ព័ត៍មានទាន់​ហេតុការណ៏
Search

អគ្គិភ័យ ​លេប​ត្របាក់​ផ្ទះ​ប្រជាពលរដ្ឋ​អស់​មួយ​ខ្នង​៤​បន្ទប់​ នៅ​ក្រុង​កំពង់ចាម​

​កំពង់ចាម ៖ លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋចំ​នួន​មួយ​ខ្នង ​ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​អស់ទាំង​ស្រុង បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​នៅ​ថ្ងៃទី​២១​ ខែ​មិថុនា ​ឆ្នាំ​២០១៩ វេលា​ម៉ោង​១៣និង០៣​នាទី នៅ​ចំណុច​ភូមិ​ទី​២ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ខេត្ត​កំពង់ចាម​។​

ប៉ូលិស​បាន​ឲ្យ​ដឹង​ថា លំនៅដ្ឋាន​ត្រូវ​អគ្គិភ័យ​ឆេះ​ខាងលើនេះ​ជា​កម្មសិទ្ធិ​របស់​ឈ្មោះ ហ៊ូ ហួយ ភេទ​ស្រី អាយុ​៦៣​ឆ្នាំ ចំនួន​០១​ផ្ទះ មាន​ទំហំ ៧​ម​x១២​ម មាន​០៤​បន្ទប់ ខូចខាត​សម្ភារៈ​ក្នុងផ្ទះ​ទាំងស្រុង តែ​មិន​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ​ឡើយ។​

ប៉ូលិស​បាន​បន្តថា​ ​ពេល​ទទួល​ព័ត៌មាន​នេះ​ភ្លាម លោក​ឧត្ដមសេនីយ៍​ទោ ឯម​កុសល ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម​ បាន​បញ្ជា​ឲ្យ​កម្លាំង​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ​យក​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៤​គ្រឿង​បាញ់​ពន្លត់ រហូត​គ្រប់គ្រង​បាន​ទាំងស្រុង​(​រលត់​១០០%) នៅ​វេលា​ម៉ោង​១៤​និង​០០​នាទី ប្រើប្រាស់​រថយន្ត​ចំនួន​០៤​គ្រឿង រថយន្ត​ខេត្ត​ចំនួន​០៣​គ្រឿង រថយន្ត​ស្រុក​កំពង់សៀម​ចំនួន​០១​គ្រឿង ប្រើប្រាស់​ទឹក ចំនួន​១២​ឡាន​។​

ប៉ូលិស​បាន​បន្តថា កន្លែង​កើតហេតុ​មាន​ផ្ទះ​ប្រជាជន​សង់​ជិតៗ​គ្នា បើ​សមត្ថកិច្ច​ទៅ​អន្តរាគមន៍​មិន​ទាន់​ទេ នោះ​ នឹង​មានផ្ទះ​ប្រជាពលរដ្ឋ​មិន​តិច​ឡើយ​ដែល​ត្រូវ​វិនាស៕

ដោយ ៖ អ សុផល



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114