ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាករ សឿត ណា​វ៉ា និង រី លាភ​ផេង ត្រឡប់​មកពី​ប្រទេស​ជប៉ុន​វិញ​ក្រោយ​ជួយ​ក្រុមចម្រុះ​អាស៊ាន​ឈ្នះ​ពាន​ទីនោះ

ខ្សែការពារ​វ័យក្មេង កីឡាករ សឿត ណា​វ៉ា សមាជិក​ក្លិប​បឹងកេត​អែ​ហ្វ​ស៊ី ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​(Metfone Cambodian League 2019) និង​កីឡាករ រី លាភ​ផេង សមាជិក​ក្រុម​មជ្ឈមណ្ឌល​និង​សាលា​បាល់ទាត់​ជាតិ​បាទី ត្រូវបាន​អ​ញ្ជើញ​ឲ្យ​ចូល​រួម​ក្នុង​កម្មវិធី​បាល់ទាត់​មួយ​នៅ​ប្រទេស​ជប៉ុន ចំនួន​១០​ថ្ងៃ ក្នុង​ពាក់កណ្ដាល​ខែមិថុនា ឆ្នាំ​២០១៩​នេះ​។

យោង​តាម​ប្រភព​មកពី​មន្ត្រី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​បញ្ជាក់​ថា ​កីឡាករ​ទាំង​២​រូប​នេះ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ជប៉ុន​ ដើម្បី​ចូលរួម​កម្មវិធី​បាល់ទាត់​មួយ​មាន​ឈ្មោះថា Japafun Cup ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ពីថ្ងៃ​ទី ១៣ ដល់ទី ២៣ ខែមិថុនា ឆ្នាំ ២០១៩ នៅ J-Village, Fukushima​។ កីឡាករ​ទាំង​២​នាក់​នេះ​ចូលរួម​ជាមួយ​យុវជន​ដទៃទៀត​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដោយមាន​ឈ្មោះ​ក្រុម​ថា​ចម្រុះ​តំបន់​អាស៊ាន ASIAN ELEVEN ហើយ​ពួកគេ​ប្រកួត​ឈ្នះ​ក្រុម​ជម្រើស​ក្រុម Tohoku U18 ដោយ​លទ្ធផល​៥​ទល់​៤ ដែល​ឈ្នះ​ពាន​Japafun Cup​នៅ​ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ​២០១៩​ផងដែរ​។

សូម​បញ្ជាក់​ថា ​មុន​មកដល់​ក្រុម​បឹង​កេក​ត កីឡាករ សឿត ណា​វ៉ា ធ្លាប់​ជាប់​បង្ហាញខ្លួន​នៅក្នុង​ប្រកួត​លើ​ឆាក​អន្តរជាតិ​ជាច្រើន​ជាមួយ​ក្រុម​ជម្រើសជាតិ​យុវជន​កម្ពុជា ព្រមទាំង​ក្នុង​ពានរង្វាន់​ជើងឯក​អាស៊ី​ជើង​តំបន់​អាស៊ាន និង​ពានរង្វាន់​ក្រៅផ្លូវការ​មួយចំនួន​ផងដែរ ជាក់ស្តែង​ដូចជា​ក្នុង​ពានរង្វាន់ AFF U16 Championship, AFC U16 Championship, AFF U17, AFF U18, និង AFF U19 Championship ឆ្នាំ​២០១៨​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ក្នុង​ខែកក្កដា ឆ្នាំ​២០១៨​កន្លងទៅ​។ ​រូបគេ​ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​)​បញ្ជូន​ឈ្មោះ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ជប៉ុន រយៈពេល​៣​សប្ដាហ៍ ក្រោយ​ផុត​កិច្ចសន្យា​នៅ​សាលា​បាល់ទាត់​ជាតិ​បាទី ផងដែរ​។

ក្នុង​បេសកកម្ម​ខាងលើ​នេះ​ផងដែរ ​ក្រុម​កីឡាករ​ទាំងអស់​បាន​ទៅដល់​ប្រទេស​ជប៉ុន ថ្ងៃទី ១៣ មិថុនា ហើយ​ទស្សនកិច្ច​មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​ជប៉ុន នៅ​ថ្ងៃទី ១៤ មុន​ពេល​ធ្វើដំណើរ​បន្ត​ទៅកាន់ J-Village, Fukushima នៅ​ថ្ងៃទី ១៦ ដល់​ថ្ងៃទី ២១ ដោយ​ក្នុងនោះ​មានការ​ហ្វឹកហាត់​និង​ប្រកួត​កម្តៅ​សាច់ដុំ ក៏ដូចជា​ការផ្លាស់ប្តូរ​បច្ចេកទេស​រវាង​គ្នា​និង​គ្នា រហូតដល់​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ២០១៩ ធ្វើដំណើរ​មកដល់​មាតុភូមិ​វិញ​៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114