ព័ត៍មានទាន់​ហេតុការណ៏
Search

អតីត​តារា​ប្រុស​ម្ចាស់​បទ ប៊ិះ​ស៊យ លោក បូ វិចិត្រ ធ្លាក់ខ្លួន​ជា​សន្តិសុខ​យាម​ឡាន ​ក្រោយ​បាត់​ខ្លួន​ពី​សិល្បៈ​១០​ឆ្នាំ​

​ភ្នំពេញ ​៖ ពិតជា​រឿង​មួយ​ស្ទើរ​តែ​មិន​ជឿ​ ស្រប​ពេល​ ដែល​តារា​ចម្រៀង​ប្រុស​ធ្លាប់​មានឈ្មោះ​ល្បី​ម្ចាស់​បទ ប៊ិះ​ស៊យ លោក បូ វិចិត្រ ក្រោយ​ពេល​រសាត់​បាត់​ខ្លួន​ពី​វិស័យ​មាន​រយៈ​ប្រមាណ​១០​ឆ្នាំកន្លងមក​នេះ​ ​មហាជន​មួយ​ចំនួន​ស្មាន​តែ​លោក​មាន​ភរិយា​ចេញទៅ​រស់នៅ​ក្រៅ​ប្រទេស​បាត់​ទៅ​ហើយ​។​ ប៉ុន្តែ​ផ្ទុយ​ពី​នេះ ​ស្រាប់តែ​ធ្លាយ​ដំណឹង​បច្ចុប្បន្ន​លោក បូ វិចិត្រ បែរជា​ធ្លាក់ខ្លួន​ក្លាយ​ជា​សន្តិសុខ​យាម​រថយន្ត​ឲ្យ​គេ​ទៅវិញ។

​ដំណឹង ​នៃ​ការ​ធ្លាក់​ខ្លួន​របស់​តារា​ចម្រៀង​ លោក បូ វិចិត្រ នា​ពេល​នេះ ​បាន​ធ្វើ​ឲ្យ​មហាជន ​និង​អ្នក​សិល្បៈ​រួម​ជំនាន់ ​ជាច្រើន​បង្ហាញ​ការចាប់អារម្មណ៍​ភ្ញាក់ផ្អើល​គ្រប់គ្នា​។​ ខណៈ​ខាង​សមាគម​សិល្បករ​របស់​តារា​ស្រី​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ក៏បាន​ប្រកាស​ស្វែងរក​ពី​ទីកន្លែង​ស្នាក់នៅ ​ឬ​ប្រព័ន្ធ​ទូរស័ព្ទ​ដើម្បី​ធ្វើ​ទំនាក់ទំនង​ជួយ​ដល់​តារា​ប្រុស​រូប​នេះ​ផងដែរ​។​

​បើ​យោងតាម​ប្រភពពី​ម្ចាស់​Account Facebook ឈ្មោះ Jenny Chamroeun បាន​សរសេរ​រៀបរាប់ថា ​បង បូ វិចិត្រ​ម្ចាស់​បទ ប៊ិះ​ស៊យ ដុនដាប​ឃើញ​សភាព​គាត់​រឿយៗ​ក្បែរ​ក្លឹប​កំសាន្ដ៥៥ ជិត​អាហារដ្ឋាន យាយ​ម្លូរ អា​យ៊ែ​រ​ឡាន​ឲ្យ​គេ ពិបាក​ភ្នែក​ណាស់​ធ្លាប់តែ​ស្ដាប់​ចម្រៀង​គាត់​ពី​ក្មេងៗ​១០​ឆ្នាំ​ជាង​មុន​។​

​ប្រភព​ដដែល​បាន​បន្តថា​ សង្ឃឹមថា នឹងមាន​អ្នក​ឈឺឆ្អាល ទៅ​ចុះ​សួរ​គាត់​គ្មាន​លេខ​ទូរស័ព្ទ​ផ្ទាល់ខ្លួន​ទៀត អាចជួយ​គាត់​បាន​គាត់​នៅ​ជិត​ផ្ទះ​ខ្ញុំ​ឃើញ​សភាព​បែបនេះ ប្អូន​នៅ​មិន​សុខ​ មានតែ​បង្ហោះ​គាត់​មិន​ប្រកាន់​ខ្ញុំ​ទៀត​ គាត់​ថា​ជួយ​គាត់​ផង​ក្រែង​បាន​សម្រួល​ជីវភាព​បាន​ខ្លះ​ម្ចាស់​បទ​ប៊ិះ​ស៊យ ​នៅ​ផលិតកម្ម (RSK) ជួយ​ស៊ែរ​ផង បងប្អូន​។​

ឃើញ​ការ​ផ្សព្វផ្សាយ​ និង​ចែករំលែក​ដូចខាងលើ​នេះ​ លោក ហេង ឡុង ស្វាមី​ អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បានប្រកាស​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា ​តើ​បងប្អូន​ណា​មាន​លេខ​ទូរស័ព្ទ​គាត់​ដែល​អាចទាក់ទង​បានទេ​? ​សូម​ជួយ​ខ​មិន​ប្រាប់​ផង​ អតីត​តារា​ចម្រៀង​ លោក បូ វិចិត្រ ម្ចាស់​បទ ប៊ិះ​ស៊យ។ ​អរគុណ​សម្រាប់​ការ​ជួយ​ស៊ែរ​ឲ្យ​គាត់​បាន​ឆាប់​ឃើញ​សូម​ទំនាក់ទំនង​មក​លេខ​សមាគម ០១៧ ៩៩០ ៣៣២។ ​តាមរយៈ​នេះដែរ​ គេ​សង្កេតឃើញ​មហាជន​ជាច្រើន​បាន​បង្ហាញ​ការ​អាណិត​ដល់​តារា​ប្រុស​រូបនេះ​ផងដែរ​៕

ដោយ ៖ ចាន់ ដា​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114