ព័ត៍មានទាន់​ហេតុការណ៏
Search

MCL 2019 ៖​ សូល​ទី​ឡូ​អង្គរ ប៉ះ​បឹងកេត គីរីវង់​ទទួល​កំពង់ចាម ​ប៉ូលីស​ជួប​យុវជន​បាទី​និង​ណាហ្គា​វើល​ប៉ះ​វិសាខា

ក្រុមបាល់ទាត់​សូល​ទី​ឡូ​អង្គរ ត្រូវ​ប៉ះ​ក្រុម​បឹងកេត​អែ​ហ្វ​ស៊ី ហើយ​ក្រុម​គីរីវង់​សុខ​សែន​ជ័យ​
​ទទួល​ក្រុម​ខេត្តកំពង់ចាម ខណៈ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ (​ប៉ូលីស​)ជួប​ក្រុមបាល់ទាត់​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​និង​ក្រុម​ណាហ្គា​វើ​ល​ប៉ះ​ក្រុម​វិសាខា​នៅ​ល្ងាច​ថ្ងៃអាទិត្យ ទី​២៣ ខែមិថុនា ឆ្នាំ​២០១៩ ប្រចាំ​សប្ដាហ៍​ទី​១២ នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា(Metfone Cambodian League 2019)​។

*​សូល​ទី​ឡូ​អង្គរ ប៉ះ​បឹងកេត​
ក្រុមបាល់ទាត់​សូល​ទី​ឡូ​អង្គរ ប៉ះ​ក្រុម​បឹងកេត​អែ​ហ្វ​ស៊ី​ នៅវេលា​ម៉ោង​៣និង៣០​នាទី​រសៀល ​លើ​ទីលាន​កីឡដ្ឋាន​ខេត្តសៀមរាប​ហើយ​ប្រកួត​នេះដែរ​មាន​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្តិ៍​ទូរទស្សន៍ BTV News។

លទ្ធផល​ប្រកួត​២​កន្លងមក​ក្រុម​បឹងកេត ធ្លាប់​ឈ្នះ​ក្រុម​សូល​ទី​ឡូ​អង្គរ១​លើក​និង​ក្រុម​ទាំង​២​ធ្លាប់​ស្មើគ្នា​១​លើក​។ ​ក្រុម​សូល​ទី​ឡូ​អង្គរ ដែលមាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប វិញ​ប្រកួត​ឈ្នះ​បាន​៤​លើក​ស្មើគ្នា​៣​លើក​និង​ចាញ់​៤​លើក​ឈរ​លេខ​៩ បណ្តោះអាសន្ន​។ ក្រុម​នេះ​ដឹកនាំ​ដោយ​លោក Kento Fujihara កំពុងតែ​ត្រូវការ​ពិន្ទុ​បន្ថែម​ដើម្បី​ប្រជែង​គេច​ពី​តំបន់​បាត​តារាង​។ ចំណែក​ក្រុម​បឹងកេត​អែ​ហ្វ​ស៊ី​ របស់​លោក ហៅ សុជាតិ ដែលជា​គ្រូបង្វឹក​កំពុងតែ​ស្រេច​ឃ្លាន​ពិន្ទុ​ដូចគ្នា​គឺ​ដើម្បី​ប្រជែង​កៅអី​កំពូល​តារាង​ស្របពេល​ក្រុម​នេះ​ឈ្នះ​បាន​៧​លើក ស្មើគ្នា​២​លើក​និង​ចាញ់​២​លើក​។

*​គីរីវង់​សុខ​សែន​ជ័យ ប៉ះ​កំពង់ចាម
ក្រុម​គីរីវង់​សុខ​សែន​ជ័យ ត្រូវ​ប៉ះ​ក្រុម​ខេត្តកំពង់ចាម​នៅវេលា​ម៉ោង​៣និង៣០​នាទី​រសៀល​ លើ​ទីលាន​កីឡដ្ឋាន​គីរីវង់​សុខ​សែន​ជ័យ របស់ខ្លួន​ខណៈ​ប្រកួត​នេះ​មាន​ផ្សាយ​ផ្ទាល់​តាម​ហ្វេ​ស​ប៊ុ​ករ​បស់ CNCC ផងដែរ​។ ក្រុម​ទាំង​២​មិន​ធ្លាប់​មាន​ប្រវត្តិ​ប៉ះគ្នា​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា នេះ​នោះទេ​ព្រោះ​ក្រុម​ខេត្តកំពង់ចាម​ជា​សមាជិក​ថ្មី​។

​ក្រុម​គីរីវង់​សុខ​សែន​ជ័យ របស់​លោក​គ្រូបង្វឹក​Ekapob Potisai ជនជាតិ​ថៃ​មិនទាន់​គេចផុត​ពី​តំបន់​បាត​តារាង​នៅឡើយ​​ក្រោយ​រកបាន​ជ័យជម្នះ​បាន​៣​លើក​និង​ចាញ់​៨​លើក​មាន​៩​ពិន្ទុ​ក្នុង​ដៃ​។ ចំណែក​ក្រុម​ខេត្តកំពង់ចាម​កំពុងតែ​ស្ថិតនៅ​បាត​តារាង ពោល​គឺមាន​ត្រឹម​៣​ពិន្ទុ​ប៉ុណ្ណោះ​
​ព្រមទាំង​ទាត់​ប​ញ្ជូ​ល​ទី​គូប្រកួត​បាន​៣​គ្រាប់​ប៉ុណ្ណោះ​ហើយ​របូត​គ្រាប់​បាល់​វិញ​ដល់​ទៅ​១០២​គ្រាប់​។​

*​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ប៉ះ​យុវជន​បាទី
ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ត្រូវ​ប៉ះ​ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​
​នៅវេលា​ម៉ោង​៣និង៣០​នាទី​រសៀល​លើ​ទីលាន​កីឡដ្ឋាន​អគ្គីសនី​កម្ពុជា​ហើយ​ប្រកួត​នេះ​មាន​ផ្សាយ​ផ្ទាល់​តាម​ហ្វេ​ស​ប៊ុ​ករ​បស់​សារព័ត៌មាន​កម្ពុជា​ថ្មី ផង​ដែរ​។

ក្រុម​ទាំង​២​មិន​ធ្លាប់មាន​ប្រវត្តិ​ប៉ះគ្នា​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​នោះ​ទេ​ ដោយ​ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​បាទី ជា​ក្រុម​ថ្មី​។

ក្រុម​ប៉ូលីស កំពុងតែ​ដឹកនាំ​ដោយ​លោក ប្រាក់ សុវណ្ណារ៉ា ដែលជា​គ្រូបង្វឹក​កាន់​អាជ្ញា​ប័​ណ្ឌ AFC Pro
License មាន​១០​ពិន្ទុ​ក្នុង​ដៃ​ ហើយ​ក្រុម​នេះ​ហាក់​ចាប់ផ្តើម​មិនសូវ​បានល្អ​នោះទេ​ក្នុងចំណោម​ប៉ុន្មាន​ប្រកួត​មកនេះ​។

​ចំណែក​ក្រុម​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី កំពុងតែ​ដឹកនាំ​ដោយ​លោក Koji Gyotokuជា​គ្រូបង្វឹក​ជនជាតិ​ជប៉ុន​ខណៈ​ក្រុម​នេះ​ហាក់​ចាប់ផ្តើម​មិនសូវ​បានល្អ​ដែរ​ក្នុង​ប្រកួត​១១​លើក​កន្លងមក​ដោយ​ឈ្នះ​បាន​១​លើក​និង​ចាញ់​១០​លើក​មាន​៣​ពិន្ទុ​ឈរ​លេខ​រៀង​ទី​១៣​ក្នុងចំណោម​សមាជិក​ទាំង​១៤​ក្រុម​។

*​ណាហ្គា​វើ​ល ប៉ះ​វិសាខា
​ក្រុម​ជើងឯក​ឆ្នាំ​ចាស់​ណាហ្គា​វើ​ល ត្រូវ​ប៉ះ​ក្រុម​វិសាខា​នៅវេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ (​ស្តា​ត​ចាស់​) ហើយ​ប្រកួត​នេះ​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្តិ៍​ទូរទស្សន៍ BTV News ផងដែរ​។ ប្រវត្តិ​ប៉ះគ្នា​២​លើក​កន្លងមក​ក្រុម​ណាហ្គា​វើ​ល ធ្លាប់​ឈ្នះ​បាន​១​លើក និង​ក្រុម​វិសាខា​ ​ធ្លាប់​ឈ្នះ​បាន​១​លើក​។ ក្រុម​ណាហ្គា​វើ​ល​វិញ​ កំពុងតែ​ត្រូវការ​ពិន្ទុ​ប្រដេញ​នៅ​តំបន់​កំពូល​តារាង​ក្រោយ​ទើប​ខកចិត្ត​ក្នុង​ពានរង្វាន់​កម្រិត​ទ្វីបអាស៊ី AFC Cup 2019 ដោយ​ធ្លាក់​ចេញ​ត្រឹម​វគ្គ​ចែក​ពូ​ល​។ លោក មាស ចាន់ណា​រំពឹង​ថា ​កូនក្រុម​នឹង​បន្តធ្វើ​បានល្អ​ដូច​កាលពី​ឆ្នាំ​ចាស់​។ ចំពោះ​ក្រុម​វិសាខា ដែល​ដឹកនាំ​ដោយ​លោក ហុក ​សុ​ជី​វ័​ន្ត ប្រមូលផ្តុំ​ដោយ​កីឡាករ​ល្អៗ​ទើប​បញ្ចប់​បេសកកម្ម​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា​ហើយ​ក្រុម​នេះ​ជា​បេក្ខភាព​មិនអាច​មើលរំលង​បាន​ក្នុងការ​ប្រជែង​យក​ជើងឯក​ផងដែរ​តែ​៣​ប្រកួត​មកនេះ​វិសាខា​រង​បរាជ័យ​ជាប់ៗ​គ្នា​៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114