ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ចុះ​ពិនិត្យ​ពី​ស្ថានភាព​ដំណើរការ​នៃ​ខ្សែ​ច្រវាក់​ផលិតកម្ម​ដំណាំ​ស្វាយ ដើម្បី​ឈានទៅដល់​ការនាំ​ចេញទៅ​ក្រៅប្រទេស

ភ្នំពេញ​ ៖ ដើម្បី​ឆ្លើយតប​នឹង​ជំរុញ ការនាំចេញ​ផ្លែ​ស្វាយ​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន នៅ​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៩ នេះ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ចុះ​ពិនិត្យ​ពី​ស្ថានភាព​ដំណើរការ​នៃ​ខ្សែ​ច្រវាក់​ផលិតកម្ម​ដំណាំ​ស្វាយ ស្ថិតនៅ​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ដើម្បី​វាយតម្លៃ​ពី​សមត្ថភាព ចំណុច​ខ្វះខាត និង​ឈាន​ទៅ​ជំរុញ​ការអនុវត្ត​ឱ្យ​សមស្រប​ទៅនឹង​លក្ខខណ្ឌ​តម្រូវ​របស់​ភាគី​ចិន ដើម្បី​ភាគី​ទាំងពីរ​អាច​ចុះ​ពិធីសារ​ស្តី​ពី​ការ​នាំ​ស្វាយ​ចេញទៅ​កាន់​ទីផ្សារ​ចិន ជា​ផ្លូវការ​ក្នុងពេល​ដ៏​ឆាប់​ខាងមុខនេះ​។

ក្រសួង​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ស្វាយ​នៅ​ទូទាំង​ប្រទេស​កម្ពុ​ជា​មាន​ចំនួន ១០៥ ៣០០,៧៥ ហិកតា ក្នុង​នោះ​ផ្ទៃដី​ប្រមូល​ផល​មាន​ចំនួន ៨០ ១៧១​ហិកតា និង​ទិន្នផល​ជា​មធ្យម​ទទួលបាន ១៥,២០​តោន​/​ហិកតា​/​រដូវ ឬ ១ ២១៨ ៥៩៩ តោន​/​រដូវ​។ ដោយ​ឃើញ​ពី​សក្តានុពល​នៃ​ការនាំចេញ​ផ្លែស្វាយ​កម្ពុជា​នោះ អគ្គនាយកដ្ឋាន​កសិក​ម្ម​បានចាប់ផ្តើម​ចរចា​បើក​ទីផ្សារ​ជាមួយ​ប្រទេស​នានា រួមមាន ៖ – ប្រទេស​កូរ៉េៈ បានសម្រេច​តាំងពី​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០១៥ ប៉ុន្តែ​កង្វះខាត​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ម៉ាស៊ីន​កម្ចាត់​រុយ​ចោះ​ផ្លែ​ដោយ​ប្រើ​ចំហាយ​ទឹក​ក្តៅ (Vapor Heat Treatment-VHT) គ្រប់គ្រង​ហានិភ័យ ដែល​មិនអាច​នាំចេញ​បាន​ភ្លាមៗ​។

ក្រសួង​បន្តថា ដោយ​មើលឃើញ​ចក្ខុវិស័​យ​នេះ ក្រុមហ៊ុន Hyundai Agro (Cambodia) Co., Ltd បានបញ្ចប់​ការ​ដំឡើង​ម៉ាស៊ីន​កម្ចាត់​រុយ​ចោះ​ផ្លែ​ដោយ​ប្រើ​ចំហាយ​ទឹក​ក្តៅ​រួចរាល់ ហើយ​កាលពី​ថ្ងៃទី​២៥-២៩ ខែមីនា ឆ្នាំ​២០១៩ មន្ត្រី​ជំនាញ​នៃ​ទីភ្នាក់ងារ​អនាម័យ និង​ភូតគាម​អនាម័យ​កូរ៉េ (Animal and Plant Quarantine Agency – APQA) ក៏បាន​ចុះ​វាយតម្លៃ​កសិដ្ឋាន​ចម្ការ​ស្វាយ​និង​កន្លែង​ធ្វើ​ប្រព្រឹត្តិកម្ម​អនាម័យ​សម្លាប់​សមាសភាព​ចង្រៃ​ដោយ​ចំហាយ​ទឹក​ក្តៅ ដើម្បី​នាំចេញ​ផ្លែស្វាយ​ស្រស់​កម្ពុជា​ទៅកាន់​ប្រទេស​កូរ៉េ​របស់​ក្រុមហ៊ុន Hyundai Agro (Cambodia) Co., Ltd​។ ចំពោះ​លទ្ធផល​នៃ​ការចុះ​ត្រួតពិនិត្យ​នេះ​នឹង​ផ្ញើជូន​ភាគី​កម្ពុជា​វិញ​បន្ទាប់ពី​មានការ​សម្រេច​ជា​ផ្លូវការ​ពី​ថ្នាក់ដឹកនាំ APQA​។

តាម​ការរំពឹងទុក ក្រុមហ៊ុន មាន​ផែនការ​នាំចេញ​ផ្លែស្វាយ​ស្រស់​ពី​កម្ពុជា​ទៅ​កូរ៉េ​លើក​ទី​១ ក្នុង​ខែតុលា ឆ្នាំ​២០១៩ ខាងមុខនេះ​។

ដោយឡែក ក្រុមហ៊ុន ម៉ៅ​លី​ហ្គា​ស៊ី សហការ​ជាមួយ​ក្រុមហ៊ុន Hyundai Agro បាន និង​កំពុង​បោះទុន​វិនិយោគ​លើ​ការ​លាង​សម្អាត សម្លាប់​មេរោគ​ដោយ​ធ្វើ​ប្រព្រឹត្ត​កម្ម​ដោយ​ចំហាយ​ក្តៅ លក្ខណៈ​ស្តង់ដារ​អន្តរជាតិ និង​វេច​ខ្ចប់​កម្រិត​ខ្ពស់ ហើយ​គ្រោង​នឹង​នាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​កូរ៉េ​ក្នុង​ឆ្នាំ​២០១៩​នេះ​។ ក្រុមហ៊ុន​ក៏​មាន​គម្រោង​បន្ថែម​ទុន​វិនិយោគ​មជ្ឈមណ្ឌល​ប​ណ្តុះ​បណ្តាល​បច្ចេកទេស​ដាំ​ដុះ ថែទាំ ប្រមូល​ផល និង​ទុកដាក់ លក្ខណៈ​ស្តង់ដារ ដល់​កសិករ និង​សហគមន៍​ស្វាយ ដែលមាន​បំណង​ធ្វើការ​នាំចេញ ដោយ​សហការ​ផ្គត់ផ្គង់​មក​ក្រុមហ៊ុន​។ ជាមួយគ្នានេះ​ក្រុមហ៊ុន​ក៏បាន​ស្នើ​ឲ្យ​អគ្គនាយកដ្ឋាន​កសិកម្ម គាំទ្រ​ផ្នែក​បច្ចេកទេស​ក្នុង​ការ​បណ្តុះបណ្តាល​កសិក​រ និង​បង្កើត​មន្ទីរពិសោធន៍​នៅក្នុង​ទីតាំង​ក្រុមហ៊ុន​ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ក្នុងការ​ត្រួតពិនិត្យ និង​នាំចេញ​ទាន់ពេលវេលា​។ លើសពី​នេះ រោងចក្រ​កែច្នៃ និង​ផលិត​ដំណាប់​ស្វាយ របស់ ក្រុមហ៊ុន បឹងកេត ផ្លេ​ន​ធី​ង និង​អ៊ីន​ដាស​ស្ទ្រៀ​ល ឯ​.​ក ក៏បាន​ចូលរួម​ចំណែក​ក្នុងការ​ស្រូប​យក​ផលិតផល​ស្វាយ​ស្រស់​ប្រមាណ​ជាង ១៦ ០០០​តោន ក្នុង​ឆ្នាំ​២០១៨ និង​គ្រោង​ពង្រីក​ដល់​ជិត ៥០ ០០០​ក្នុង​ឆ្នាំ​២០២០៕
ឌួង​វិ​រះ​ជ័យ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114