ព័ត៍មានទាន់​ហេតុការណ៏
Search

គ្រួសារ​សព បាត់បង់​ជីវិត​ដោយ​ឧបទ្ទវហេតុ​បាក់​រលំ​អគារ​សំណង់​នៅ​ខេត្ត​ព្រះសីហនុ ចំនួន​៨​នាក់ ស្ថិតនៅ​ក្នុងស្រុក​កំពង់ត្រាច​(០៦​នាក់​) និង​ស្រុក​ដងទង់​(០២​នាក់​) នៃ​ខេត្ត​កំពត បាន​ទទួល​ថវិកា​របស់​រាជរដ្ឋាភិបាល​៤០​លាន​រៀល ក្នុង​១​គ្រួសារ​

កំពត ៖ នៅ​ល្ងាច ថ្ងៃអាទិត្យ​៦​រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៩ លោក ជាវ តា​យ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​កំពត បាន​អញ្ជើញ​អម​ដំណើរ លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាមួយ​ក្រុមគ្រួសារ​ នៃ​សព​កម្មករ​សំណង់​ដែល​រងគ្រោះ​ដោយ​ឧបទ្ទវហេតុ​បាក់​រលំ​អគារ​សំណង់​នៅ​ខេត្ត​ព្រះសីហនុ ដែល​បណ្តាល​ឲ្យ​កម្មករសំណង់​ចំនួន​៨​នាក់​ស្លាប់​បាត់​បង់ជីវិត មាន​លំនៅដ្ឋាន​ស្ថិតនៅ​ក្នុងស្រុក​កំពង់ត្រាច​(០៦​នាក់​) និង​ស្រុក​ដងទង់​(០២​នាក់​) នៃ​ខេត្ត​កំពត​។​

សមាសភាព​គណៈប្រតិភូ​អញ្ជើញ​ចូលរួម​អមដំណើរ​រួមមាន លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត អភិបាល​រង​ខេត្ត គណៈ​អភិបាលស្រុក កងកម្លាំង​ទាំងបី និង​អាជ្ញាធរ​ភូមិ/ឃុំ​។​

ស្ថិតក្នុង​ឱកាស​នោះ លោក​ឧបនាយករដ្ឋមន្ត្រី បាន​នាំ​យក​នូវ​ថវិកា​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ប្រគល់​ជូន​ក្រុមគ្រួសារ​សព​ទាំង​៨​គ្រួសារ ដោយ​គ្រួសារ​នីមួយៗ​ទទួល​បាន​ថវិកា​ចំនួន​៤០​លាន​រៀល (១​ម៉ឺន​ដុល្លារ​អាមេរិក​) សរុប​៣២០​លាន​រៀល ស្មើនឹង​៨​ម៉ឺន​ដុល្លារ​អាមេរិក​។​

សូមបញ្ជាក់ថា ករណី​បង្កឲ្យ​មាន​សោកនាដកម្ម​ដ៏​ធ្ងន់ធ្ងរ​បណ្ដាលឲ្យ​បាត់បង់​ជីវិត​ជាច្រើន​នាក់​បែប​នេះ គឺ​កើតឡើង​ដោយសារ​បាក់​រលំ​អគារ​ដែលមាន​កម្ពស់​៧​ជាន់​ កំពុង​សាងសង់​នៅ​ខេត្ត​ព្រះសីហនុ កាលពី​វេលា​ម៉ោង​ជិត​៥​ទៀបភ្លឺ កាលពី​ថ្ងៃទី​២២ ខែ​មិថុនា ឆ្នាំ​២០១៩ ហើយ​មនុស្ស​ដែល​ស្លាប់​បាត់​បង់ជីវិត​ក្នុង​ឧបទ្ទវ​ហេតុនេះ​សុទ្ធតែជា​ជាង​សំណង់ ភាគច្រើន​រស់នៅ​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​កំពត​៕

ដោយ ៖ សេង ណា​រិ​ទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114