ​ បាន​បង្ហោះ​នូវ​សារ​ខ្លី​រំលឹក​ពី​អតីតកាល​ដ៏​សែន​ឈឺចាប់​ដែល​សម្តេច​បាន​យក​ជីវិត​ធ្វើ​ដើមទុន​ដើម្បី​តស៊ូ​រំដោះប្រជាជន​កម្ពុជា​ចេញពី​របប​ប្រល័យពូជសាសន៍​ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០១៩)​។​

​ ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បង្ហោះ​សារ​នៅក្នុង​ហ្វេ​សបុ​៊​ក​ផ្ទាល់​ថា​៖ ថ្ងៃ​២០​មិថុនា ២០១៩ នេះ​ជា​ខួប​លើក​ទី ៤២ ឆ្នាំ​នៃ​ថ្ងៃ​ដែល​ខ្ញុំ​សម្រេចចិត្ត​ដោយ​ការឈឺ​ចាប់យក​ជីវិត​ធ្វើ​ដើមទុន​ដើម្បី​តស៊ូ​រំដោះប្រជាជន​កម្ពុជា​ចេញពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០១៩)​។​

​ ​ទោះបី​ពេលនេះ​ខ្លួន​ខ្ញុំ​និង​ប្រជាជន​កម្ពុជា កំពុង​ទទួលបាន​នូវ​សេចក្តីសុខ តែ​ខ្ញុំ​មិនដែល​ភ្លេច​នូវ​ទឹកភ្នែក​រាប់ម៉ឺន​រាប់សែន​ដំណក់ នៅពេលដែល​ខ្ញុំ​ឈាន​ជើង​ចេញពី​មាតុភូមិ​ចោល​ប្រជាជន​កម្ពុជា​ដែល​កំពុង​រងគ្រោះ ពិសេស​ចាកចេញ​ចោល​ភរិយា​ដ៏​កំសត់ ដែល​កំពុងមាន​ផ្ទៃពោះ​។ ខ្ញុំ​អត់​មាន​ជម្រើស​អោយ​ល្អ​ជាង​នេះ​ទេ​ព្រោះ​យើង​មិនអាច​សុំ​ការ​អាណិត​ពី​ពួក ប៉ុល ពត បានឡើយ​។ ជម្រើស​ប្រកបដោយ​គ្រោះថ្នាក់​និង​ទឹកភ្នែក​នោះ​ហើយ​ដែល​នាំមក​នូវ​សេចក្តីសុខ​និង​ការរីកចម្រើន​រហូតដល់​សព្វថ្ងៃនេះ​។​

​ ​ដើម្បី​រំលឹក​ដល់​ការឈឺចាប់​នាពេលនោះ​ខ្ញុំ​បានរៀបចំ​ចម្រៀង​មួយ​បទ​មាន​ចំណងជើង​ថា (​សំបុត្រ​ដែល​ពិបាក​សរសេរ​បំផុត​) ទុក​សម្រាប់​ការ​ស្តាប់​និង​ស្វែងយល់​របស់​បងប្អូន​ជនរួមជាតិ​។​

​ ​ក្នុងអំឡុង​ចុង​ទស្សវត្សរ៍​ឆ្នាំ​១៩៧០ ប្រជាជន​កម្ពុជា​ទូទាំងប្រទេស​កំពុង​រង់​ចាំ​នូវ​ចលនា​ដឹកនាំ​ខ្លាំងក្លា​មួយ​ដ៏​ជាក់លាក់​ដើម្បី​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត​។ បើ​គ្មាន​ក្បាលម៉ាស៊ីន​ដឹកនាំ និង​គ្មាន​កម្លាំងប្រដាប់អាវុធ​ពិតប្រាកដ​ទេ​ចលនា​តស៊ូ​នានា​នឹងត្រូវ​ពួក​ប្រល័យពូជសាសន៍​កម្ទេច​ទាំងអស់​ដោយ​គ្មាន​ត្រា​ប្រណី​។​

​ ​នៅ​ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ​១៩៧៧ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដឹកនាំ​យុទ្ធ​មិត្ត​៤ រូប​ទៀត​ភៀសខ្លួន​ទាំង​គ្រោះថ្នាក់​ចាកចេញ​ពី​ទឹកដី​កម្ពុជា​នៅ​ទីតាំង​កោះ​ថ្ម ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ ខេត្តកំពង់ចាម ( សព្វថ្ងៃ ខេត្ត​ត្បូងឃ្មុំ )​ឆ្ពោះទៅកាន់​ទឹកដី វៀតណាម ដើម្បី​រៀបចំ​ចលនា​តស៊ូ​វាយ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត រហូតដល់​ទទួលបាន​ជ័យជម្នះ​ទាំងស្រុង​នៅ​ថ្ងៃទី​០៧ ខែមករា ឆ្នាំ ១៩៧៩​។

​ ​ចំណុច​ទី ១ ៖ ទីតាំង​កោះ​ថ្ម ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ នៃ​បញ្ជាការដ្ឋាន​វរ​សេនា​ធំ តំបន់ ២១ វេលា​ម៉ោង ២១:០០ នាទី ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ១៩៧៧ ចំ ថ្ងៃ ចន្ទ ៥ កើត ខែ អាសាឍ ឆ្នាំម្សាញ់ នព​ស័ក ព​.​ស ២៥២១ សម​មិត្ត ហ៊ុន សែន និង​កម្មាភិបាល​ដ៏​ទុកចិត្ត​បួន​នាក់ គឺ នុ​ច ថន​, ញឹក ហួន​, ស៊ូ គីម ស្រ៊ាង (​ហៅ​សាញ់​) និង វ៉ា ប៉ោ​អ៊ា​ន ចាប់ផ្តើម​ដំណើរ​ភៀសខ្លួន​ទៅ​វៀតណាម ដើម្បី​ស្វែងរក​ការជួយ ឧបត្ថម្ភ​ក្នុងការ​រំដោះជាតិ​ចេញពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត​។​

​ ​ដោយសារ​ប្រទេស​ទាំងពីរ​ស្ថិតក្នុង​ស្ថានភាព​មាន​ជម្លោះ​ប្រដាប់អាវុធ​ជាមួយគ្នា វៀតណាម​លំបាក​បែងចែក​រវាង​ជនភៀសខ្លួន និង​ទាហាន​ខ្មែរក្រហម​ដែលមាន​បំណង​ចូលទៅ​វាយឆ្មក់​។ ដោយបាន​គិតដល់​បញ្ហា​នេះ​ជាមុន​សម​មិត្ត ហ៊ុន សែន បានសម្រេច​ចិត្ត​យកតែ​មនុស្ស​បួន​នាក់​ទេ​ទៅជា​មួយ ព្រោះ​ក្រុម​ធំ​មួយ​នឹង​បង្ក​ការយល់ច្រឡំ​ថា​ជា​ក្រុម​វាយឆ្មក់​របស់ ប៉ុល ពត អាច​បណ្តាលអោយ​ការវាយប្រហារ​ពី​វៀតណាម​។​

​ ​ធម្មជាតិ​ក៏បាន​ចូលរួមចំណែក​ក្នុងការ​ធ្វើដំណើរ ដោយ​ចន្លោះ​វេលា​ម៉ោង ២២:០០ នាទី ដល់​វេលា​ម៉ោង ០១:០០ នាទី រំលងអធ្រាត្រ មាន​ភ្លៀង​ផ្លេកបន្ទោរ និង​ផ្គរលាន់ ម្យ៉ាង​ត្រូវការ​ពុះពារ​ទ្រាំទ្រ​នឹង​អាកាសធាតុ​ដ៏​លំបាក ប៉ុន្តែ​ម្យ៉ាងទៀត​ក៏​អាចធ្វើ​អោយមាន​សុវត្ថិភាព​ការពារ​ខ្លួន​ក្នុងពេល​ធ្វើដំណើរ​នេះ​។​

​ ​ទីតាំង​ដែល​សម​មិត្ត ហ៊ុន សែន និង​ក្រុម​ឆ្លងកាត់​ពី​ខាង​កម្ពុជា​គឺ​នៅត្រង់​ពាំង​ខ្ត័​រ​និង​អាង​ដាច់ ដែលមាន​ដើម​ទ្រយឹង​ធំ​ស្កឹមស្កៃ​នៅក្បែរនោះ​។ នៅ​ទល់​ខាងមុខ​គឺជា​ស្រុក​ទុក​និ​ញ ក្នុង​ខេត្ត​សុង​ប៊ែ​រ របស់​វៀតណាម​។ មុនពេល​ឈាន​ជើង​ចូលក្នុង​ទឹកដី​វៀតណាម សម​មិត្ត ហ៊ុន សែន បាន​បែរ​មុខមក​ខាង​ទឹកដី​កម្ពុជា​ទាំង​ទឹកភ្នែក ដោយនិយាយ​ក្នុង​ចិត្ត​ថា​អាយុ ១៣ ឆ្នាំ បែក​ពី​ស្រុកកំណើត ដោយ​អត់​សាលារៀន អាយុ​២៥​ឆ្នាំ​បែក​ពី​ប្រទេស​ដោយ​ពួក​ឃាតក​។​

​ ​ចំណុច​ទី ២៖ វេលា​ម៉ោង​០២:០០​នាទី​ទៀបភ្លឺ ថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ១៩៧៧ សម​មិត្ត ហ៊ុន សែន បាន​ដើរចូល​ចម្ងាយ​ប្រមាណ ២០០ ម៉ែត្រ ទៅក្នុង​ទឹកដី​វៀតណាម​។ អ្នក​ទាំងអស់គ្នា​ក៏បាន​សម្រាក រង់ចាំ​ពេល​ភ្លឺ ដើម្បី​កំណត់​ទិសដៅ​សម្រាប់​បន្តដំណើរ និង​ពុំមាន​អ្វី​ទទួលទាន​នោះឡើយ​។​

​ ​សំណួរ​មួយចំនួន​ដែល​សម​មិត្ត ហ៊ុន សែន បាន​ចោទសួរ​ខ្លួនឯង​ថា តើ​អាច​ត្រូវស្លាប់​នៅពេល​ឆ្លង​ព្រំដែន កម្ពុជា​-​វៀតណាម​ដោយ​ការជាន់​មីន ឬ​ដោយ​កងការពារ​ព្រំដែន​របស់​វៀតណាម​ឬទេ ? តើ​អាច​ត្រូវ​ជាប់គុក​ដោយសារ​ការ​ឆ្លងដែន​ខុសច្បាប់​ឬទេ​? តើ​វៀតណាម​ជឿ​ហើយ​សុខចិត្ត​ជួយ ក្នុងការ​ផ្តួលរំលំ​រប​ប​ប្រល័យពូជសាសន៍ ប៉ុល ពត ឬទេ ក្នុងពេលដែល​វៀតណាម​កំពុងមាន​ទំនាក់ទំនង​ការទូត​ជាមួយ​កម្ពុជា​ប្រជាធិបតេយ្យ​? សំណួរ​ចុងក្រោយ គឺ​តើ​វៀតណាម​អាច​ចាប់បញ្ជូន​មកអោយ ប៉ុល ពត វិញ​ឬទេ​?

​ ​ការចាកចេញ​នេះ ជាការ​ចាកចេញ​ដោយ​ការឈឺចាប់ តែ​មោះមុត​ចោល​ទឹកដី​កំណើត ចោល​ភរិយា ដែលមាន​ផ្ទៃពោះ ៥ ខែ​។ សម​មិត្ត​ពិតជា​មានការ​លំបាក​ខាង​ផ្លូវចិត្ត​យ៉ាងធ្ងន់ធ្ងរ ដោយ​គិតដល់​ផលវិបាក​អាច​កើតមាន​ចំពោះ​ភរិយា​ដែល​កំពុង​ស្ថិតនៅក្នុង​ក្រញាំ​ឃោរឃៅ​របស់​របប​ប្រល័យពូជសាសន៍ ប៉ុល ពត នៅឡើយ​។ នោះ​ជា​ពេលដែល​សម​មិត្ត ហ៊ុន សែន ចាប់ផ្តើម​យក​ជីវិត​ធ្វើ​ដើមទុន ដើម្បី​ធ្វើការ​តស៊ូ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍​ប៉ុល ពត បន្ទាប់ពី​ការចូលរួម​ក្នុង​កងកម្លាំងប្រដាប់អាវុធ​នៃ​ចលនា​រំដោះជាតិ រហូតដល់​ពិការភ្នែក​ម្ខាង​នៅ​ឆ្នាំ ១៩៧៥​។​

​ ​ដោយ​នៅមាន​ភ្លៀង​តិចៗ​និង​មេឃ​នៅ​ធ្លាក់​អ័ព្ទ​ជាច្រើន​លំបាក​រក​ទិស​អោយចំ​ដោយ​ពុំមាន​ត្រីវិស័យ​ដូចនេះ​ត្រូវ​រង់ចាំ​រហូតដល់​ពេល​ភ្លឺ​ច្បាស់​ថ្ងៃ​រះ​ទើប​ចេញដំណើរ​នៅ​ម៉ោង​ប្រមាណ​០៨:០០​នាទី​ព្រឹក​។ សម​មិត្ត ហ៊ុន សែន និង​ក្រុម​បាន​សម្លឹង​មើលទៅ​ទិស​ដែល​ព្រះអាទិត្យ​រះ នោះ​គឺ​ទិសខាងកើត​ជា​ទិស​តែមួយគត់ ដើម្បី​ធ្វើដំណើរ​ទៅដល់​ប្រទេស​វៀតណាម​។​

​ ​ចំណុច​ទី ៣ ៖ ក្រោយពី​ធ្វើដំណើរ​កាត់​ព្រៃ​ក្នុង​ទឹកដី​វៀតណាម​បាន​ប្រមាណ​ជិត ៦ គីឡូម៉ែត្រ វេលា​ម៉ោង ១១:០០ នាទី ជិត​ថ្ងៃត្រង់​ក្រុម​សម​មិត្ត ហ៊ុន សែន បាន​ទៅ​ជួប​ផ្លូវលំ​មួយ​ក្រាល​ក្រួស​ក្រហម ក៏បាន​សម្រេច​លាក់​អាវុធ រួច​រៀបចំ​ដាំបបរ​ដោយ​អង្ករ ដែល​នៅសល់​ក្នុង​ដៃ​បន្តិចបន្តួច រួច​បន្តដំណើរ​តាមផ្លូវ​ថ្នល់​ទៅរក​ជួប​កងទ័ព​វៀតណាម និង​ប្រជាជន​វៀតណាម​។​

​ ​ហេតុអ្វី​បានជា​ក្រុម​សម​មិត្ត​សម្រេច​ធ្វើដំណើរ​ដោយ​លែងយក​អាវុធ​តាម​ខ្លួន​? នេះ​ជាការ​គិតគូរ​ដ៏​ឈ្លាសវៃ ព្រោះ​អោយតែ​ឃើញ​មាន​មនុស្ស​កាន់​អាវុធ​ឆ្លងដែន គឺ​កងទ័ព​ការពារ​ព្រំដែន​វៀតណាម ឬ​កងឈ្លប​អាច​នឹង​ផ្ទុះអាវុធ​ភ្លាម ជីវិត​របស់​សម​មិត្ត និង​ក្រុម​មិនអាច​ធានា​បានឡើយ​។​

​ ​ចំណុច​ទី ៤ ៖ វេលា​ម៉ោង ១៤:០០ នាទី ថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ១៩៩៧ សម​មិត្ត ហ៊ុន សែន និង​ក្រុម បាន​ដើរ​ទៅដល់​ភូមិ​វៀតណាម​មួយ ដែលមាន​ចម្ងាយ​ប្រមាណ ១៤ គីឡូម៉ែត្រ​ពី​ព្រំដែន​។ ពេល​ប្រទះ​នឹង​កម្មករ​ចម្ការកៅស៊ូ​វៀតណាម​ដែល​កំពុងធ្វើដំណើរ សម​មិត្ត ហ៊ុន សែន ដើរ​សំដៅ​ហើយ​កម្មករ​នោះ ក៏​អោយ​ក្រុម​សម​មិត្ត​រង់ចាំ​នៅ​ទីនោះ​សិន​។​

​ ​បន្ទាប់មក កម្មករ​បាន​នាំ​កម្លាំង​ស្វ័យការពារ​វៀតណាម​មកដល់​ដោយមាន​អាវុធ​មកជា​មួយ​ផង​។ ដំបូង វៀតណាម​សង្ស័យ​ទៅលើ​ជនកម្ពុជា​ទាំង​ប្រាំ​នាក់​នេះ​ថា ជា​ក្រុម​វាយឆ្មក់ ឬ​ក្រុម​ចារកិច្ច​របស់ ប៉ុល ពត ហើយ​បានធ្វើ​ការសាកសួរ​។​

​ ​ចំណុច​ទី ៥ ៖ ក្រោម​ពី​ចាប់ផ្តើម​ជឿជាក់​ខ្លះ​លើ​ការអះអាង​របស់​សម​មិត្ត ហ៊ុន សែន ថា​មិនមែនជា​ក្រុម វាយឆ្មក់​របស់ ប៉ុល ពត ទេ ភាគី​វៀតណាម​ក៏បាន​ដាំបាយ​ឆ្នាំង​លេខ ១០ និង​ធ្វើ​ម្ហូប​ជូន​សម្រាប់​មនុស្ស ៥​នាក់ ដែល​ធ្លាប់តែ​ហូប​បបរ​ជាង ១ ឆ្នាំ​ហើយ​។ ក្រោយពី​បានទទួល​ទាន​រួច ជនកម្ពុជា​ទាំង​ប្រាំ​រូប​ត្រូវ គេ​នាំ​ធ្វើដំណើរ​ចម្ងាយ ៤ គីឡូម៉ែត្រ ទៅដល់​ភូមិ​ឡាំង​ជីន នៅវេលា​ម៉ោង ១៦:៤៥ នាទី​។​

​ ​ចំណុច​ទី ៦ ៖ ជនកម្ពុជា​ទាំង​ប្រាំ​ត្រូវបាន​សាកសួរ​ព័ត៌មាន​ម្តងទៀត​នៅ​ទីនោះ ពី​សំណាក់​បញ្ជាការ​កង អនុ​សេនា​ធំ​ម្នាក់​របស់​វៀតណាម​។​

​ ​វេលា​ម៉ោង ១៧:១៥ នាទី ថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ១៩៧៧ អ្នក​ទាំង​ប្រាំ​ត្រូវបាន​គេ​ដឹក​ក្នុង​រថយន្ត​ធុន​ធ្ងន់ ម៉ាក GMC ពី​ភូមិ​ឡាំង​ជីន​ទៅដល់​ស្រុក​ឡុ​ក​និ​ញ នៅវេលា​ម៉ោង ១៨:០០ នាទី​។​

​ ​ចំណុច​ទី ៧ ៖ ក្រោយពី​បរិភោគ​អាហារ​ថ្ងៃ​ល្ងាច​រួច​ដែលមាន​បាយ​និង​បន្លែ​ត្រកួន​ហើយ​សម​មិត្ត ហ៊ុន សែន ត្រូវគេ​បំបែក​ចេញពី​អ្នករួមដំណើរ​ទាំង​បួន​នាក់​ដែល​មក​ជាមួយគ្នា ហើយ​ត្រូវបាន​គេ​សួរ​ព័ត៌មាន​សាជាថ្មី ដោយ​សំណួរ​ដេញដោល​ជាច្រើន​ទៀត​។​

​ ​នោះ​គឺជា​ពេលវេលា​ដែល​តានតឹង​ភិតភ័យ​ជាង​ពេលណា​ទាំងអស់​សម្រាប់​អ្នក​ទាំង​បួន​ដែល​ធ្វើដំណើរ មកជា​មួយ​ដោយ​គិតថា​គេ​អាច​យក​សម​មិត្ត ហ៊ុន សែន ទៅ​សម្លាប់​ឬ​ទៅណា​មិនដឹង ប្រសិនបើ​មិន ឃើញ​ត្រឡប់មកវិញ​។ ពួកគាត់​ទាំង​បួន​មាន​អារម្មណ៍​ច្រាស់ច្រាល ទោះ​អស់កម្លាំង ក៏​ដេក​មិន​លក់ បក់ មិន​ល្ហើយ និង​រង់ចាំ​រហូត​សម​មិត្ត ហ៊ុន សែន ត្រឡប់មកវិញ ពេល​ជាង​ពាក់​កណ្តាលអធ្រាត្រ ឆ្លង​ចូល ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ១៩៧៧​។ ដោយសារ​ការសាកសួរ​ដេញដោល​ព័ត៌មាន ធានា​តាម​លំដាប់ថ្នាក់ ដែលមាន​ពី​ថ្នាក់ភូមិ ឃុំ រហូតដល់​ស្រុក​នេះ បានធ្វើអោយ​ភាគី​វៀតណាម​ឃើញច្បាស់​នូវ​ឆន្ទៈ​មោះមុត និង​ជំហរ​ដាច់ខាត​របស់​ស​ម​មិត្ត ហ៊ុន សែន ក្នុង​គោលបំណង​ដ៏​មុត​ស្រួច គឺ​ឆ្ពោះទៅរក​ការ​កៀរគរ​កម្លាំង​សម្រាប់​រំដោះជាតិ​មាតុភូមិ ប្រជាជន ពី​របប​ប្រល័យពូជសាសន៍​។​

​ ​នា​ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ​១ ៩៧៧ សម​មិត្ត ហ៊ុន សែន និង​អ្នករួមដំណើរ​ទាំង​បួន​នាក់ បានចេញ​ដំណើរ ទៅ​ខេត្ត​សុង​ប៊ែ​រ តាម​រថយន្ត​ដឹកអុស​។​វៀតណាម​កាន់តែ​ទទួលស្គាល់ថា សម​មិត្ត ហ៊ុន សែន មាន​ឋានៈ​ខ្ពស់​ជា​ថ្នាក់​បញ្ជាការ​វរ​សេនា​ធំ​ហើយ មិនមែនជា​ក្រុម​ដែល ប៉ុលពត បញ្ជូនមក​វាយឆ្មក់​វៀ​ត​ណា​ម​ទេ​។​

​ ​ទីតាំង​កោះ​ថ្ម ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ គឺជា​ចំណុច​ចាប់ផ្តើម​ដំបូងបង្អស់ នៃ​ដំណើរ​ឆ្ពោះទៅ​ការផ្តួលរំលំ​របប​ប្រល័យពូជសាសន៍​ប៉ុលពត​ដែល​៤២​ឆ្នាំមុន​នោះ សម​មិត្ត ហ៊ុន សែន (​សម្តេច​តេ​ជោ ហ៊ុន សែន​) និង​កម្មាភិបាល​ដ៏​ទុកចិត្ត​៤​រូប​គឺ​លោក នុ​ច ថន​, ញឹក ហួន​, ស៊ូ គីម​ស្រ៊ាង និង វ៉ា ប៉ោ​អ៊ា​ន បាន​ភៀសខ្លួន​ទៅកាន់​ប្រទេស​វៀតណាម ដើម្បី​ស្វែងរក​ជំនួយ​ឧបត្ថម្ភ​ក្នុងការ​រំដោះជាតិ​កម្ពុជា ចេញពី​របប​ប្រល័យ​ពូជ​សាន៍ ប៉ុល ពត​។​

​ ​នៅ​ព្រឹក​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ ២០១៩​នេះ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ​តំណាង​សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួងការពារជាតិ​ប្រារព្ធ​ខួប​៤២​ឆ្នាំ ទិវា​ចងចាំ​ដំណើរ​ឆ្ពោះទៅ​ការផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ «​ប៉ុល ពត​» (២០ មិថុនា ១៩៧៧-២០ មិថុនា ២០១៩) នៅ​តំបន់​កោះ​ថ្ម ឃុំ​ទ​ន្លុ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។​

​ ​នៅក្នុង​ឱកាស​នេះដែរ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ នឹង​រៀបចំ​ពិធី​កាត់​ខ្សែបូ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ «​ផ្លូវ​ប្រវត្តិសាស្ត្រ​សម្តេច​តេ​ជោ​» ដែលជា​ផ្លូវ​ក្រាល​ក្រួស​ក្រហម​មាន​ប្រវែង​៩,៩០០​ម៉ែត្រ​, ធ្វើ​ពិធី​រំឭក​គុណ គោរព​ព្រះ​ភូមិ ទេព​បង្ហាញផ្លូវ ទេវតា​ថែរក្សា​ទឹកដី​, ពិធី​ដាំ​ដើម​ជ្រៃ ជា​និមិត្តរូប​។ បន្ទាប់មក​សម្តេច​ពិជ័យ​សេនា​និង​គណៈប្រតិភូ​ធ្វើដំណើរ​តាម​រថយន្ត​ផ្ទាល់ខ្លួន​ចេញ​សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុនសែន កោះ​ថ្ម ទៅកាន់​ព្រំប្រទល់​កម្ពុជា​-​វៀតណាម​ចំណុច​អាង​ដាច់ X16 «​ដើម​ត្រ​យឹ​ង​»​និង​ធ្វើ​ពិធី​ទាញ​ស្បៃ​សម្ពោធ​ដាក់តាំង​ផ្ទាំងសិលា​ចារឹក​នៅ​ចំណុច​អាង​ដាច់​X16 «​ដើម​ត្រ​យឹ​ង​»​។​

​ ​ទិវា​ចងចាំ​នៃ​ដំណើរ​ឆ្ពោះទៅកាន់​ការផ្តួលរំលំរ​បប​ប្រល័យពូជសាសន៍ ប៉ុល ពត​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ​ហើយ​រាល់​ឯកសារ​នានា​របស់​សម​មិត្ត ហ៊ុន សែន ពាក់ព័ន្ធ​នឹង​ដំណើរ​ការតស៊ូ​លះបង់​ជីវិត​ដើម្បី​ជាតិ​មាតុភូមិ​ត្រូវបាន​ឆ្លា​ក់នៅ​វិមាន​ឈ្នះ​ឈ្នះ ដើម្បី​ទុកឱ្យ​កូនចៅ​ជំនាន់​ក្រោយ​បាន​សិក្សា​រៀនសូត្រ​និង​ចងចាំ​នូវ​ព្រឹត្តិការណ៍​មួយ​នេះ​៕

ដោយ ៖ ណា​រី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114