ព័ត៍មានទាន់​ហេតុការណ៏
Search

អ៊ីរ៉ង់​និង​អាមេរិក​ស្តីបន្ទោស​គ្នា​ទៅវិញទៅមក​ មុន​ការដាក់ទណ្ឌកម្ម​ថ្មី

នៅ​ថ្ងៃ​ចន្ទ សហរដ្ឋអាមេរិក​នឹង​រឹតបន្តឹង​ទណ្ឌកម្ម​លើ​ប្រទេស​អ៊ីរ៉ង់​ខណៈដែល​ប្រទេស​ទាំងពីរ​បាន​ស្តីបន្ទោស​គ្នា​ទៅវិញទៅមក​នៅក្នុង​ការ​ប្រឈមមុខ​ដាក់គ្នា​ដ៏​តានតឹង​ដែល​បង្កឡើង​ដោយ​ការដកខ្លួន​របស់​ទីក្រុង​វ៉ាស៊ីនតោន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​មួយ​។​

​ប្រទេស​ទាំងពីរ​បាន​និយាយថា ពួកគេ​ចង់​ចៀសវាង​ការធ្វើ​សង្គ្រាម​ប៉ុន្តែ​ភាព​តានតឹង​បាន​កើនឡើង​នៅពេល​ឧបទ្ទវហេតុ​ជា​បន្តបន្ទាប់​ដែល​រួមមាន​ទាំង​ការវាយប្រហារ​លើក​ប៉ាល់​ដឹក​ប្រេង​និង​ការបាញ់​ទម្លាក់​យន្ដហោះ​គ្មាន​មនុស្ស​យន្ត​របស់​អាមេរិក​ដោយ​អ៊ីរ៉ង់​នៅក្នុង​ឈូង​សមុទ្រ​ពែ​ក្ស​ផងដែរ​នោះបាន​បង្កើន​ការភ័យខ្លាច​នៃ​ការធ្លាក់​ចូល​ទៅរក​ជម្លោះ​ទាំង​គ្មាន​ចេតនា​។​

​កាលពី​ថ្ងៃអាទិត្យ រដ្ឋមន្ត្រី​ក្រសួងការបរទេស​អ៊ីរ៉ង់​លោក Mohammad Javad Zarif បាន​និយាយថា យន្តហោះ​គ្មាន​មនុស្ស​បើក​ចារកម្ម MQ9 Reaper ដែល​ផលិត​ដោយ​សហរដ្ឋអាមេរិក​បាន​ចូល​ដែនអាកាស​នៃ​ប្រទេស​របស់លោក​កាលពី​ថ្ងៃទី​២៦​ខែឧសភា​។​

​លោក​បានធ្វើការ​ចោទប្រកាន់​នេះ​នៅ​ក្នុងការ​បង្ហោះ Twitter មួយ​ដោយ​រួមបញ្ចូល​ទាំង​ផែនទី​មួយ​ផងដែរ​ដែល​បង្ហាញថា យន្តហោះ​គ្មាន​មនុស្ស​បើក​នេះ​បាន​រំលោភ​លើ​ដែនអាកាស​របស់​អ៊ីរ៉ង់​។​

​ទោះបីជា​យ៉ាងណាក៏ដោយ រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក​លោក Mike Pompeo បាន​ច្រានចោល​ការចោទប្រកាន់​នេះ​ថា “​ដូច​កូនក្មេង​” ខណៈដែល​គាត់​កំពុង​ឆ្ពោះ​ដំណើរ​ទៅកាន់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​និង​អារ៉ាប់​រួម​សម្រាប់​កិច្ចពិភាក្សា​អំពី​បញ្ហា​អ៊ីរ៉ង់​ជាមួយ​សម្ព័ន្ធមិត្ត​អាមេរិក​ទាំងពីរ​។​

​សេចក្តីថ្លែងការណ៍​រប​ស់លោក Zarif បាន​ធ្វើឡើង​បន្ទាប់ពី​អ៊ីរ៉ង់​និយាយថា ខ្លួន​បាន​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អាមេរិក​ធុន Global Hawk កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដោយសារ​រំលោភ​លើ​ដែនអាកាស​របស់ខ្លួន​នៅក្បែរ​ច្រក​សមុទ្រ Hormuz ប៉ុន្តែ​ការចោទប្រកាន់​នេះ​ត្រូវបាន​អាមេរិក​បដិសេធ​។​

​ប្រធានាធិបតី​អាមេរិក​លោក Donald Trump បានប្រកាស​លុបចោល​កា​រ​វាយប្រហា​យោធា​សងសឹក​តាម​ការគ្រោងទុក​កាលពី​ថ្ងៃ​សុក្រ​ខណៈដែល​ទីក្រុង​តេ​អេ​រ៉ង់​បាន​ព្រមាន​ថា ការវាយប្រហារ​ណាមួយ​នឹងធ្វើ​ឲ្យ​ផលប្រយោជន៍​របស់​ទីក្រុង​វ៉ាស៊ីនតោន​នៅ​ទូទាំង​តំបន់​មជ្ឈិមបូព៌ា​ត្រូវ​ខ្ទេចខ្ទី​។​

​គួរ​បញ្ជាក់ថា ការបាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អាមេរិក​បាន​កើតឡើង​បន្ទាប់ពី​មានការ​វាយប្រហារ​ជា​បន្តបន្ទាប់​ទៅលើ​កប៉ាល់​ដឹក​ប្រេង​នៅក្នុង​ផ្លូវ​ដឹកជញ្ជូន​ដ៏​មមាញឹក​នៅ​ឈូង​សមុទ្រ​ពែ​ក្ស​ដែល​ទីក្រុង​វ៉ាស៊ីនតោន​បាន​ស្តីបន្ទោស​ទៅលើ​ទីក្រុង​តេ​អេ​រ៉ង់​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114