ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នកខ្លាំង​ចូលដេក​គុក អ្នក​ខ្សោយ​ចូល​ដេក​ពេទ្យ

ភ្នំពេញ ៖ ជនសង្ស័យ​ពីរ​នាក់​បងប្អូន ទាស់សំដី​គ្នា​ក្នុង​វង់​ផឹកស៊ី យក​ដាវ​មក​កាប់​ជនរងគ្រោះ​ដែល​ជា​ម្ចាស់ផ្ទះឲ្យ​រងរបួស​ធ្ងន់​ម្នាក់ កាលពី​វេលា​ម៉ោង​២២ និង​៣០​នាទី ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​ជំរៅ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន ទី​១.ឈ្មោះ ទិ​ត្យ រ៉ូ​ស៊ី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​ជំរៅ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ និង​ទី​២ ឈ្មោះ ទិ​ត្យ ភូ​វ៉ា​ឌី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​ជំរៅ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ។​

ចំណែក​ជនរងគ្រោះ ឈ្មោះ ហេង វណ្ណៈ ភេទ​ប្រស អាយុ​២២​ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ​ជាង​ឡាន ស្នាក់​នៅផ្ទះ​គ្មាន ផ្លូវ​បេតុង ភូមិ​ជ​រៅ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ។​សម្ភារ​ដកហូត​១.​ដាវ​កែច្នៃ ប្រវែង​៧​តឹក ចំនួន​០១​ដើម​ ស្លាកស្នាម​បន្សល់ទុក ៖​

១.​ស្នាម​រយះ​ត្រង់ ចម្រៀក​កូនដៃ​ខាងឆ្វេង​មួយ​កន្លែង ដាច់​សរសៃ​ដើមដៃ​ខាងឆ្វេង​ចំនួន​មួយកន្លែង និង​រយះ​ត្រង់​ចង្កា​ខាងឆ្វេង​មួយកន្លែង​។​

ប៉ូលិស​មូលដ្ឋាន​បានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ហៅ​ជនសង្ស័យ​ឈ្មោះ ទិ​ត្យ រ៉ូ​ស៊ី មក​ផឹកស្រា​បៀរ​នៅមុខ​ផ្ទះ​របស់ខ្លួន លុះ​មកដល់​វេលា​ម៉ោង​ប្រហែល​២២​និង​០០​នាទី ជនរង​គ្រោះ​ក៏បាន​ទាស់​ពាក្យសំដី​ជាមួយនឹង​ជនសង្ស័យ ហើយ ក៏បាន​ប្រតាយប្រតប់​គ្នា​ទៅវិញទៅមក​ជាមួយ​ជនសង្ស័យ ភ្លាមៗនោះ​ឈ្មោះ សាន សុផល ដែល​ត្រូវជា​ពូ​របស់​ជនរងគ្រោះ​បាន​មក​ឃាត់ និង​ចាប់​បំបែកចេញ​ពីគ្នា ហើយ​ឈ្មោះ ទិ​ត្យ រ៉ូ​ស៊ី ក៏បាន​ត្រឡប់ទៅផ្ទះ មួយសន្ទុះ​ក្រោយមក​ជនសង្ស័យ​ក៏បាន​ជិះ​ម៉ូតូ​ត្រឡប់មក​ឈប់​នៅ​កន្លែង​កើតហេតុ​ជាមួយ​ឈ្មោះ ទិ​ត្យ ភូ​វ៉ា​ឌី ដែលជា​ប្អូនបង្កើត ភ្លាមៗនោះ ​ជនសង្ស័យ​ឈ្មោះ ទិ​ត្យ រ៉ូ​ស៊ី បាន​យក​ដាវ​ដែល​ខ្លួន​កាន់​ក្នុង​ដៃ កាប់​ទៅលើ​ជនរងគ្រោះ​ជាច្រើន​ដាវ បណ្ដាលឲ្យ​រងរបួស​ដៃ​ខាងឆ្វេង​ចំនួន​០២​កន្លែង ដៃ​ខាងស្ដាំ​ចំនួន​០១​កន្លែង និង​ត្រង់ ចង្កា​ខាងឆ្វេង​មួយកន្លែង។ ​រួចមក ​ជនសង្ស័យ​បាន​រត់គេចខ្លួន​បាត់​ទៅ។​ លុះ​មក​វេលា​ម៉ោង​០៤និង​០០​នាទី​ទៀបភ្លឺ ​ទើប​កម្លាំង​សមត្ថកិច្ច​​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០២​នាក់​បាន​នៅត្រង់​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​ជំរៅ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ​តែម្ដង។​

​បច្ចុប្បន្ន ​ជនរងគ្រោះ ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ចំណែក​ជនសង្ស័យ​ទាំងពីរ​នាក់​ ត្រូវបាន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគបាល​ខណ្ឌ​ព្រែក​ព្នៅ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕

ដោយ ៖ ឧ​ត្ត​រ៉ា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114