ព័ត៍មានទាន់​ហេតុការណ៏
Search

ភ្នែក​យក្ស​ចិន​មើលឃើញ​ដល់​ភព​ព្រះឥន្ទ្រ​សុបិន​ឆ្ពោះទៅ​ឋាន​ទេវតា អភិវឌ្ឍន៍​ផ្នែក​តារាសាស្ដ្រ​ឲ្យ​ពិភពលោក

បកស្រាយ​ដោយ ៖ លោក ម៉ិ​ច សុខន SOKHAN MECH អ្នកឯកទេស​ផ្នែក​វិទ្យាសាស្ដ្រ និង​បច្ចេកវិទ្យា អ៊ែ​រ៉ូ​ខាំ aerocom អាល្លឺម៉ង់ ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ជា​សមាជិក​សកម្ម​ក្នុង​ក្រុមប្រឹក្សា​ជាតិ​វិទ្យាសាស្ដ្រ បច្ចេកទេស និង​ន​វា​នុ​វត្ដ​ន៍ ជា​នាយក​ក្រុមហ៊ុន សុខ​កា​ណ្ឌី​កា ហ្គ្រី​ន Sokhandyka Green Co Ltd ជា​អ្នកបង្កើត​បច្ចេកវិទ្យា ត្រល់​ខេ​ម។

ព្រឹត្ដិការណ៍​ប្រវតិ្ដ​សាស្ដ្រ​មួយ​នៃ​ចំណង​មិ​ត្ដ​ភាពរឹងមាំ​ដែល​ពិភពលោក​មានការ​ភ្ញាក់ផ្អើល​ចំពោះ​ព្រះ​វត្ដ​មាន​ព្រះមហាក្សត្រ​នា​នទី​ក្រុង​ប៉េកាំង​។ កាល​ពេល​ថ្មីៗ​នេះ​លោក​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ថ្វាយ​នូវ​មហា​កិ​ត្ដិ​យស​ដ៏​ឧត្ដុង្គឧត្ដម ថ្វាយ​ព្រះករុណា​ជា​អង្គ​ម្ចាស់ជីវិតលើត្បូង​ជា​ទី​គោរព​សក្ការៈ​ក្នុង​វិធី​អបអរសាទរ​ខួប​ចម្រើន​ព្រះជន្ម​គម្រប់ ៦៦ យាង​ចូល ៦៧ ព្រះវស្សា​នៃ​ព្រះបាទ​សម្ដេច​ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ទីគោរព​សក្ដារៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ក្នុង​មហា​វិមាន​សភា​ប្រជាជន​ចិន​។ មុននឹង​អធិប្បាយ​ដល់​បច្ចេកវិទ្យា និង​វិទ្យាសាស្ដ្រ​ផ្នែក​លំហ​អាកាស​ដែល​ជា​តួនាទី​សំខាន់​របស់​រ៉ា​ដា​យក្ស​លើ​លោក ខ្ញុំបាទ​ក្នុងនាម​ជា​ពលរដ្ឋ​ខ្មែរ​សាមញ្ញ​ម្នាក់​ ដែល​និយម​សរសេរ​ផ្សព្វផ្សាយ​លើកកម្ពស់​ចំណេះដឹង​ផ្នែក​វិទ្យាសាស្ដ្រ និង​បច្ចេកវិទ្យា ដល់​យុវជន ដែលមាន​បេះដូង​ថែរក្សា​សន្ដិភាព សូម​ចូលរួម​អបអរសាទរ​ទិវា ៦១​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មហា​យក្ស​ចិន នឹង​មកដល់​នាពេល​ឆាប់ៗ​ខាងមុខនេះ​សម្រាប់​មិ​ត្ដ​ភាព​ដែកថែប​។

ក្នុង​ចុង​សតវត្សរ៍​ទី​២០ នៅក្នុង​ពិភពលោក ពេល​ដែល លោក លោកស្រី និយាយ​អំពី​មហាអំណាច​លើ​លោក​តែងតែ​រាប់​ឈ្មោះ​មហា​យក្ស​ចិន​នៅ​លេខ​ចុងក្រោយ ឬ​ធ្វើ​រាប់​បំភ្លេច​មហា​យក្ស​មួយ​នេះ​ថែម​ទៀត​ផង ដោយសារ​មនោ​គម​វិទ្យា​រើសអើង​ដែល​មាន​នៅក្នុង​កោសិកា​ខួរក្បាល​របស់​ជាតិ​សាសន៍​ផ្សេង​ដោយ​តាំងខ្លួន​ជា​បិតា​របស់​ពិភពលោក​តែងតែ​ផ្សព្វផ្សាយ​ចំណុច​អវិជ្ជមាន​របស់​ចិន​ជាប្រចាំ​ដើម្បី​ឲ្យ​ប្រទេស​ក្រីក្រ ងាក​មក​គាំទ្រ​មនោ​គម​វិទ្យា​ខ្លួន​វិញ​ជាមួយ​លក្ខខណ្ឌ​ស្រាល​ដូច​ភ្នំ​សង្កត់​។ ចំណែក​ដើម​សតវត្សរ៍​ទី​២១ នៅក្នុង​ពិភពលោក​មានការ​ប្រែប្រួល មិន​ត្រឹមតែ​អាកាសធាតុ​នោះទេ ចំណាប់អារម្មណ៍​របស់​មនុស្ស​ក្នុង​ក្រសែភ្នែក​លើ​ទ្វីប​ទាំង​៥ បែរជា​ពោល​ពាក្យ​យ៉ាង​ពេញមាត់​មិន​រអាក់រអួល​ថា មហា​យក្ស​ចិន​ពិតជា​សត្វ​នាគ​លើ​ភព​ផែនដី​តែមួយគត់​មិនអាច​ផ្សាំង​បាន​ទៅវិញ​។ នៅក្នុង​រឿង​ភាគ​បុរាណ​ចិន តែងតែមាន​សាច់រឿង​លើកឡើង​មាន​ឈុត​សម្ដែង​មាន​តួ​សម្ដែង​អាចមាន​ទំនាក់ទំនង​ឋាន​ទាំងបី រួមមាន ឋាននរក ឋានមនុស្ស​លោក និង​ឋាន​ទេវតា ដូចជា​រឿង​ថាំង​ចេង​ចម្លង​ធម៌ រឿង​កុមា​រណា​ចារ​…​ជាដើម​។

ការ​ស្រមៃ​របស់​អ្នកនិពន្ធ​អាច​សុបិន​ក្លាយជា​ការពិត​ដោយមាន​រ៉ា​ដា​តេ​ឡេ​ស្កប់​យក្ស​នេះ​ជា​ភស្ដុតាង​។ ទស្សនៈ​លោកខាងលិច​តែងតែ​និយាយ​ដោយ​ភ័យខ្លាច​ថា មហា​យក្ស​ចិន​ពិតជា​សត្វ​នាគ​មិនអាច​ផ្សាំង​បាន ចំណែក​ប្រទេស​នៅ​អា​ស៊ី​ទាំងអស់​តែងតែ​និយាយ​ថា ប្រទេស​ចិន​ជា​មហា​យក្ស​អា​ស៊ី ចំណែក​ក្រុម​ជន​មួយ​ក្ដាប់​តូច​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា គេ​យល់​យ៉ាងណា​គឺជា​សេរីភាព​បណ្ដុះ​ហិង្សា​លើ​ជាតិ​សាសន៍​ដទៃ​សម្រាប់​សរសេរ​និក្ខេបបទ​ខាង​ទណ្ឌិត​ជំនួស​ពាក្យ​បណ្ឌិត​របស់​ពួកគេ​នាពេល​អនាគត​ដែល​បាន​កំណត់​ដោយ​ច្បាប់ ​ដែល​មាន​ស្រាប់​ក្នុង​បន្ទប់​តូច​សុខសាន្ដ ជា​លំនៅឋាន​ស្ដង់ដារ​ពិភពលោក​សម្រាប់​ឃុំ​រក្សា​ពួកឧក្រិដ្ឋជន​នានា​ដែលមាន​បាយស៊ី​ស្រាប់​ជាមួយ​សម្លៀកបំពាក់​ប្រេនៗ គឺ គុក​គុក​…​នោះ​អី​។ ជា​រៀងរាល់ថ្ងៃ ខ្ញុំបាទ​តែងតែ​អាន​អត្ថបទ​វិទ្យាសាស្ដ្រ​និង​ទស្សនា​តាម​ទូរទស្សន៍​ខ្សែកាប​…​អំពី​វិទ្យាសាស្ដ្រ​…​មាន​ថ្ងៃមួយ​បាន​ទស្សនា​វីដេអូ​ឯកសារ​មួយ​និយាយ​ជា​ភាសា​អង់គ្លេស​អំពី​តេ​ឡេ​ស្កុប​យក្ស​ធំ​បំផុត​លើ​លោក​ក្នុង​ទឹកដី​មហា​យក្ស​ចិន​…​ទីតាំង​ដែល​កសាង​រ៉ា​ដាយ​ក្ស​នេះ ស្ថិតនៅ​ក្នុងភូមិ​នៃ​តំបន់ភ្នំ​ខ្ពស់​ជ្រៅ​ថែមទៀត​។ ដោយហេតុតែ​ចង់ដឹង​ការពិត​រូបខ្ញុំ​បាន​រៀប​ផែនការ​៣​ខែ​មុន​ដោយ​ទំនាក់ទំនង​ជាមួយ​មិ​ត្ដ​ភក្ដិ​ចិន ប៉ុន្ដែ​ពួកគេ​ទាំងអស់នោះ​រស់នៅ​ខេត្ដ​ផ្សេង​ឆ្ងាយ​ធ្លាប់តែ​ឮ​ដោយ​មិនដែល​បានមក​ទស្សនា​ផង​។ តាម​ការពិត ទីក្រុង Guizhou ខេត្ដ Guangdong ធ្វើដំណើរ​ដល់​ភូមិ Ping Tang ធ្វើដំណើរ​ដោយ​ឡាន​ចំណាយពេល​ប្រហែល​៥ម៉ោង ៣០​នាទី​កាត់​តាមផ្លូវ​ធំ​តូច ជ្រោះ​ជ្រលង​ភ្នំ​។

ពេលទៅដល់​តម្រូវ​ឲ្យ​ចូល​ច្រក​ត្រួតពិនិត្យ​សន្ដិសុខ​តឹងតែង​បំផុត​ប្ដូរ​ឡើង​ឡានក្រុង​បន្ដ​ប្រហែល​១​ម៉ោង​ទៀត​កាត់​តាម​ជ្រោះ​ជ្រលង​ភ្នំ​ខ្ពស់​ស្ងាត់​ជ្រាប​ទម្រាំ​ទៅដល់​ទីតាំង​ជើងភ្នំ​រ៉ា​ដាយ​ក្ស​នេះ​។ ទោះបី​ដឹងថា មនុស្សម្នា​មកដល់​ទីនេះ​ក្រៅពី​សម្លៀកបំពាក់​គឺ​គ្មាន អ្វី​ទៀតឡើយ ត្រូវតែ​ត្រួតពិនិត្យ​មុននឹង​អនុញ្ញាត​ឲ្យ​ដើរ​ដោយ​ថ្មើរជើង​តាម​កាំជណ្ដើរ​ឡើង​កំពូលភ្នំ​ឆ្ពោះទៅកាន់​ទីតាំង​រ៉ា​ដា​យក្ស​ជាមួយ​សមត្ថភាព​សុខភាព​ដូច​រូបខ្ញុំ​ជា​អ្នក​និយម​លេង​កីឡា​រាល់ថ្ងៃ​ត្រូវ​ឈប់សម្រាក​៤​ដង​ទើប​ទៅដល់​គោលដៅ​ជាមួយ​អាកាសធាតុ​ប្រែប្រួល​ក្ដៅ ត្រជាក់​ភ្លាមៗ​។ ពេល​មក​ដល់​គោលដៅ​ទើប​ដឹងថា រ៉ា​ដាយ​ក្ស​នេះ​មាន​ឈ្មោះថា ហ្វា​ស់ (FAST) ។ មាន​យុវជន​ចិន​ម្នាក់​ជា​បុគ្គលិក​របស់​សាកលវិទ្យាល័យ​មួយ​ធ្លាប់បាន​ចូលរួម​សិក្សា​តាមបែប​វិទ្យាសាស្ដ្រ​លើ​ផលប៉ះពាល់​គម្រោង​សាងសង់​រ៉ា​ដា​យក្ស​នេះ​បាន​រៀបរាប់​ប្រាប់​ទីតាំង​ទីនេះ​ដែល​ត្រូវ​បាន​សម្រេចយក​ជា​ចុងក្រោយ​ក្នុងចំណោម​ទីតាំង​៣០០​កន្លែង​លើទឹក​ដី​មហា​យក្ស​ចិន​។ ពីព្រោះ​ទីតាំង​នេះ​មាន​ប្រភព​និង​ប្រ​វ​ត្ដិ​ព័ត៌មាន​ច្បាស់លាស់​ដោយមាន​ជនជាតិភាគតិច​៣​គ្រួសារ​រស់នៅក្នុង​ជ្រលង​ភ្នំ​នេះ​ជាច្រើន​ជំនាន់​មកហើយ​មិន​ដែលមាន​ទឹកជំនន់ ឬ​គ្រោះមហន្ដរាយធម្មជាតិ​អ្វី​ឡើយ​។ ការធ្វើដំណើរ​របស់​ក្រុម​ជនជាតិភាគតិច​នេះ​ដោយ​ថ្មើរជើង​និង​សត្វ​សេះ​។ ពេលដែល​យើង​និយាយ​អំពី​សមត្ថភាព​ទំនាក់ទំនង​ក្នុង​លំហ​អាកាស ខ្ញុំបាទ ម៉ិច សុខន សូម​លើកឡើង​អំពី​ឈ្មោះ​មនុស្សម្នា​ក់មក​ជម្រាប​ជូន លោក លោកស្រី ជ្រាបថា រូបគាត់​ជា​អ្នក​រកឃើញ​សញ្ញា​សំឡេង​ទំនាក់ទំនង​ក្នុង​លំហ​អាកាស​មុនគេ​បំផុត​លើ​លោក ក្នុង​ឆ្នាំ​១៩៣២ ជា​ជនជាតិ​អាមេរិកាំង គឺ​លោក ខាល ហ្សេ​ន​ស្គី (Karl Jansky) ស្នាដៃ​របស់គាត់​ជា​ធាតុ​ដើម​ក្នុង​ការ​បើកចំហ​ដល់​អ្នកវិទ្យាសាស្ដ្រ​ជំនាន់​ក្រោយ​បានធ្វើ​ប​ដិ​វត្ដ​ន៍​ទំនើបកម្ម ផ្នែក​វិ​ទ្យ​សាស្ដ្រ​លំហ​អាកាស​មានការ​រីកចម្រើន​មកដល់​សព្វថ្ងៃ​។ នៅក្នុង​កណ្ដាល​ព្រៃភ្នំ​ជ្រោះ​ជ្រលង​ជ្រៅ តាមផ្លូវ​ដី​វែង​អន្លាយ ស្រាប់​តែ​មាន​អគារ​ទំនើប​មួយ​ក្នុងស្ថានភាព​រចនា​តាមបែប​វិទ្យាសាស្ដ្រ នៅ​ខាងឆ្វេង​ដៃ​មាន​ហ្វូង​មនុស្ស​ក្នុងស្រុក​ឈរ​ជា​ជួរ​ដើម្បី​ទិញ​សំបុត្រ​ដោយ​ដៃ​របស់​ពួកគេ​កាន់កា​តរៀងៗ​ខ្លួន ចំណែក​រូប​ខ្ញុំ​ជា​ជនបរទេស​ត្រូវ​ប្រើ​លិខិតឆ្លងដែន​ជាមួយ​សំណួរ​ខ្លះទៀត​មុនពេល​ហុច​សំបុត្រ​ឲ្យ​ដោយ​ឮ​សំឡេង​ស្រែកថា Cambodian​។ នៅ​កន្លែង​ដ៏​ទៃ​បើ​និយាយ​ថា ត្រួតពិនិត្យ​សន្ដិសុខ​នោះ​ជា​រឿង​ធម្មតា ប៉ុន្ដែ​នៅ​ទីតាំង FAST វិញ តាម​ពាក្យ​ខ្មែរ​យើង​តែងតែ​និយាយថា ត្រួតពិនិត្យ​សន្ដិសុខ​ម៉ែ​អា​ត្រួតពិនិត្យ​ទើប​ត្រឹមត្រូវ ពីព្រោះ​មានតែ​សម្លៀកបំពាក់​ទេ​ដែល​អនុញ្ញាត​។ ពេលដែល​រូប​ខ្ញុំ​បាន​ឡើង​ទៅដល់​កំពូលភ្នំ​ខ្ពស់បំផុត​លើ​ទីវាល​ដែល​រៀបចំ​សម្រាប់​ទេសចរ​ឈរ​ទស្សនា​រ៉ា​ដា​យក្ស​នេះ​ប្រហែល​ជាង​២​ម៉ោង​សង្កេតឃើញថា បន្ទះ​នីមួយៗ​ក្នុងចំណោម​៤៤៥០​បន្ទះ ហាក់ដូច​ជាមាន​ចលនា​ដោយសារ​តែមាន​ចំណាំង​ប្លាត​។ ចំណែក​បក្សាបក្សី​ពេល​ហើរ​មកដល់​ទីនេះ​ត្រូវ​បត់​ត្រឡប់​គេចចេញ​យ៉ាង​លឿន​ទៀតផង ចេញពី​ដែន​រ៉ា​ដាយ​ក្ស​នេះ​ជាបន្ទាន់​។

តាម​ការបង្ហាញ​របស់​អ្នកវិទ្យាសាស្ត្រ​នៅក្នុង មជ្ឈមណ្ឌល Fast នេះ​ថា ទីនេះ​ជា​កន្លែង​អភិវឌ្ឍន៍​
​ប្រេកង់​ឌីជីថល​កម្រិត​ខ្ពស់​របស់​ចិន​សម្រាប់​ពិភពលោក​និង​ជា​កន្លែង​កសាង​ធនធាន​អ្នកវិទ្យាសាស្ត្រ​
​ផ្នែក​លំហ​អាកាស​វ័យក្មេង​របស់​ចិន​ទៀត​ផង​។ សមត្ថភាព​ជាមួយ​បច្ចេកវិទ្យា​ចុងក្រោយ​នៃ​តេ​ឡេ​ស្កុប​លើ​លោក Fast ចាប់យក​នូវ​រូបភាព​និង​សំឡេង​បាន​ចំងាយ​រាប់ពាន់​ឆ្នាំ​បន្លឺ​ឯណោះ​។ ទោះបីជា​អ្នកវិទ្យាសាស្ត្រ ផ្នែក​តារាវិទ្យា​បាន​កត់សម្គាល់​ថា សញ្ញាណ​សំឡេង​ពិភព​ផ្សេងៗ​មាន​កម្លាំង​ខ្សោយ​ប៉ុណ្ណា​ក៏ដោយ Fast នូវតែមាន​សមត្ថភាព​ចាប់បាន​គ្រប់​ស្ថានភាព​ដើម្បី​បកស្រាយ​ជូន​ដល់​អ្នកជំនាញ​បានជា​និច្ច​ដោយ​បន្ទះ​ចំណាំង​បា្លត​ចលនា​ស្វ័យប្រវត្តិ​ជួយ​តម្រង់​ទិសដៅ​ឲ្យ​ចំក្បាល​តេ​ឡេ​ស្កុប​តែម្តង​។ មាន​យុវជន​ម្នាក់​បាន​និយាយ​ទាំង​សើច​លេង​ថា សូម្បីតែ​មនុស្ស​មកពី​ភព​ផ្សេង​ក៏​មិន​អាចមក​បំផ្លាញ​ប្រទេស​ចិន​បានដែរ​។ ដំណើរការ​វិវត្តន៍​ផ្នែក​បច្ចេកវិទ្យា​លើ​ពិភពលោក​មាន​សភាព​លឿន​ណាស់ ជាពិសេស​ផ្នែក​ខួរក្បាល​សិប្ប​និមិត្ត​សម្រាប់​ប្រើ​លើ​មនុស្ស​យន្ត​។ ប្រទេស​អា​រ៉ាប៊ី​សា​អ៊ូ​ឌី​ត បានផ្តល់​សញ្ជាតិ​ឲ្យ​មនុស្ស​យន្ត​ស្រី​ឈ្មោះ Sophia ជា​ប្រទេស​ដំបូង​បំផុត​លើ​ពិភព លោក​។ មនុស្ស​យន្ត​ស្រី​ឈ្មោះ Sophia ធ្លាប់​បាន​មកដល់​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ម្តង​រួចមកហើយ​។ ចំណែក​ប្រទេស​កាណាដា​បាន​ស្នើ​ដល់​ពិភពលោក​គិតពិចារណា​បង្កើត​ច្បាប់​អន្តរជាតិ​មួយ​ការពារ​ទប់ស្កាត់​ការបង្កើត​មនុស្ស​យន្ត​ឃាតក​។

លោក ម៉ិច សុខន ធ្លាប់ជា​សាស្ត្រាចារ្យ​គណិតវិទ្យា ប៉ុន្តែ​បង្រៀន​ភាសា​អង់គ្លេស នៅ​វិទ្យាល័យ​ក្រូចឆ្មារ ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ អតីត​ខេត្តកំពង់ចាម​។ ជាមួយនឹង​មុខរបរ​អាជីវកម្ម​ផ្នែក​បច្ចេកវិទ្យា​ឆ្លាត​វ៉ៃ លោក ម៉ិច សុខន ធ្លាប់​ទស្សនកិច្ច​សិក្សា​នៅ​អា​ល្លឺម៉​ង់ បារាំង ស្វី​ស អូទ្រីស អ៊ី​តា​លី ប៊ែ​ល​ហ្ស៊ី​ក ចក្រភព​អង់គ្លេស សហរដ្ឋ​អា​មេ​រិ​ក អ៊ី​ស្រា​អែល អ៊ីរ៉ង់ ឥណ្ឌា ចិន កាតារ អា​រ៉ាប់​រួម អាស៊ាន​…​។​ល​។ តម្លៃ​នៃ​សន្តិភាព​ដែលមាន​លើទឹក​ដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​នាពេលនេះ​និង​បន្ត​ដល់​អនាគត​គ្មាន​ដែន​កំណត់​មិនមែនជា​ភ័ព្វព្រេង​សំណាង​ធ្លាក់​ពីលើ​មេឃ​ទេ​។ សមិទ្ធផល​នាពេលនេះ ពិតជា​ការចូលរួម​គាំទ្រ​សហការ​ជាមួយ​ប្រជាជន​ភាគច្រើនបំផុត​ដែល​ស្រឡាញ់​សន្តិភាព​និង​វីរៈ​ថ្នាក់ដឹកនាំ​ស្វែងរក​សន្តិភាព​ផ្តល់ជូន​ប្រទេសជាតិ​មាតុភូមិ​និង​ប្រជាជន​ទាំងអស់​។

ពេល​ប្អូនៗ​ទទួលបាន​ការសិក្សា​ឬ​ការងារ​នៅ​ក្រៅ​ប្រទេស​សូម​ប្អូនៗ​ត្រូវតែ​ដឹងខ្លួន​ឯង​ថា អ្វីដែល​អ្នក​ត្រូវ​រៀន​បន្ថែម គឺ​ភាសាបរទេស​ជំនាញ​និង​ចំណេះ​បច្ចេកទេស​ស​មិនមែន​មនោ​គម​វិទ្យា​ស្រមើស្រមៃ​តាម​ក្រុម​ក្រៅច្បាប់​នោះទេ​។ ឯកសារ​ផ្ទាល់ខ្លួន​របស់​ប្អូនៗ​ទាំងអស់​មាននៅ​ក្នុង​ដៃ​របស់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ពីព្រោះ​ពេល​ប្អូនៗ​មាន​បញ្ហា​នៅ​ឯនាយសមុទ្រ​រាជរដ្ឋាភិបាល​ដែលជា​អាណាព្យាបាល​នឹងធ្វើ​អន្តរាគមន៍​ជាបន្ទាន់​ដើម្បី​ជួយ​ដល់​ប្អូនៗ​ដែលមាន​បេះដូង​ឈាមជ័រ​ជា​ខ្មែរ​រួម​ជាតិ​ដូចគ្នា​។ ឯកសារ​មនោគមន៍​វិទ្យា​ជាច្រើន​ក្បាល​ដែល​ប្រឹង​សរសេរ​ចម្លង​ពីគ្នា​ទៅវិញទៅមក តាម​បែប​ការ​ស្រ​ម៉ៃ​ក្រ​ឡៃ​ការពិត​ត្រូវ​បាន​គេ​យកទៅ​ប្រើ​យ៉ាង​ពេញនិយម​បំផុត​សំរាប់​ខ្ចប់​នំ ឬ​ថែ​រក្សាទុក​ក្នុង​បន្ទប់​ប្រណីត​ស្ថិត​ជាមួយ​សត្វ​កណ្តុរ កន្លាត​អាន​ជំនួស​វិញ​។ ដូច្នេះ​យើង​រួមគ្នា​ថែរក្សា​ការពារ​សន្តិភាព​ឲ្យ​បានរួម​គ្នា​ផ្តល់​សេចក្តី​ស្រឡាញ់​ការពារ​ដល់​អ្នក​វិនិយោគ​និង​ក្រុម​ធុរកិច្ច ពហុ​ជាតិ​សាស្ត្រ​បដិសេធ​រាល់​កលល្បិច​បំផ្លាញ​ជាតិ​ប្តេជ្ញា​គ្រប់​ស្នៀត​ការពារ​ឯករាជ្យ អធិបតេយ្យ​ភាព​និង​បូរណភាព​ដែនដី​មិន​ខ្វល់​នឹង​សម្តី​ពួក​ក្រៅច្បាប់​ចូលរួម​ការពារ​សន្តិភាព​ជា​វាសនា​ទើប​កូនចៅ​យើង ស្រស់​ថ្លៃថ្លា​យូរអង្វែង​។ មានតែ​សន្តិភាព​ប៉ុណ្ណោះ​ទើប​ជា​ឱកាស​សំរាប់​ប្អូនៗ​ទទួល​បាន ការសិក្សាអប់រំ​កម្រិត​ខ្ពស់​ការងារ​ល្អៗ​ការកសាង​សមត្ថភាព​ផ្នែក​បច្ចេកវិទ្យា វិទ្យាសាស្ត្រ​។ ឃ្លា​ចងចាំ​ដែល​សាមញ្ញ​បំផុត​គឺ ក្រោម​ម្លប់​ព្រះមហាក្សត្រ​តែមួយ​រដ្ឋធម្មនុញ្ញ​តែមួយ ស្ថិតក្រោម​ការដឹកនាំ​ក្រុម​វីរជន​ខ្មែរ​តែមួយ​ពិត ជាការ​លើកស្ទួយ​តម្លៃ​សន្តិភាព​។ ជយោ​! មិត្តភាព​ដែក​ថែប​កម្ពុជា​ចិន​។ អបអរសាទរ​ទិវា​នំ​បញ្ចុក​តេជោ​សន្តិភាព​ដែល​បញ្ជាក់​ពី​សាមគ្គីភាព​និង​ឯកភាព​ជាតិខ្មែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114