ព័ត៍មានទាន់​ហេតុការណ៏
Search

លោក បូ វិចិត្រ ទទួល​បាន​ការឧបត្ថម្ភ​កង់​បី​ឥណ្ឌា​ពី​សប្បុរសជន​សម្រាប់​ប្រកប​របរ​ចិញ្ចឹមជីវិត​

​ភ្នំពេញ ​៖ ​បន្ទាប់ពី​ទទួលបាន​ដំណឹង ​នៃ​ការធ្លាក់​ខ្លួន​ដុនដាប ​ក្លាយជា​អ្នកយាម​ឡាន​ឲ្យ​គេ​ពី​សំណាក់​តារាចម្រៀង​ប្រុស​ម្ចាស់​បទ ប៊ិះ​ស៊យ លោក បូ វិចិត្រ បង្ក​ការចាប់អារម្មណ៍ ​និង​ភ្ញាក់ផ្អើល​ដល់​អ្នក​សិល្បៈ ​រួមទាំង​មហាជន​ផង​នោះ​ ពេលនេះ​ដោយ​មើលឃើញ​ពី​ក្តី​អាណិតអាសូរ​ពី​សប្បុរសជន​នោះ​លោក បូ វិចិត្រ ក៏ត្រូវ​បាន​គេ​ប្រគល់​កង់​បី​ឥណ្ឌា​១​គ្រឿង​សម្រាប់​ប្រកប​របរ​រកស៊ី​ចិញ្ចឹមជីវិត​។​

​បើតាម​ការលើកឡើងរ​ប​ស់ លោក ហេង ឡុង បាន​បញ្ជាក់ថា សូម​អរគុណ​ដល់​ប្អូន ឃុំ​ ប៉ុណ្ណា​ដែ​ត​ដែល​បាន​សម្របសម្រួល​ប្រគល់​តុ​កៗ​ដែលជា​អំណោយ​របស់លោក លី ឡាយ ជូន​ទៅដល់​ប្អូន​ប្រុស បូ វិចិត្រ​។ ដូច​ខ្ញុំ​បានបញ្ជាក់​មុននេះ​បន្តិច​ថា ប្អូន​មិនអាច​បើកបរ​បានទេ លុះត្រាតែ​មានការ​ព្យាបាល​ឲ្យ​សុខភាព​ត្រឡប់មក​ធម្មតា​វិញ​សិន​។

​លោក ហេង ឡុង បាន​បន្តថា ​ខ្ញុំ​ក៏​ចង់​បកស្រាយ​ដែលថា បើទោះជា​ប្អូន​មាន​សារធាតុ​ញៀន​នៅក្នុង​ខ្លួន​ដូច​សារព័ត៌មាន​សង្ស័យ​ក៏ដោយ ក៏​យើង​មិនត្រូវ​ទុក​គាត់​ចោល​ដែរ កាន់តែ​ត្រូវ​ការ​ជួយ​ស្រោច​ស្រង់​ព្យាបាល​រហូតដល់​អាចមាន​សុខភាព​ធម្មតា​ឡើងវិញ​។​

​លោក ហេង ឡុង និយាយទៀតថា ​រឿង​ការពិត​ត្រូវបាន​លាតត្រដាង ប្អូន បូ វិចិត្រ ​គឺ​គាត់​មាន​បញ្ហា​បាត់​ការចងចាំ និង​មិន​ប្រក្រតី​។​ សមាគម​សិល្បករ នឹង​ព្យាយាម​ជួយ​ព្យាបាល​គាត់​ និង​តាមដាន​ពី​ជីវភាព​ប្រចាំថ្ងៃ​របស់គាត់​។ ​អរគុណ​សម្រាប់​ការចែក​ចាយ​ព័ត៌មាន​ពិត​។​

​សូមជម្រាបថា​ មុននេះ​មាន​មហាជន​ជាច្រើន​សម្តែង​ការភ្ញាក់ផ្អើល​ខ្លាំង​ស្រប​ពេលដែល​តារាចម្រៀង​ប្រុស​ធ្លាប់មាន​ឈ្មោះ​ល្បី​ម្ចាស់​បទ ប៊ិះ​ស៊យ លោក បូ វិចិត្រ ក្រោយពេលរ​សាត​បាត់​ខ្លួន​ពី​វិស័យ​មាន​រយៈ​ប្រមាណ​១០​ឆ្នាំកន្លងមក​នេះ ​មាន​មហាជន​មួយចំនួន​ស្មានតែ​លោក​មាន​ភរិយា​ចេញទៅ​រស់នៅ​ក្រៅប្រទេស​បាត់​ទៅហើយ​។ ​ប៉ុន្តែ​ផ្ទុយ​ពីនេះ ​ស្រាប់តែ​ធ្លាយ​ដំណឹង​ បច្ចុប្បន្ន​លោក បូ វិចិត្រ បែរជា​ធ្លាក់ខ្លួន​ក្លាយជា​សន្តិសុខ​យាម​រថយន្ត​ឲ្យ​គេ​ទៅវិញ​៕

ដោយ ៖ ចាន់ ដា​រ៉ា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114