ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​ហ្វូ​ត​សាល Down Town Sport​ចាញ់​ម្ចាស់ផ្ទះ​ថៃ​១៧-០​ក្នុង​វគ្គ​១/២ ពានរង្វាន់​ជើងឯក​អាស៊ាន​

ក្រុមបាល់ទាត់​ហ្វូ​ត​សាល Down Town Sport FC ដែលជា​ម្ចាស់​ជើងឯក​ពានរង្វាន់​បាល់ទាត់​លី​គ​ហ្វូ​ត​សាល​ឆ្នាំ​២០១៨ (National Futsal League 2018) ក្រោម​ការរៀបចំ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា មានឈ្មោះ​តំណាង​ឲ្យ​កម្ពុជា ចេញទៅ​ប្រកួត​ដណ្តើម​ក្នុង​ពានរង្វាន់​«​ជើងឯក​ពានរង្វាន់​បាល់ទាត់​ហ្វូ​ត​សាល​ប្រចាំ​តំបន់​អាស៊ាន ឬ AFF Futsal Club Championship» ក្នុង​ឆ្នាំ​២០១៩ នេះ​ដែល​ធ្វើឡើង​នៅ​ប្រទេស​ថៃ​។

លទ្ធផល​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ​ក្នុងនាម​ក្រុម​ចំណាត់ថ្នាក់​លេខ​២​ប្រចាំ​ពូ​ល B ក្រុម Down Town Sport បាន​ប្រកួត​ចាញ់​ក្រុម​លេខ​១ ពូ​ល B គឺ PTT Chonburi Bluwave ១៧​ទល់​០ នៅ​ថ្ងៃ​សៅរ៍ ទី​២២ ខែមិថុនា ឆ្នាំ​២០១៩ ហើយ​ក្រុម​លេខ​១​ពូ​ល B គឺ​Myanmar Imperial University ចាញ់​ក្រុម​Sanvinest Sanatech Khanh Hoa ៦​ទល់​០​។ ដូច្នេះ​ក្រុម​PTT Chonburi Bluwave ត្រូវ​ប៉ះ​ក្រុម​Sanvinest Sanatech Khanh Hoa នៅ​វេលា​ម៉ោង​២និង៤៥​នាទី​រសៀល​ថ្ងៃអាទិត្យ ទី​២៣ ខែមិថុនា ឆ្នាំ​២០១៩ ដើម្បី​ដណ្តើម​ជើងឯក ខណៈ​ក្រុម Down Town Sport ប៉ះ​ក្រុម Myanmar Imperial University ដើម្បី​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣ នៅ​ម៉ោង​១២និង៤៥​នាទី​ថ្ងៃត្រង់​ថ្ងៃ​ដំណាលគ្នា​។

សូម​បញ្ជាក់​ថា ​លទ្ធផល​នៅ​វគ្គ​ចែក​ពូ​ល​កន្លងទៅ​ក្រុម Down Town Sport បាន​ចាញ់​ក្រុម Myanmar Imperial University របស់​មី​យ៉ាន់​ម៉ា ក្នុង​ប្រកួត​ទី​២​ដោយ​លទ្ធផល​៩​ទល់​៣ ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល B នៅ​ល្ងាច​ថ្ងៃ​ព្រ​ហ​ស្បតិ៍ ទី​២០ ខែមិថុនា ឆ្នាំ​២០១៩ ខណៈ​ប្រកួត​បើកឆាក​ក្រុម Down Town Sport របស់​កម្ពុជា បាន​យកឈ្នះ​លើ​ក្រុម Melaka United​របស់​ម៉ាឡេស៊ី ដោយ​លទ្ធផល​៥​ទល់​៤​។

ពានរង្វាន់ AFF Futsal Club Championship ធ្វើឡើង​នៅក្នុង​ផ្សារ​ទំនើប Terminal 21 Korat ខេត្ត​Nakhon Ratchasima ប្រទេស​ថៃ​។ តាម​គម្រោងការ​ប្រកួត​នេះ​ធ្វើឡើង​ពី​ថ្ងៃ​ទី​១៧​ដល់​២៣ ​ខែមិថុនា ​ឆ្នាំ២០១៩​។ ចំណែក​សមាជិក​ក្រុម​ដែល​ចូល​រួមមាន​ពូ​ល A មាន​ក្រុម​PTT Chonburi Bluewave របស់​ថៃ​, Sanvinest Sanatech Khanh Hoa របស់​វៀតណាម និង Black Steel Manokwari របស់​ឥណ្ឌូណេស៊ី​។ ចំណែក​ពូ​ល B ដោយ​នៅ​ជាមួយ​ក្រុម Myanmar Imperial University FC របស់​មី​យ៉ាន់​ម៉ា និង​Melaka United​របស់​ម៉ាឡេស៊ី​។

ពានរង្វាន់ AFF Futsal Club Championship រៀបចំឡើង​ទើបតែ​បាន​៤​លើក​ប៉ុណ្ណោះ គិតពី​ឆ្នាំ​២០១៥ មកហើយ​ក្លិប​មកពី​ប្រទេស​ថៃ​ឈ្នះ​ជើងឯក​ទាំង​៤​លើក ពោល​គឺ​ក្លិប​Port FC ធ្លាប់​ឈ្នះ​ជើងឯក​ទាំង​៣​លើក ហើយ​ចុងក្រោយ​ក្រុម​Bangkok BTS FC ឈ្នះ​ជើងឯក​ម្តង​។ ចំណែក​កម្ពុជា ធ្លាប់​បញ្ជូន​ក្រុម​ទៅ​ប្រកួត​តែ​១​លើក​ប៉ុណ្ណោះ គឺ​នៅ​ឆ្នាំ​២០១៧​នេះ ដែល​ធ្វើឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​។ ក្រុម​នោះ​គឺ​ក្រុម​ស​.​ស​.​យ​.​ក កំចាយមារ តែ​ត្រូវ​ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូ​ល​។

​សូម​រំលឹក​ថា ​ក្រុមបាល់ទាត់ Down Town Sport FC ជា​ម្ចាស់​ជើងឯក​ប្រកួត​លី​គ​ហ្វូ​ត​សាល​ជា​លើកដំបូង ដែល​រៀបចំ​ពី​ថ្ងៃ​ទី​០៣ ខែ មិនា រហូតដល់​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ២០១៨ ក្នុងចំណោម​សមាជិក​ចំនួន​១០​ក្រុម​លើ​ទីលាន​ដឹ​ប្លូ​ស្ព័ត (The Blue Sport) ម្តុំ​ទួលគោក​។ ការប្រកួត​មាន​រូបមន្ត​ជា​លក្ខណៈ​ប្រកួត​បែប​លី​គ​តាម​ប្រព័ន្ធ​លី​គ​២​ជុំ (​វិលជុំ​សន្សំ​ពិន្ទុ​)​ហើយ​ក្រុម​ដែលមាន​ពិន្ទុ​ច្រើនជាងគេ​ចំនួន​៤​ក្រុម (Top4) ត្រូវ​ឡើងទៅ​ប្រកួត​គ្នា​ដណ្តើម​ជើងឯក​ប្រចាំ​រដូវ​កាល​៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114