ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួង​ទេសចរណ៍ ​អំពាវនាវ​ឲ្យ​ជំរុញ​ការ​អភិរក្ស​ស៊ីក្លូ ដើម្បី​រួមចំណែក​ទាក់ទាញ​ភ្ញៀវ​ទេសចរ​

ភ្នំពេញ​ ៖ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក​ថោង ខុន​ បាន​អំពាវនាវ​ឲ្យ​ជំរុញ​ការ​អភិរក្ស​ស៊ីក្លូ ដើម្បី​រួមចំណែក​ទាក់ទាញ​ភ្ញៀវ​ទេសចរ ដោយសារតែ​ស៊ីក្លូ​មិន​ត្រឹមតែ​ដើរតួនាទី​ជា​មធ្យោបាយ​ធ្វើដំណើរ​ដែល​មិន​ប៉ះពាល់​បរិស្ថាន និង​បម្រើ​ជីវភាព​រស់នៅ​រ​បស់បង​ប្អូន​នៅ​ទីក្រុង​ប៉ុណ្ណោះ​ទេ គឺ​នៅបាន​ដើរ​តួនាទី​ជា​ផលិតផល​ទេសចរ​មួយបែប តែ​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ។​

ការអំពាវនាវ​បែបនេះ​បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៣​ ខែ​មិថុនា​ ឆ្នាំ​២០១៩ ខណៈ​ដែល​លោក​ ​ឃួ​ង ស្រេង​ អភិបាល ​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​កម្មវិធី​ប្រណាំង​ស៊ីក្លូ​ទេសចរ​កម្ពុជា​លើក​ទី​៣ ​ឆ្នាំ​២០១៩ ដែល​បាន​ធ្វើឡើង​នៅ​សួនច្បារ​ព្រះ​នាង ប្រាជ្ញា​បារី សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា​រាជធានី​ភ្នំពេញ។​

​កម្មវិធី​នេះ​រៀបចំឡើង​ដើម្បី​លើកទឹកចិត្ត និង​គាំទ្រ​ទៅដល់​អ្នក​ប្រកប​របរ​ស៊ីក្លូ​ឲ្យ​បន្ត​រក្សា ក៏​ដូច​គាំពារ​ដល់​របរ​មួយ​នេះ​កុំ​ឲ្យ​បាត់បង់​,​លើក​កម្ពស់​វិស័យ​ទេសចរណ៍​ស៊ីក្លូ​ទៅកាន់​ភ្ញៀវ​ជាតិ អន្តរជាតិ​,​បង្កើត​ឱកាស​មួយ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​រំលឹក​អនុស្សាវរីយ​ពី​អតីតកាល ក៏​ដូច​បង្កើន​ប្រជា​ប្រិយភាព បង្កើន​ការប្រើប្រាស់​ និង​គាំទ្រ​ការ​ជិះ​ស៊ីក្លូ​។

លោក​ឃួ​ង ស្រេង អភិបាល​ នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែងថា ព្រឹត្តិការ​ក្នុង​ថ្ងៃនេះ មិន​ត្រឹមតែ​ជា​គុណ​តម្លៃ​សម្រាប់​ការលើក​កម្ពស់​វិស័យ​ទេសចរណ៍ និង​ការ​អភិរក្ស​ស៊ីក្លូ​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បានបង្ហាញ​ឲ្យ​ឃើញ​កាន់តែច្បាស់​ពី​ស្ថិរភាព​នយោបាយ សុខ​សន្តិភាព​យ៉ាង​ពេញលេញ និង​ការ​អភិវឌ្ឍ​ទៅមុខ​ឥតឈប់ឈរ​របស់​កម្ពុ​ជា ​ក្រោម​ការដឹកនាំ​របស់​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ​ ហ៊ុន សែន​។​

លោក​បន្តថា ឆ្លើយតប​ទៅនឹង​ការលំបាក​របស់​អ្នក​ប្រកប​របរ​ធាក់​ស៊ីក្លូ​នេះដែរ សម្ដេច​តេជោ បាន​សម្រេច​បង្កើត​សមាគម​មូលនិធិ​ត្រីចក្រយាន​កម្ពុជា​ដែលជា​ផ្នែក​មួយ​ក្នុងការ​ចូលរួម​អនុវត្ត​ប្រព័ន្ធ​គាំពារ​សង្គម និង​គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូន​ក្នុងចំណោម​អ្នក​ប្រកប​របរ​ធាក់​ស៊ីក្លូ​ចំនួន​៣២០​នាក់​ក្នុង​រាជធានី​ភ្នំពេញ​បច្ចុប្បន្ន​។

លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បាន​លើកឡើងថា ការប្រណាំង​ស៊ីក្លូ​ថ្ងៃនេះ​ មាន​គោល​បំណង​លើក​កម្ពស់ បណ្ដុះ​ស្មារតី​គាំទ្រ និង ​អភិរក្ស​ស៊ីក្លូ​នៅ​កម្ពុជា​។ ​ស៊ីក្លូ​ មិន​ត្រឹមតែ​បាន​ដើរតួនាទី​ជា​មធ្យោបាយ​ធ្វើដំណើរ​ដែល​មិន​ប៉ះពាល់​បរិស្ថាន និង​បម្រើ​ជីវភាព​រស់នៅរ​បស់បង​ប្អូន​នៅ​ទីក្រុង​ប៉ុណ្ណោះ​ទេ តែ​បាន​ដើរ​តួនាទី​ជា​ផលិតផល​ទេសចរណ៍​មួយបែប​ផងដែរ ចូលរួមចំណែក​យ៉ាង​សំខាន់​ក្នុងការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ និង​ផ្តល់​បទពិសោធន៍​ថ្មី​ នៃ​ទេសចរណ៍​ទីក្រុង​តាមរយៈ​ការ​ផ្តល់​សេវាកម្ម​ស៊ីក្លូ​ទេសចរ​នៅក្នុង​កញ្ចប់​ទស្សនកិច្ច​ថែម​ទៀតផង​។​

ឆ្លងតាម​ការប្រណាំង​រយៈពេល​២​ថ្ងៃ​ គណៈកម្មការ​រៀបចំ​ការ​ប្រណាំង​ស៊ីក្លូ​បាន​រកឃើញ​អ្នក​ទទួល​បាន​ជ័យលាភី​ក្នុងការ​ប្រណាំង​រយះ​ចម្ងាយ​៨០០​ម៉ែត្រ ​គឺ​លេខ​១​ បាន​ឈ្មោះ​ រ៉ុ​ន ចក់ ​មកពី​ខេត្ត​ព្រៃវែង​ ទទួលបាន​រង្វាន់​៤០​ម៉ឺន​រៀល​, លេខ​២​ បាន​ទៅ​ឈ្មោះ​ នូ សារឿន មកពី​ខេត្ត​ស្វាយរៀង​ទទួល​បាន​រង្វាន់​៣២​ម៉ឺន​រៀល និង ​លេខ​៣​ បាន​ទៅ​ឈ្មោះ ​អ៊ឹម ជឿន មកពី​ខេត្ត​ព្រៃវែង​ទទួល​បាន​រង្វាន់​២៤ ម៉ឺន​រៀល​។ ​ចំពោះ​អ្នក​ចូល​រួម​ជាង​១០០​នាក់​ ដែល​មិន​ទទួល​បាន​ជ័យលាភី​ក្នុង​ម្នាក់​ទទួល​បាន​រង្វាន់​លើកទឹកចិត្ត​១០​ម៉ឺន​រៀល​ផងដែរ​៕

ដោយ ៖ ​ស្រីរ័ត្ន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114