ព័ត៍មានទាន់​ហេតុការណ៏
Search

ក្នុង​មន្ទីរពេទ្យ​បង្អែ​ក​ស្រុក​ព្រះនេត្រព្រះ​មួយ​សោះ​ មាន​កុមារ​ចូលដេក​សម្រាក​ព្យាបាល​១១៨​នាក់​ដោយសារ​គ្រុនឈាម​​

​បន្ទាយមានជ័យ​ ៖ នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​មិថុនា ឆ្នាំ ២០១៩​នេះ ​លោក​វេជ្ជបណ្ឌិត កែវ សុ​ភ័​ក្ត្រា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ឲ្យ​ដឹងថា​ ចូលមក​ដល់​ថ្ងៃទី​២២​នេះ​ ប្រជាពលរដ្ឋ​បាន​យក​កូន​របស់ខ្លួន​ដែល​កើត​ជំងឺ​គ្រុនឈាម​មក​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរ​បង្អែក​ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​នេះ​ កើនឡើង​ដល់​ទៅ​១១៨​នាក់​ហើយ ​តែ​អ្នក​ជំងឺ​ទាំងអស់នោះ​ សភាព​ជំងឺ​នៅ​អាច​ព្យាបាល​បាន ​មិនទាន់មាន​ក្មេង​ណា​ស្លាប់​បាត់​បង់ជីវិត​ម្នាក់​ឡើយ។​

លោក​វេជ្ជបណ្ឌិត កែវ សុ​សុ​ភ័​ក្ត្រា បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា ​ក្មេង​ដែល​កើត​ជំងឺ​គ្រុនឈាម​អាច​ទប់​សភាពការណ៍​បាន​នោះ​ ដោយ​សា​រ​បាន​ការជួយ​សហការ​ពី​លោក​មេ​បញ្ជាការ​ឧត្ដមសេនីយ៍​កងពល​លេខ​៥១ ក្នុង​នោះបាន​ជួយឧបត្ថម្ភ​សេរ៉ូម​៣០០​ដប ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ជួយ​ដល់​កុមារ​គ្រុនឈាម​ដែល​បាន​សម្រុក​ចូលមក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ព្រះនេត្រព្រះ ​និង​ជួយ​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដែលមាន​លទ្ធភាព​ក្នុងករណី​ហួស​សមត្ថភាព​សង្គ្រោះ​រប​ស់​មន្ទីរពេទ្យ​នេះ​។​

លោក​វេជ្ជបណ្ឌិត កែវ សុ​ភ័​ក្ត្រា បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា​ ខេត្តបន្ទាយមានជ័យ​ នៅក្នុង​ខែ​មិថុនា​នេះ ​ជំងឺគ្រុនឈាម​កើតឡើង​លើ​កុមារ​មាន​ចំនួន​៧០០​នាក់ ក្នុង​នោះ បណ្ដាល​ឲ្យ​កុមារ​ពីរ​នាក់​បាន​ស្លាប់ ក្នុងអំឡុង​រដូវភ្លៀង​ធ្លាក់​ជោកជាំ បង្ក​ឲ្យ​កើត​មូស​ខ្លា ដែល​ជា​ភ្នាក់ងារ​ចម្លង ជំងឺគ្រុនចាញ់ និង​គ្រុនឈាម​នេះ។

​លោក​វេជ្ជបណ្ឌិត​ត កែវ សុ​សុ​ភ័​ក្ត្រា​ បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា ​ជំងឺគ្រុនឈាម កើត​ច្រើនជាងគេ​ក្នុង​ក្រុង​សិរីសោភ័ណ ក្រុង​ប៉ោយប៉ែត ស្រុក​ព្រះនេត្រព្រះ និង​ស្រុក​ម៉ាឡៃ អ្នកជំងឺ​ភាគច្រើន​ ត្រូវបាន​អាណាព្យាបាល​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅឯ​មន្ទីរពេទ្យ​ជ័យ​វរ្ម័ន​ទី​៧ គន្ធបុប្ផា និង​មន្ទីរពេទ្យ​កុមារ​អង្គរ​ ខេត្ត​សៀមរាប និង​ចំនួន​ចុងក្រោយ នៅ​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ខេត្ត​។ ​មកទល់ពេលនេះ​ មិនទាន់មាន​របាយការណ៍ ស្ដីពី​ការ​ស្លាប់ របស់​កុមារ ដោយសារ​ជំងឺគ្រុនឈាម​បន្ថែម​ទៀត​នោះទេ​។ ​​នៅមុន​ពេល​ផ្ទុះ​ជំងឺគ្រុនឈាម​នេះ ​មន្ត្រី​សុខាភិបាល​ខេត្ត ការិយាល័យ​សុខាភិបាល ស្រុក​ប្រតិបត្តិ មន្ទីរពេទ្យ បង្អែក និង​មណ្ឌល​សុខភាព បាន​ផ្សព្វផ្សាយ​ពី​វិធានការ បង្ការ​ការពារ​ឆ្លង​ជំងឺ​នៅតាម​គោលដៅ​នានា បាន​ចុះ​បាញ់ថ្នាំ បាន​ដាក់​អា​ប៊ែ​ត ក្នុង​ពាងទឹក​អស់​ចំនួន​៤.៥​តោន នៅ​គ្រប់​សង្កា​ត់នៃ​ក្រុង សិរីសោភ័ណ និង​ក្រុង​ប៉ោយប៉ែត និង​ក្នុង​ឃុំ​ខ្លះ​នៃ​ស្រុក​ម៉ាឡៃ និង​ព្រះនេត្រព្រះ​។

​ក្នុងនោះ ​លោក​ បានធ្វើការ​អរគុណ​ដល់​មេបញ្ជាការ​​ឧត្ដមសេនីយ៍​កងពល​លេខ​៥១ ក្នុង​នោះបាន​ជួយឧបត្ថម្ភ​សេរ៉ូម​៣០០​ដប ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ជួយ​ដល់​កុមារ​គ្រុនឈាម​ដែល​បានមក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ព្រះនេត្រព្រះ​នេះ ​និង​អគុណ​ដល់​បុគ្គលិក​ដែល​លះបង់​កម្លាំង​កាយ​ចិត្ត​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​ផ្តល់​សេវា​ដ៏​ល្អ​ជូន​ប្រជាពលរដ្ឋ​ផ្តល់​ការ​ទំនុកចិត្ត​លើ​គ្រូពេទ្យ យើង​នឹង​ត្រូវ​បន្ត​ដំណើរ​ដ៏​ល្អ​នេះ​ជា​រហូត​មិន​បញ្ឈប់​បាន​ឡើយ៕

ដោយ ៖ ​គង្គា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114