ព័ត៍មានទាន់​ហេតុការណ៏
Search

នាយករដ្ឋមន្ត្រី ​កម្ពុជា និង​សិង្ហ​បុរី ជួប​គ្នា បញ្ចប់​ការ​ថ្នាំងថ្នាក់ រយៈពេល​ខ្លី ដែល​កើតឡើង​កន្លងមក

​ភ្នំពេញ​ ៖ ​ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោក លី ស៊ាន​ឡុង នាយករដ្ឋមន្ត្រី​សិង្ហ​បុរី បាន​ជួប​សន្ទនា​គ្នា ក្នុង​ពិធី​ទទួលទាន​បាយ​ថ្ងៃត្រង់​ បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៤ នា​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៩​នោះ នៅ​ទីក្រុង​បាងកក​។​

ក្នុង​កិច្ចសន្ទនា​នោះ នាយករដ្ឋមន្ត្រី​ទាំងពីរ បាន​ចាត់ទុកថា ភាព​ថ្នាំងថ្នាក់ ក្នុង​ទំនាក់ទំនង ដែល​បណ្តាលមកពី​ការលើកឡើង​របស់ លោក លី ស៊ាន​ឡុង ថា​វៀតណាម​ឈ្លានពាន​កម្ពុជា​នោះ គឺជា​សុបិន​អាក្រក់​តែមួយ​យប់​ប៉ុណ្ណោះ ហើយ​ភាគី​ទាំងពីរ ​បាន​ប្តេជ្ញា​រក្សា​ទំនាក់ទំនង និង​កាន់​ដៃ​គ្នា​ដើរទៅ​មុខ​។ នេះ​បើតាម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​។​

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ឲ្យ​ដឹងថា ក្នុងជំនួប​សន្ទនា​នោះ សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​អំពី​គុណបំណាច់​របស់​កម្ពុជា ដែល​បាន​ទទួល​ស្គាល់​នូវ​ឯករាជ្យ​ភាព​របស់​ប្រទេស​សិង្ហ​បុរី មួយថ្ងៃ​ បន្ទាប់ពី​ប្រទេស​នេះ ប្រកាស​ឯករាជ្យ​នៅ​ឆ្នាំ​១៩៦៥ ហើយ​អះអាង​ថា ប្រទេស​កម្ពុជា និង​សិង្ហ​បុរី មាន​ទំនាក់ទំនង​ល្អជា​យូរ​ណាស់​មកហើយ​។​

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់​ទៀតថា ក្នុង​កិច្ចសន្ទនា​នោះ ភាគី​ទាំងពី សុទ្ធតែ​ចាត់ទុកថា បញ្ហា​កាលពី​អតីតកាល គឺជា​ទស្សនៈ​ខុសគ្នា​តែប៉ុណ្ណោះ ហើយ​ភាគី​ម្ខាង​មិនអាច​កែប្រែ​នូវ​ទស្សនៈ​របស់​ភាគី​ម្ខាង​ទៀត​បានទេ​។ ប៉ុន្តែ​ភាគី​ទាំងពីរ បាន​ឯកភាពគ្នា​មើលទៅ​មុខ ហើយ​ចាប់ដៃគ្នា ទៅមុខ​ដើម្បី​ភាព​វិជ្ជមាន​ទាំងអស់គ្នា​។​

គួរ​រំលឹក​ថា កាលពី​ចុងខែ​ឧសភា ឆ្នាំ​២០១៩ នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លោក Lee Hsien Loong បាន​លើកឡើងថា វៀតណាម​បាន​ចូល​ឈ្លានពាន​កម្ពុជា កាលពី​ទសវត្សរ៍​ឆ្នាំ​១៩៨០​។ ការ​លើកឡើង​បែបនេះ បាន​ធ្វើឱ្យ​មានការ​ប្រតិកម្ម​យ៉ាង​ខ្លាំង​ពី​សំណាក់​ថ្នាក់ដឹកនាំ​កំពូល​កម្ពុជា​-​វៀតណាម ដោយ​ចាត់ទុកថា មាន​លក្ខណៈ​ផ្ទុយ​ពី​ប្រវត្តិសាស្ត្រ​ជាក់ស្តែង ហើយ​គាំទ្រ​ដល់​របប​ខ្មែរក្រហម​។​

បន្ទាប់ពី​មាន​ប្រតិកម្ម​នេះ សិង្ហ​បុរី​បាន​បន្ទន់​ឥរិយាបទ ដោយ​អះអាង​ថា នាយករដ្ឋមន្ត្រី​របស់​ខ្លួន មិនមាន​ចេតនា​មិនល្អ​ណាមួយ​មកលើ​កម្ពុជា​នោះទេ។ រដ្ឋមន្ត្រីការបរទេស​សិង្ហ​បុរី លោក Vivian ដែល​បាន​ទូរស័ព្ទ​មក រដ្ឋមន្ត្រីការបរទេស​កម្ពុជា បានបញ្ជាក់​អះអាងថា លោកនាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី Lee Hsien Loong ពុំមាន​ចេតនា​មិនល្អ​ណាមួយ​ក្នុង​សារ​ខាងលើនេះ​ទេ​។

លោក Vivian បាន​បញ្ជាក់​ថា សិង្ហ​បុរី​ចង់​បានតែ​សន្តិភាព និង​វិបុលភាព​សម្រាប់​កម្ពុជា​តែប៉ុណ្ណោះ ពុំ​មាន​បំណង​ណាមួយ​គាំទ្រ​ខ្មែរក្រហម ហើយ​មិន​ចង់​ឃើញ​របប​នេះ វិល​ត្រឡប់​មក​កម្ពុជា​វិញ​ទេ​។ សូមកុំ​ឱ្យ​មាន​ការសង្ស័យ​អ្វី​លើ​ភាព​ស្មោះត្រង់​នេះ៕

ដោយ ៖ ណា រី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114