ព័ត៍មានទាន់​ហេតុការណ៏
Search

បង្ក្រាប​ក្រុម​ជល់​មាន់​ចល័ត​ចាប់ខ្លួន​១០​នាក់​ អា​គក​២​ក្បាល ​​ប្រុង​ដោះលែង​យក​លុយ​តែ​បែកការណ៍

ភ្នំពេញ ៖ ក្រុម​អ្នក​ញៀន​នឹង​ល្បែងភ្នាល់​បញ្ជល់មាន់​ចល័ត ឬ​ លើក​គ​កញ្ជើរ​ដើរ​ឲ្យ​តែ​មាន​ឱកាសល្អ​កន្លែង​ណា​ចាប់​គូ​ជល់​កន្លែង​នោះ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ពោធិ៍សែន​ជ័យ​បង្ក្រាប​ចាប់​ខ្លួន​បាន​១០​នាក់​ មាន់គក​២​ក្បាល​និង​ម៉ូតូ​៧​គ្រឿង បម្រុង​នឹង​ស៊ីសស៊ុស​គ្នា​ដោះលែង​ទៅវិញ​ជា​ថ្នូរ​នឹង​លុយ​ម្នាក់​៥០០​ដុល្លារ ​ប៉ុន្ដែ​ទំនង​បែកការណ៍​លាក់​មិន​ជិត​ទើប​ផ្អាក​ដោះ​វិញ ទុក​ឲ្យ​វាសនា​អ្នក​ញៀន​ល្បែង​ជាប់គុក​មួយ​រយះ​តាម​យថាកម្ម​របស់​ខ្លួន​សិន​ទៅ។

ករណីនេះ​ ត្រូវ​បាន​បង្ក្រាប កាលពី​រសៀល ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ដី​វាល​ទំនេរ​មួយ​កន្លែង​ស្ថិត ក្នុងភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ។

តាម​ប្រភព​ព័ត៌មាន​ពី​កម្លាំង​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ក្រោយពី​ទទួលបាន​ព័ត៌មាន ពី​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ជុំវិញ​ការ​បញ្ជល់មាន់​នេះ ពួកគេ មួយចំនួន​បាន​ណាត់​ផ្តុំគ្នា លួច​ប្រជល់​មាន់​ជា ល្បែងភ្នាល់ ខុសច្បាប់ នៅ​ចំណុច​ដី​វាល​ទំនេរ​មួយ​កន្លែង ទើប​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន​ចុះទៅ​បង្ក្រាប ចាប់​ឃាត់ខ្លួន ក្រុម​អ្នកញៀន​ល្បែង​បាន​១០​នាក់ មាន់គក​២​ក្បាល ម៉ូតូ​៧​គ្រឿង​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ចាត់​ការបន្ដ​។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ក្រុម​អ្នក​ញៀន​ល្បែង​ជល់​មាន់ នេះ​គ្មាន​សង្វៀន​ត្រឹមត្រូវ​នោះ​ទេ ឃើញ​ដី​វាល​ទំនេរ​កន្លែង​ណា ណាត់គ្នា​ទៅ​ជល់​កន្លែង​នោះ ហេតុតែ​ញៀន​ប្រជល់​មាន់​ពេក​លែង​គិត​ខ្លាច​អ្វី​ទាំងអស់។

តាម​ប្រភព​ព័ត៌មាន​មួយ​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​ ក្រុម​គ្រួសារ អ្នក​ញៀន​ល្បែង​ជល់​មាន់ កំពុងតែ​រត់ការ​ឯក​សារ​ដោះលែង​ដោយ​បង់លុយ​ទៅ​ឲ្យ​សមត្ថកិច្ច​ក្នុង​ម្នាក់ៗ​ចំនួន​៥០០​ដុល្លារ​អាមេរិក​ដើម្បី​ជា​ថ្នូរ​នៃ​ការ​មិន​ឃុំខ្លួន​របស់​ប្រព័ន្ធ​តុលាការ។

តែបើ​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្រុម​អ្នក​ញៀន​ល្បែង​ទាំងនេះ​ពុំមាន​នរណា​រត់ការ​ឯក​សារ​ដោះលែង​នោះ​ទេ ជាពិសេស​កម្លាំង​នគរបាល​ខណ្ឌ​កំពុងតែ​ដុតដៃដុតជើង​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​។ ទោះជា​យ៉ាងណាក្ដី​រង់ចាំ​មើល​តើ​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដោះលែង​ ឬ​ មិន​ដោះលែង​យ៉ាងណា​នោះ​សូម​រង់ចាំ​តាមដាន​ទាំងអស់គ្នា​ជា​បន្ដទៀត។

បច្ចុប្បន្ន​នេះ​ មនុស្ស​ទាំង​១០​នាក់ មាន់​២​ក្បាល ម៉ូតូ​៧​គ្រឿង ត្រូវ​បាន​នាំទៅ​សាកសួរ​នៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន​ខណ្ឌ ដើម្បី​បន្ត​តាម​នីតិវិធី៕
វិទូ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114