ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នកដំណើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Air Canada ដេកលក់​លើ​យន្តហោះ ​ស្រាប់តែ​ពេល​ភ្ញាក់ឡើង​នៅតែ​ឯង

ស្ត្រី​ម្នាក់​ដែល​ជិះ​យន្តហោះ​របស់​ក្រុមហ៊ុន Air Canada កាលពី​ដើមខែ​នេះ​បាន​ដេក​លង់លក់​ក្រោយពេល​ហោះហើរ​ហើយ​ពេល​ភ្ញាក់ឡើង​ស្រាប់តែ​នៅ​ម្នាក់ឯង​ក្នុង​យន្តហោះ​ដ៏​ងងឹត​ដែល​ចត​ចោល​ដែល​នាង​ទំនងជា​បុគ្គលិក​ភ្លេច​នៅលើ​យន្តហោះ​នោះ​។​

​រឿងរ៉ាវ​របស់​នាង Tiffani Adams ត្រូវបាន​បង្ហោះ​ដោយ​មិត្ត​ម្នា​ក់នៅ​ទំព័រ Facebook របស់​ក្រុមហ៊ុន Air Canada ដែល​បង្ក​ឲ្យ​មានប្រតិកម្ម​មិនគួរ​ឲ្យ​ជឿ​ពី​អ្នកអាន​និង​សំណើសុំ​ព័ត៌មាន​លម្អិត​ពី​ក្រុមហ៊ុន​អាកាសចរណ៍​នេះ​។​

​យោងតាម​ការ​បង្ហោះ​នោះបាន​ឲ្យ​ដឹងថា នាង Adams បាន​ជិះ​យន្តហោះ​ពី​ទីក្រុង Quebec ទៅកាន់​អាកាសយានដ្ឋាន​អន្តរជាតិ Toronto Pearson នៅពេល​នាង​ដេកលក់​។​

​នាង​បាន​ភ្ញាក់ឡើង​នៅក្នុង​ភាព​ងងឹត​ដោយ​យន្តហោះ​បាន​ចុះចត​ហើយ​យន្តហោះ​ត្រូវបាន​គេ​សណ្តោង​ចេញពី​អាកាសយានដ្ឋាន​បន្ទាប់ពី​អ្នកដំណើរ​និង​អាកាសយានិក​បាន​ចាកចេញ​។​

​នាង​បានសរសេរថា “​ខ្ញុំ​គិតថា ខ្ញុំ​កំពុង​យល់សប្តិ​អាក្រក់​ព្រោះ​ខ្ញុំ​មិនដឹងថា​រឿងនេះ​កើតឡើង​ដោយ​របៀប​ណា​”​។ នាង​បាន Call ទៅ​មិត្តភក្តិ​ប៉ុន្តែ​ទូរស័ព្ទ​បាន​ដាច់​នៅពេល​អស់​ថ្ម​។​

​នាង​សរសេរ​ទៀតថា “​ខ្ញុំ​កំពុង​ព្យាយាម​ផ្តោតអារម្មណ៍​លើ​ការដកដង្ហើម​ហើយ​គ្រប់គ្រង​ការ​ភ័យ​ស្លន់ស្លោ ខណៈ​ខ្ញុំ​ព្យាយាម​សាក​ថ្ម​ទូរស័ព្ទ​របស់ខ្ញុំ​ដោយ​ដោត​ចូល​គ្រប់​រន្ធ USB ដែល​ខ្ញុំ​អាច​រកបាន​។ ប៉ុន្តែ​វា​គ្មាន​ប្រយោជន៍​ទេពី​ព្រោះ​ភ្លើង​នៅលើ​យន្ដហោះ​ត្រូវបាន​បិទ​អស់​ទៅហើយ​”​។​

​បន្ទាប់ពី​រកឃើញ​ភ្លើង​ពិល​នៅក្នុង​កាប៊ីន​យន្ដហោះ នាង​បាន​បើកទ្វារ​មួយ​ប៉ុន្តែ​បាន​ប្រឈម​នឹង​កម្ពស់​រហូតដល់​៥០​ហ្វី​ត​ដើម្បី​ចុះ​ពី​យន្តហោះ​។​

​បន្ទាប់មក​នាង​បាន​ប្រើ​ពិល​ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​អ្នកបើក​ឡាន​ដឹក​ឥ​វ៉ាន់​ដែល​បាន​មកដល់​ដើម្បី​ស្វែង Adams ដោយ​ជើង​របស់​នាង​បាន​ទម្លាក់​ចេញពី​ច្រកទ្វារ​របស់​យន្ដហោះ​។​

​ក្រុមហ៊ុន Air Canada បាន​ប្រាប់​ទូរទស្សន៍ CTV News ថា ខ្លួន​កំពុង​ពិនិត្យមើល​រឿងនេះ​ប៉ុន្តែ​បាន​បដិសេធ​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែ​ម​ទៀត​៕ AFP

​ដោយ ៖ វណ្ណ​វណ្ណ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114