ព័ត៍មានទាន់​ហេតុការណ៏
Search

អាកាសចរណ៍ ​Emirates និង Etihad ប្ដូរ​ទិសដៅ​ហោះហើរ​ឡើងវិញ ​ក្រោយ​មាន​វិបត្តិ​រវាង​អាមេរិក​និង​អ៊ីរ៉ង់

ក្រុមហ៊ុន​អាកាសចរណ៍​របស់​អារ៉ាប់​រ៉ួ​ម Emirates Airline និង​ក្រុមហ៊ុន Etihad Airways បានប្រកាស​កាលពី​ថ្ងៃ​សុក្រ​ថា​ នឹង​រៀបចំ​ប្ដូរ​ទិសដៅ​ហោះហើរ​ឡើងវិញ​ពោលគឺ​មួយថ្ងៃ​ក្រោយពី​អ៊ីរ៉ង់​បាន​បាញ់​ទម្លាក់​យន្តហោះ​ស៊ើបការណ៍​គ្មាន​អ្នកបើក​របស់​អាមេរិក​នៅលើ​ច្រក​សមុទ្រ​Hormuz​។

​ដោយឡែក​ក្រុមហ៊ុន​អាកាសចរណ៍​ធំៗ​លើ​ពិភពលោក​មួយចំនួន​ផ្សេងទៀត​ដូចជា British Airways, Qantas និង Singapore Airlines​ជាដើម​ក៏បាន​ពន្យារពេល​ហោះហើរ​ជុំវិញ​រឿង​យុទ្ធសាស្ត្រ​ផ្លូវទឹក​ស្របពេល​ដែល​ភាព​តានតឹង​រវាង​ក្រុង​វ៉ាស៊ីនតោន​និង​ក្រុង​តេ​ហេ​រ៉ង់​កាន់តែ​ឆេះ​ពុះពោរ​ឡើង​។​

​អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន Emirates បាន​និយាយថា “​សម្រាប់​ស្ថានភាព​បច្ចុប្បន្ននេះ​ក្រុមហ៊ុន​យើង​បាន​ចាត់វិធានការ​ប្រុងប្រយ័ត្ន​ខ្លាំងណាស់​ដូចជា​ការផ្លាស់ប្តូរ​ជើងហោះហើរ​ទាំងអស់​ចេញពី​តំបន់​ដែល​អាច​កើតមាន​ជម្លោះ​បានជា​ដើម​។​”

“​យើង​កំពុង​ត្រួតពិនិត្យ​យ៉ាង​ម៉ត់ចត់​បំផុត​ទៅលើ​ស្ថានភាព​វិវត្តន៍​ថ្មី​និង​បាន​ទាក់ទង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​របស់​រដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​នៃ​ជើងហោះហើរ​របស់​យើង​ហើយ​យើង​នឹងធ្វើ​ការកែប្រែ​ប្រតិបត្តិការ​របស់​យើង​នៅពេលណា​ដែល​ចាំបាច់​។​”

​ការសង្ស័យ​នេះ​កើតឡើង​ក្រោយពី​រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ (FAA) នៅ​សហរដ្ឋអាមេរិក​បានចេញ​សេចក្ដីជូនដំណឹង​ដល់​ក្រុមហ៊ុន​ហោះហើរ​ទាំងអស់​ដោយ​ហាមឃាត់​យន្តហោះ​ដែល​បាន​ចុះបញ្ជី​នៅ​សហរដ្ឋអាមេរិក​ទាំងអស់​មិនឱ្យ​ហោះហើរ​ពីលើ​តំបន់​ឈូង​សមុទ្រ​ពែ​ក្ស​និង​ឈូង​សមុទ្រ​អូ​ម៉​ង់​ដាច់ខាត​។​

​ជាមួយគ្នានេះ​ឆ្លើយតប​តាម​សេចក្ដីជូនដំណឹង​ខាងលើ​ក្រុមហ៊ុន​អាកាសចរណ៍​Etihad Airways ដែលមាន​មូលដ្ឋាន​ក្នុង​ទីក្រុង​Abu Dhabi បានឱ្យដឹងថា​ខ្លួន​បាន​ស្របតាម​សេចក្ដីជូនដំណឹង​និង​បាន​កែប្រែ​ទិសដៅ​ហោះហើរ​មួយចំនួន​ដែល​ត្រៀម​ហោះ​ទៅ​ឬ​ចេញពី​ឈូង​សមុទ្រ​របស់​អារ៉ាប់​ទាំងនេះហើយ​៕AFP

ដោយ ៖ តរុណី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114