ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ចូលរួម​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​សេដ្ឋកិច្ច​អាស៊ាន ស្តីពី​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់

ប្រទេស​ថៃ​ ៖ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​សម្រាប់​កម្ពុជា កាលពី​ថ្ងៃទី​២១-២២ ខែមិថុនា ឆ្នាំ​២០១៩ បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ចូលរួម​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​សេដ្ឋកិច្ច​អាស៊ាន ស្តីពី​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (Special ASEAN Economic Ministers Meeting on RCEP) នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ដែលមាន​ការអញ្ជើញ​ចូលរួម​ពី​រដ្ឋមន្ត្រី និង​ប្រតិភូ​មកពី​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ និង​លេខាធិការដ្ឋាន​អាស៊ាន​។

ក្រសួង​បាន​ឲ្យ​ដឹង​ថា នៅក្នុង​កិច្ចប្រជុំ​ទាំងនេះ​ដែរ លោក រដ្ឋមន្ត្រី បាន​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​ទាំងអស់​ជួយ​គាំទ្រ និង​ជំរុញ​បន្ថែម​ដល់​អ្នកចរចា​ទាំងអស់​ឲ្យ​ខិតខំ​ប្រឹងប្រែង​បន្ថែម សំដៅ​បញ្ចប់​ការចរចា​កិច្ចព្រមព្រៀង RCEP នៅក្នុង​ឆ្នាំ​២០១៩​នេះ តាម​អាណត្តិ​ដែល​ផ្តល់​ឲ្យ​ដោយ​ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​ចរចា RCEP ទាំង​១៦ កាលពី​កិច្ចប្រជុំ​កំពូល RCEP លើក​ទី​២ ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅ​ប្រទេស​សឹង្ហ​បុរី​កន្លងទៅ​។ ការបញ្ចប់​កិច្ចព្រមព្រៀង​RCEP​នេះ នឹង​អាច​ជួយ​រក្សា​ស្ថិរភាព​នយោបាយ និង​សេដ្ឋកិច្ច​សកលលោក ព្រមទាំង​ផ្តល់​សញ្ញា​ទៅកាន់​ពិភពលោក​ថា​ យើង​គាំទ្រ​ប្រព័ន្ធ​ពាណិជ្ជកម្ម​សេរី​ពហុភាគី ដោយ​ប្រឆាំង​គោលនយោបាយ​គាំពារ​និយម និង​ការរីក​រាលដាល​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​។

​កម្ពុជា ក៏បាន​ស្នើ​ឲ្យ​ប្រទេស​ចរចា​ផ្សេងទៀត​ផ្តល់នូវ​ប្រព្រឹត្ត​កម្ម​ពិសេស និង​ការបើក​ច្រក​ទីផ្សារ​ដល់​ប្រទេស​អភិវឌ្ឍន៍​តិចតួច​បន្ថែម ស្របតាម​គោលការណ៍​ណែនាំ​ដែល​បាន​ឯកភាពគ្នា​កាលពី​ឆ្នាំ​២០១២​ផងដែរ៕
ឌួង​វិ​រះ​ជ័យ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114