ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋបាល​រាជធានី​ភ្នំពេញ​ និង ​អ្នកជំនាញការ​ចៃ​កា រួមគ្នា​ធ្វើ​សិក្ខាសាលា ប្រមូល​ធាតុ​ចូល ដើម្បី​រៀបចំ​ផែន​មេ​លើ​ការ​ដឹកជញ្ជូន​ក្នុង​រាជធានី​ភ្នំពេញ

ភ្នំពេញ ​៖ ​ក្រុម​អ្នកជំនាញ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​ជ​ប៉ុន​ប្រចាំ​កម្ពុជា​ហៅ​កាត់​ថា​ចៃ​កា និង រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​២១​ខែ មិថុនា ឆ្នាំ​២០១៩ នេះ បានរៀបចំ​សិក្ខាសាលា​មួយ ដើម្បី​ប្រមូល​ធាតុ​ចូល​ពី​អ្នកពាក់ព័ន្ធ​ជាតិ អន្តរជាតិ​ទាំងអស់ យកមក​កសាង​ជា​ផែនការមេ សម្រាប់​ការដឹកជញ្ជូន​នៅក្នុង​រាជធានី​ភ្នំពេញ ខណៈពេលដែល​រាជធានី​ភ្នំពេញ កំពុង​ប្រឈម​និង​បញ្ហា​កកស្ទះ​ចរាចរណ៍​ជា​រៀងរាល់​ថ្ងៃនោះ​។

លោក​ស៊ុយ សេ​រិ​ទ្ធ អភិបាលរង​រាជធានី​ភ្នំពេញ បាន​លើកឡើងថា រាជធានី​ភ្នំពេញ​ទទួល​បាន​ការ​ជួយ​ជ្រោមជ្រែង​យ៉ាង​ពេញទំហឹង​ពី​រដ្ឋាភិបាល​ជប៉ុន តាមរយៈ​អង្គការ ចៃ​កា ប្រចាំ​ប្រទេស​កម្ពុជា ទាំង​សម្ភារៈ បច្ចេកទេស អ្នកជំនាញការ និង​ថវិកា យ៉ាងច្រើន​សន្ធឹកសន្ធាប់ សម្រាប់​ការស្តារ និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស ការរៀបចំ​សិក្សា​នូវ គម្រោង​ផែនការមេ​ជាច្រើន សម្រាប់​ការ​ដឹកជញ្ជូន​ក្នុង​រាជធានី​ភ្នំពេញ ស្រប​ពេល​ដែល​ទីក្រុង​មួយ​នេះ ទទួល​លំហូរ​ពលរដ្ឋ​មក​រស់នៅ​កាន់​តែច្រើន​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ កំណើន​មធ្យោបាយ​ធ្វើដំណើរ​ក៏​កាន់តែច្រើន ធ្វើ​ឲ្យមាន​ការកកស្ទះ និង​គ្រោះថ្នាក់​ចរាចរ កើ​តមាន​ជា​រៀងរាល់ថ្ងៃ​។

អភិបាលរង​រូបនេះ​បន្តថា ដោយ​មើលឃើញ​នូវ​បញ្ហា​ទាំងនេះ ទើប​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​សហការ​ជាមួយ​អង្គការ​ចៃ​កា បាន​រួម​គ្នា​សិក្សា​យ៉ាង​លំអិត ដោយ​ប្រមូល​ធាតុ​ចូល ពី​អ្នកពាក់ព័ន្ធ​គ្រប់ផ្នែក ដើម្បី​កសាង​ជា​ផែនការមេ ដឹកជញ្ជូន ទុក​សម្រាប់​អនុវត្ត និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ក្នុង​រាជធានី​ភ្នំពេញ សម្រាប់​ពេលបច្ចុប្បន្ន ក៏ដូចជា​ទិសដៅ​ទៅ​អនាគត​។

លោក ស៊ូ​កា​ណូ យូ​អ៊ី​ឈី តំណាង​អង្គកា ចៃ​កា ប្រចាំ​ប្រទេស​កម្ពុជា បាន​លើកឡើងថា ឆ្លងតាម​ការសិក្សា​ទៅលើ​ផែនការ​មេនេះ ចៃ​កា ក៏បាន​រៀបចំ​នូវ​គម្រោង​មួយចំនួន ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការដឹកជញ្ជូន ក៏ដូចជា​ជួយ​សម្រួល​ដល់​ការធ្វើ​ចរាចរណ៍ ដូចជា ផ្តល់ជូន​នូវ​រថយន្តក្រុង សម្រាប់​ដឹកជញ្ជូន​សាធារណៈ​ក្នុង​ក្រុង ជួយ​តម្លើង​ភ្លើង​សញ្ញា​ចរាចរ ជួយ​សម្រួល​ដល់​ការកាត់បន្ថយ​គ្រោះថ្នាក់ និង​ការកកស្ទះ​ចរាចរ ក្នុង​ក្រុងភ្នំពេញ​។

លោក​ថា ផែនការមេ ពិត​ជាមាន​សារសំខាន់​ខ្លាំងណាស់ សម្រាប់​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ អនុវត្តតាម​ផែនការ​មេនេះ លើ​ការ​ដឹកជញ្ជូន ដោយ​ផ្សារភ្ជាប់​ជាមួយ​កញ្ចប់​ផែនការ ទៅលើ​ការប្រើប្រាស់​ដីធ្លី​។

លោក​មានជំនឿថា តាមរយៈ​សិក្ខាសាលា​នេះ រដ្ឋបាល​រាជធានី និង​រាជរដ្ឋាភិបាល​កម្ពុជា នឹង​អនុម័ត​ផែនការមេ​ដឹកជញ្ជូន​ក្នុង​ក្រុងភ្នំពេញ​នេះ ដើម្បីឱ្យ​គម្រោង​នៃ​វិស័យ​ដឹកជញ្ជូន​ទាំងអស់ ធ្វើឡើង​ទៅតាម​ផែនការ​មេនេះ​។

លោក​នួន ផា​រ័ត្ន អភិបាលរង តំណាងឲ្យ​អភិបាល​រាជធានី​ភ្នំពេញ​បាន​លើក​ឡើង​ថា រដ្ឋបាល​រាជធានី មាន​ប្លង់​មេ មួយចំនួន​រួច​មក​ហើយ ទៅមុខ​នឹងមាន​ប្លង់​មេ សម្រាប់​បំពេញ​បន្ថែមទៀត នូវ​អ្វី​ដែលមាន​ស្រាប់​។ សម្រាប់​ប្លង់​មេ​(​ម៉ា​ស្ទ័​រ​ប្លេ​ន )​លើ​ប្រព័ន្ធ​ដឹកជញ្ជូន​ក្នុង​រាជធានី​ភ្នំពេញ​នេះ បាន​ចប់​តាំងពី​ឆ្នាំ​២០១៤ តែ​មិនទាន់​បានអនុម័ត​ជា​ផ្លូវការ​។ បើ​ទោះ​បី​មិន​អនុម័ត​ក្តី ប៉ុន្តែ​ប្លង់​មេនេះ បាន​អនុវត្ត​ខ្លះ​រួចមកហើយ​ដែរ ដូចជា​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជា​ប្រព័ន្ធ​ដឹកជញ្ជូន ជាដើម​។

លោក​បន្ត​ថា ការ​បើក​ឲ្យ​មាន​សិក្ខាសាលា​នេះ​គឺ​ចង់​បង្ហាញថា​យើង​មាន​ប្លង់​មេ ហើយ​ភាព​ជោគជ័យ លើ​ការ​ដឹកជញ្ជូន​ក្នុង​ក្រុង​លែង​ស្ទះ​ចរាចរណ៍ រស់​នៅ​មាន​ផាសុកភាព ក្រោយពី​អនុម័ត​ប្លង់​មេនេះ យកទៅអនុវត្ត​ឲ្យ​ជោគជ័យ ដោយមាន​មធ្យោបាយ​គ្រប់គ្រាន់ មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ​។

លោក​អភិបាលរង ស្នើ​ឲ្យ​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ចូលរួម​បញ្ចេញ​មតិយោបល់ ដែលមាន​ប្រយោជន៍ សម្រាប់​ការកសាង​ប្លង់​មេ លើ​ការ​ដឹកជញ្ជូន​ក្នុង​ក្រុង​នេះ ឲ្យ​បាន​ផុលផុស ដើម្បី​ឲ្យ​ប្លង់​មេនេះ កើតមក​យកទៅ​អនុវត្តបាន​គ្រប់គ្រាន់ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​៕
ស្រីរ័ត្ន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114