ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​គ្រូពេទ្យ​មន្ទីរពេទ្យ Medic Can Tho សហការ​ជាមួយ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត TYDA ចុះ​ពិនិត្យ និង​ព្យាបាល​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​ព្រៃកប្បាស​

​តាកែវ​ ៖ ក្រុមគ្រូពេទ្យ​មន្ទីរពេទ្យ ហ្វា​ហាវ (Medic Can Tho) សហការ​ជាមួយ​សមាគម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​យុវជន​ សម្ដេច​តេ​ជោ (TYDA) ចុះ​ពិនិត្យ និង​ព្យាបាល​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ហើយ​នេះ​គឺជា​លើក​ទី​៣ ដែល​មន្ទីរពេទ្យ Medic Can Tho បាន​ចុះ​ព្យាបាល​ប្រជាពលរដ្ឋ​កម្ពុជា ដោយ​ឥតគិតថ្លៃ​។​

​លោក​ឧត្ដមសេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​ នៃ​កងយោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ បាន​ស្វាគមន៍​គណៈប្រតិភូ​ នៃ​មន្ទីរពេទ្យ​ហ្វា​ហាវ Medic Cantho និង​បាន​ថ្លែងអំណរគុណ​ដល់​ក្រុម​ការងារ​ នៃ​មន្ទីរពេទ្យ​នេះ ដែល​បាន​យក​អស់​កម្លាំងកាយ​ចិត្ត ពេលវេលា សម្ភារៈ ថវិកា​ចូលរួម​សហការ​ជួយ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​តាមរយៈ​ការ​សហការ​ជាមួយ និង​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ (TYDA)​។

លោក​ឧត្ដមសេនីយ៍​បាន​បន្តថា ក្នុងនាម​ប្រទេស​ភូមិ​ផង​របង​ជាមួយ ការទំនាក់ទំនង​នេះ គឺជា​មិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​ស​ម្រា​ប់​កងទ័ព និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។ លោក​បាន​បញ្ជាក់ថា ការទំនាក់ទំនង​នេះ​មិន​ត្រឹមតែ​លើ​វិស័យ​សុខាភិបាល​នោះ​ទេ ប៉ុន្តែ​នឹង​មាន​ការ​ទំនាក់ទំនង​កា​រលើ​វិស័យ​ផ្សេងៗ​ទៀត ​នៃ​ប្រទេស​ទាំងពីរ​។

​លោក​ឧត្ដមសេនីយ៍​ត្រី វ៉ូ កៅ​គន់ សមាជិក​ក្រុមប្រឹក្សាភិបាល ​នៃ​មន្ទីរពេទ្យ​ហ្វា​ហាវ Medic Can Tho បាន​លើកឡើងថា លោក​ និង​ក្រុមការងារ​ នៃ​មន្ទីរពេទ្យ​ហ្វា​ហាវ Medic Can Tho ពិតជា​រីករាយ និង​ចូលរួម​ជួយ​កងទ័ព និង​ប្រជាជន​កម្ពុជា ដោយ​ភាពស្មោះត្រង់ និង​គ្មាន​លក្ខខណ្ឌ​។ ជាក់ស្ដែង​ក្រុម​ការងារ​ នៃ​មន្ទីរពេទ្យ​បាន​ចុះ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​នៅក្នុង​ខេត្តកំពង់ស្ពឺ កំពង់​ឆ្នាំង ព្រះវិហារ និង​ខេត្តតាកែវ​។

លោក​បាន​បន្តថា នេះ ​គឺជា​សាមគ្គីភាព​មិត្តភាព​ និង​កិច្ចសហប្រតិបត្តិការ​ស​ម្រា​ប់​កងទ័ព និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។​

​សូមបញ្ជាក់ថា នេះ​គឺជា​លើក​ទី​៣​ហើយ ដែល​មន្ទីរពេទ្យ​ហ្វា​ហាវ Medic Can Tho ដែល​បាន​ចុះ​ព្យាបាល​ប្រជាពលរដ្ឋ​កម្ពុជា ដោយ​ឥតគិតថ្លៃ ដោយ​លើក​ទី​១​ព្យាបាល​ប្រជាពលរដ្ឋ​នៅ​ខេត្តកំពង់ស្ពឺ និង​កំពង់ឆ្នាំង លើក​ទី​២ ព្យាបាល​ប្រជាពលរដ្ឋ​នៅ​ខេត្តព្រះវិហារ និង​លើក​ទី​៣​ នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​មិថុនា ឆ្នាំ​២០១៩ ក្រុមគ្រូពេទ្យ​មន្ទីរពេទ្យ​ហ្វា​ហាវ Medic Can Tho នៃ​ប្រទេស​វៀតណាម សហការ​ជា​មួយ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ​(TYDA) ក្រុមការងារ​ចុះជួយ​ស្រុក​ព្រៃកប្បាស បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក និង​យោធភូមិភាគ​ទី​៩ នៃ​ប្រទេស​វៀតណាម បាន​ចុះ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ចំនួន​ប្រមាណ​ជាង​២​ពាន់​នាក់ ​ស្ថិតក្នុង​បរិវេណ​អនុវិទ្យាល័យ ចំប៉ា ភូមិ​ចំប៉ា ឃុំ​ចំប៉ា ស្រុក​ព្រៃកប្បាស ខេត្ត​តាកែវ​៕

ដោយ ៖ សុជាតា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114