ព័ត៍មានទាន់​ហេតុការណ៏
Search

នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ​ថា ការ​ប្រឌិត​រឿង​ក្លែងក្លាយ​តាម​បណ្តាញ​សង្គម នៅតែ​បន្ត​កើតមាន នាំ​ឲ្យ​ជះឥទ្ធិពល​អាក្រក់

ភ្នំពេញ​ ៖ នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បាន​អះអាងថា ការ​ប្រឌិត​រឿង​ក្លែងក្លាយ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នៅតែ​បន្ត​កើតមាន​ជា​បន្តបន្ទាប់ ដែល​ជះឥទ្ធិពល​អាក្រក់ ដល់​ការផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ពិតប្រាកដ​នៅ​កម្ពុជា ក៏ដូចជា​នៅលើ​ពិភពលោក បាន​អំពាវនាវ​ឲ្យ​រួមគ្នា​ប្រយុទ្ធប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​នេះ​ផងដែរ ដោយ​នាំគ្នា​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ពិត។

នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ លើកឡើង​បែបនេះ​នៅលើ​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ខ្លួន​កាលពី​ថ្ងៃទី​២១ ខែមិថុនា និង​បន្ទាប់ពី​មាន​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយចំនួន បាន​សរសេរ​ចោទប្រកាន់ គ្មាន​ការ​ពី​ត លើ​កូនប្រុស​ទី​២​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន មួយរូប គឺ​លោក​ឧ​ត្ត​ម​សេនី​យ៍ ហ៊ុន ម៉ានិត ថា​មាន​លុយ​រហូត​១០០​លាន​ដុល្លារ នៅក្នុង​ធនាគារ​មួយ​របស់​អាមេរិក​។

នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ អះអាង​ថា កន្លងទៅ ក្រុម​ទុច្ចរិត​បាន​ប្រើប្រាស់​រូបភាព​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ ក្នុង​គណនី Facebook ក្លែងក្លាយ​របស់​ពួកគេ ដើម្បី​ផ្សព្វផ្សាយ​វាយប្រហារ​មួលបង្កាច់​ម​ក​កាន់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល បង្ក​ឱ្យ​សាធារណ​ជនជាតិ និង​អន្តរជាតិ មានការ​ភាន់ច្រឡំ ប៉ុន្តែ​ព័ត៌មាន​ទាំងនេះ ក៏​ត្រូវ​បាន​ច្រានចោល​ភ្លាមៗ​ជាមួយនឹង​ការបំភ្លឺ​ការពិត​ផងដែរ​។

ដោយឡែក​ប៉ុន្មាន​ថ្ងៃនេះ ឃើញ​មាន​ក្រុម​ទុច្ចរិត បាន​បន្ត​ផ្សព្វផ្សាយ​មួលបង្កាច់​មកលើ​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ​យើង​ថែមទៀត ដោយបាន​ប្រឌិត​ព័ត៌មាន​ថា លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច នៃ​ក្រសួងការពារជាតិ មាន​លុយ ១០០​លាន​ដុល្លារ តម្កល់​នៅ​ធនាគារ​អាមេរិក​។ ដែល​នេះ ជា​ដំណឹង​មិន​ពិត​ទាល់តែសោះ ដែល​ក្រុម​ទុចរិត​បង្កើតឡើង ដើម្បី​តែ​លាប​ពណ៌ បំផ្លាញ​កិត្តិយស និង​កេរ្តិ៍ឈ្មោះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ានិត តែប៉ុណ្ណោះ​។ ជាមួយគ្នា​នោះ លោក​ស្នើ​ឲ្យ​សាធារណជន​ទាំងអស់ កុំ​មានការ​ភាន់ច្រឡំ​។

តាម​នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ ទន្ទឹមគ្នា និង​ក្រុម​ទុច្ចរិត​បង្កើត​នូវ​ព័ត៌មាន​ក្លែងក្លាយ​កាន់តែច្រើន​នេះ យើងទាំងអស់​គ្នា ដែលជា​មនុស្ស​សុចរិត ក៏ត្រូវ​រួមគ្នា​ប្រយុទ្ធប្រឆាំង នឹង​ព័ត៌មាន​ក្លែងក្លាយ​នេះ​ផងដែរ ដូចដែល​ប្រសាសន៍ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានលើកឡើង​ក្នុងជំនួប​ជាមួយ​អ្នកសារព័ត៌មាន​កន្លង​មក​ថា “​ដើម្បី​លុបបំបាត់​ព័ត៌មាន​ក្លែងក្លាយ គឺ​ត្រូវ​រួមគ្នា​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ចេញមក​”​។

គួរ​រំលឹក​ថា ថ្មីៗ​នេះ​មាន​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយចំនួន​បាន​បាន​ផ្សាយ​ថា លោក​ឧ​ត្ត​ម​សេនី​យ៍ ហ៊ុន ម៉ានិត និង​ប្អូនស្រី​របស់​លោក មាន​ទឹកប្រាក់​រហូត​១០០​លាន​ដុល្លារ​ក្នុង​ម្នាក់ៗ នៅក្នុង​ធនាគារ​មួយ​របស់​អាមេរិក ប៉ុន្តែ​ព័ត៌មាន​នេះ លោក​ឧ​ត្ត​ម​សេនី​យ៍ ហ៊ុន ម៉ានិត ច្រានចោល​ទាំងស្រុង​ថា ជា​ព័ត៌មាន​មិន​ពិត ហើយ​លោក​ថា កំពុងតែ​ពិចារណា​ប្រើ​នីតិវិធី​ច្បាប់ ពីព្រោះ​ករណីបែបនេះ​មិនមែនជា​លើក​ទី​១​នោះទេ​៕
កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114