ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួងសុខាភិបាល នឹង​ចាប់ផ្ដើម​ចុះ​បញ្ជិកា​ឱសថ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នា​ខែ​សីហា​ខាងមុខនេះ​

ភ្នំពេញ​ ៖​ ក្រសួងសុខាភិបាល ​នឹង​ចាប់ផ្ដើម​អនុវត្ត​ការ​ចុះ​បញ្ជិកា​ឱសថ ឧបករណ៍​បរិក្ខារ​ពេទ្យ​ និង​ចុះ​ប្រវេទន៍​គ្រឿងសម្អាង តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នា​ខែ​សីហា​ខាងមុខនេះ ដើម្បី​ជួយ​សម្រួល​ដល់​ដំណើរការ​ចុះ​បញ្ជិកា​ឲ្យ​បាន​លឿន​ជាង​មុន​ឈានទៅដល់​ការគ្រប់គ្រង​ឱសថ​ប្រកបដោយ​ប្រសិទ្ធ​ភាព​ខ្ពស់​។​

នៅក្នុង​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ចេញផ្សាយ​កាលពី​ល្ងាច​ថ្ងៃទី​២០​មិថុនា​កន្លងទៅនេះ​បាន​ឲ្យ​ដឹង​ថា​ ការ​ចុះ​ទិដ្ឋាការ បញ្ជិកា​ឱសថ ឧបករណ៍​បរិក្ខារ​ពេទ្យ និង​ចុះ​ប្រវេទន៍​គ្រឿងសម្អាង​តាម​អន​ឡាញ​នេះ​ នឹង​ជួយ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​ចំណេញ​ពេលវេលា​ និង​ថវិកា​ដោយ​មិនចាំបាច់​ធ្វើដំណើរ​មក​កាន់​ក្រសួង​ឡើយ​ ដោយ​គ្រាន់តែ​ចូលទៅក្នុង​គេហទំព័រ​របស់​ក្រសួង​រួចហើយ​បំពេញ​ទៅតាម​បែប​បទ​ដែល​ក្រសួង​បានកំណត់​ជា​ការ​ស្រេច​។​

ការដែល​ក្រសួង​អនុវត្ត​ការចុះ​ទិដ្ឋាការ បញ្ជិកា​ឱសថ ឧបករណ៍​បរិក្ខារ​ពេទ្យ និង​ចុះ​ប្រវេទន៍​គ្រឿង​សម្អាង តាម​ប្រព័ន្ធ​អន​ឡាញ​នេះ ​គឺ​ក្នុង​គោលបំណង​ដើម្បី​ធានា​បាន​នូវ​តម្លាភាព​ជូន​អតិថិជន និង​ប្រសិទ្ធភាព នៃ​ការ​ចុះ​ទិដ្ឋាការ បញ្ជិកា និង​ប្រវេទន៍​។​ បង្កលក្ខណៈ​ងាយស្រួល និង​ឆាប់រហ័ស​ក្នុង​ការផ្តល់សេវា ជូន​អតិថិជន​។ ​ផ្តល់​ព័ត៌មាន​ត្រឡប់​ដល់​អតិថិជន​បាន​ទាន់ពេលវេលា​។​ កាត់បន្ថយ​ការ​ចំណាយ​ពេលវេលា និង​ថវិកា​របស់​អតិថិជន​។ ​គ្រប់​ឯកសារ​ទាំងអស់​របស់​អតិថិជន ត្រូវបាន​រក្សា​ទុក​ជា​ការ​សម្ងាត់ និង​មាន​សុវត្ថិភាព​ខ្ពស់​ និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ក្នុង​ការ​គ្រប់គ្រង​ឱសថ និង​អតិថិជន​អាច​ទទួល​បាន​ព័ត៌មាន​ឆាប់រហ័ស​។​

សេចក្ដីជូនដំណឹង​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា​ ម្យ៉ាងទៀត​ក្រសួងសុខាភិបាល ​នឹង​អនុវត្ត​ប្រើ​ប្រព័ន្ធ QR Code​ នៅ​លើ​ប្រអប់​ផលិតផល​ឱសថ ឧបករណ៍​បរិក្ខារ​ពេទ្យ និង​គ្រឿងសម្អាង ដែល​ប្រព័ន្ធ​នេះ​ធានា​បាន​នូវ​ព័ត៌មាន​ជាក់លាក់​របស់​ផលិតផល ដូចជា​លេខ​ទិដ្ឋាការ​ បញ្ជិកា ឬ​ប្រវេទន៍ ប្រភព​ផលិតផល កាលបរិច្ឆេទ​ផលិត និង​ផុត​កំណត់​ការប្រើប្រាស់ ឈ្មោះ​ក្រុមហ៊ុន​ដែល​នាំចូល និង​ចែក​ចាយ ហើយ​ប្រព័ន្ធ​នេះ​បង្ក​លក្ខណៈ ងាយស្រួល​ដល់​ភ្នាក់ងារ​ត្រួតពិនិត្យ​ឱសថ ក៏ដូចជា​អ្នក​ប្រើ​ប្រាស់ អាច​តាមដាន​នូវ​ផលិតផល​ឱសថ និង​គ្រឿងសម្អាង ក្លែងក្លាយ ឬ​ក្លែងបន្លំ ឬ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល នៅ​លើ​ទីផ្សារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​តែ​យ៉ាងណាក៏ដោយ​ចំពោះ​ប្រព័ន្ធ​QR Code​នេះ ក្រសួងសុខាភិបាល​នឹង​ពិភាក្សា​ជាមួយ​វិស័យ​ឯកជន​បន្ថែម និង​កំណត់​ពេលវេលា​ជាក់លាក់​សម្រាប់​អនុវត្ត​នៅពេល​ឆាប់ៗ​ខាងមុខនេះ​។​

លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​បន្ថែម​ថា​ ក្រសួង​នឹង​ចេញ​សេចក្ដីណែនាំ​ពី​គោលការណ៍​ នៃ​ការ​ចុះ​បញ្ជិកា​តាម​អន​ឡាញ​នេះ ​នៅ​ពេល​ក្រសួង​ចាប់ផ្ដើម​បើក​ដំណើរការ​ជា​ផ្លូវការ​នៅ​ខែ​សីហា ​ឆ្នាំ​២០១៩​ខាងមុខនេះ​ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​រីកចម្រើន​ នៃ​វិស័យ​បច្ចេកវិទ្យា​របស់​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​៕​

ដោយ ៖ សំអឿន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114