ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រធាន​គណបក្ស​មួយ​ថា ការ​ចាកចេញ​ពី​តួនាទី​របស់លោក យន្ត មីន នៅ​មិនទាន់​គ្រប់គ្រាន់​ត្រូវ​ស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ មក​ផ្តន្ទាទោស​តាមច្បាប់

ភ្នំពេញ ​៖ លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា និង​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា ពិគ្រោះ​និង​ផ្ដល់​យោបល់ បាន​លើក​ឡើង​ថា ការ​ចាកចេញ​របស់លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ គឺជា​គំរូ​ថ្មី​មួយ​ដល់​មេដឹកនាំ​ផ្សេងទៀត ឲ្យ​មានការ​ទទួលខុសត្រូវ ចំពោះ​ការ​ដឹកនាំ​របស់​ខ្លួន នៅពេល​អសមត្ថភាព តែ​ថា ការ​ចាកចេញ​ពី​តួនាទី​នេះ នៅ​មិនទាន់​គ្រប់គ្រាន់​ទេ ត្រូវ​ស្រាវជ្រាវ​រក​អ្នកពាក់ព័ន្ធ មក​ផ្តន្ទាទោស​តាមច្បាប់​ថែមទៀត​។

លោក ពេជ្រ ស្រស់ បញ្ជាក់​បែបនេះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន នា​រសៀល​ថ្ងៃទី​២៤ មីនា។ លោក​បញ្ជាក់​យ៉ាងនេះ​ថា “​ការ​ចាកចេញ​របស់ លោក​យន្ត មីន គឺជា​គំរូ​ថ្មី​មួយ​ដល់​មេដឹកនាំ​ផ្សេងទៀត ឲ្យ​មានការ​ទទួលខុសត្រូវ ចំពោះ​ការដឹកនាំ​របស់​ខ្លួន​នៅពេល​អសមត្ថភាព​។ ក៏ប៉ុន្តែ​ការ​ចាកចេញ​របស់​លោក​យន្ត មីន នៅ​មិនទាន់​គ្រប់គ្រាន់​នោះ​ទេ គឺ​ត្រូវ​ដក​ប្រធាន​មន្ទីរ​ដែនដី​ខេត្ត​ព្រះសីហនុ​០១​រូប​ទៀត និង​ស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ ដែល​ធ្វើ​ឲ្យ​អគារ​៧​ជាន់​សាងសង់​គ្មាន​ច្បាប់ ហើយ​ស្រុត​បាក់ មក​ផ្តន្ទាទោស​តាមច្បាប់​ជា​ធរមាន​”​។

សូម​បញ្ជាក់​ថា លោក យន្ត មីន បាន​ស្នើ​ទៅ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សុំលាលែង​ពី​តំណែង​អភិបាលខេត្ត​ព្រះសីហនុ ហើយ​សម្ដេច​ក៏បាន​យល់ព្រម​តាម​សំណើ​របស់​លោក​ផងដែរ​។ ជាមួយគ្នា​នោះ សម្តេច​បានសម្រេច​ឲ្យ​លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម មកជា​អភិបាលខេត្ត​ព្រះសីហនុ​ជំនួស​លោក យន្ត មីន វិញ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​យ៉ាងនេះ​ថា “​ក្នុង​ពេល​បំពេញការងារ​នៅ​ខេត្ត​ព្រះ​សីហនុ លោកយន្ត មីន អភិបាលខេត្ត​ព្រះសីហនុ​បាន​ទទួល​ស្គាល់​កំហុស​លើ ការគ្រប់គ្រង​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ដែល​បណ្តាល​ឲ្យ​មានរឿង​ឈឺចាប់​កើតឡើង​។ គាត់​បាន​ស្នើ​មក​ខ្ញុំ​ដើម្បី​លាលែង​ចេញពី​អភិបាលខេត្ត​ព្រះសីហនុ​”​។ សម្តេច​បញ្ជាក់​ថា ខ្ញុំ​បាន​យល់ព្រម​ឲ្យ​គាត់​លាលែង និង​បាន​ពិភាក្សា​ជាមួយ​សម្តេច ស ខេង យក​លោក គួច ចំរើន ពី​អភិបាល​ខេត្តកំពង់ចាម មក​ធ្វើជា​អភិបាលខេត្ត​ព្រះសីហនុ​វិញ​”។

តាម​សម្តេច​តេ​ជោ “​ទោះជា​មានការ​រៀបចំ​បែបនេះ​ក៏ដោយ ក៏​លោក យន្ត មីន នៅ​បន្ត​ដឹកនាំ​យុទ្ធនា​ការរុករក និង​សង្គ្រោះ​តទៅទៀត​រហូត​ចប់​កិច្ចការ និង​អភិបាលខេត្ត​ថ្មី​ចូលកាន់​តំណែង​។ ខ្ញុំ​ក៏​សូម​បញ្ជាក់​ថា ថ្ងៃនេះ​ខ្ញុំ​បានសម្រេច​ចិត្ត​ដក​ឯកឧត្តម ញឹម វណ្ណដា ចេញពី​តំណែង​ជា​ទេសរដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ដោយ​មូលហេតុ​ខ្វះ​ការទទួលខុសត្រូវ និង​ភូតភរ​។

ចំណែក​ប្រតិបត្តិ​ការសង្គ្រោះ គិត​ត្រឹម​រសៀល​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ ២០១៩ អ្នក​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​បាក់​រលំ​អគារ​នៅ​ខេត្ត​ព្រះសីហនុ បាន​កើន​ដល់ ២៨​នាក់ (​ស្រី​៤​នាក់​) ហើយ​អ្នក​របួសធ្ងន់ ស្រាល មាន​២៦​នាក់ (​ស្រី​២​នាក់​)៕
កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114