ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​វិទ្យាល័យ​ឫស្សី​កែវ បន្ត​ឈរ​កំពូល​តារាង​ពានរង្វាន់​ជើងឯក​វិទ្យាល័យ ត្រឹម​សប្ដាហ៍​ទី​៣

«​ការប្រកួត​ពានរង្វាន់​ជើងឯក​វិទ្យាល័យ​ឆ្នាំ​២០១៩ (High School League)» ដែល​រៀបចំឡើង​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ និង​សមាគម​ក្លិប​បាល់ទាត់​បឹងកេត មាន​ក្រុម​ជា​សមាជិក​ចំនួន​៩​ក្រុម មកពី​គ្រឹះស្ថាន​អប់រំ​ចំណេះដឹង​ទូទៅ​រដ្ឋ​និង​ឯកជន​ក្នុង​រាជធានី​ភ្នំពេញ បានធ្វើ​ដំណើរការ​ប្រកួត​ដល់​សប្ដាហ៍​ទី​៣​ហើយ​ដើម្បី​សន្សំ​ពិន្ទុ​ដណ្តើមយក​ជើងឯក​។

ក្រុម​ដែល​បានដាក់​ពាក្យ​ចូលរួម​នេះ​មាន​ដូច​ជា វិទ្យាល័យ​ច្បារអំពៅ​, វិទ្យាល័យ​ឥន្ទ្រ​ទេវី​, វិទ្យាល័យ​ចាក់អង្រែ​,​វិទ្យាល័យ​ឫស្សីកែវ​,​វិទ្យាល័យ​បឹងត្របែក​,​វិទ្យាល័យ​ភ្នំពេញ​ថ្មី​,​វិទ្យាល័យ​ជាស៊ីម​សាមគ្គី​,​វេស្ទ​ឡាញ​ន៍​និង វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​។ ចំពោះ​ទីតាំង​ប្រកួត​ត្រូវ​ធ្វើ​ឡើង​នៅ​៣​ទីលាន​ផ្សេងៗ​គ្នា គឺ​នៅ​វិទ្យាល័យ​បឹងត្របែក​, វិទ្យាល័យ​ជាស៊ីម​ច្បារអំពៅ និង​កីឡដ្ឋាន​បឹងកេត​។ ការប្រកួត​ចាប់​ផ្តើមឡើង​ពីថ្ងៃ​ព្រ​ហ​ស្បតិ៍ ទី​០៦ ខែមិថុនា ដល់​ពាក់កណ្ដាល​ខែកញ្ញា ខាងមុខ​។

​សម្រាប់​លទ្ធផល​ប្រ​ថ្ងៃ​ព្រ​ហ​ស្បតិ៍ ទី​២០ ខែមិថុនា ឆ្នាំ​២០១៩ ដោយ​ក្រុម​សាលារៀន​វេ​ស្ទ​ឡា​ញន៍ ចាញ់​ក្រុម​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ២​ទល់​១​លើ​ទីលាន​វិទ្យាល័យ​ច្បារអំពៅ ហើយ​ក្រុម​វិទ្យាល័យ​ហ៊ុនសែន​ចាក់អង្រែ ចាញ់​វិទ្យាល័យ​ច្បារអំពៅ ៥​ទល់​០​លើ​ទីលាន​កីឡដ្ឋាន​បឹងកេត​។ នៅ​ថ្ងៃ​សុក្រ ទី​២១ ខែមិថុនា ឆ្នាំ​២០១៩ ​វិទ្យាល័យ​ជាស៊ីម​សាមគ្គី ឈ្នះ​ក្រុម​វិទ្យាល័យ​បឹងត្របែក​២​ទល់​០​លើ​ទីលាន​វិទ្យាល័យ​ច្បារអំពៅ និង​វិទ្យាល័យ​ឫស្សី​កែវ ឈ្នះ​ក្រុម​វិទ្យាល័យ​សម្តេច​ហ៊ុនសែន​ភ្នំពេញ​ថ្មី​៦​ទល់​១​លើ​ទីលាន​វិទ្យាល័យ​បឹងត្របែក​។

តំណាង​គណៈកម្មការ​ប្រកួត​បាន​បញ្ជាក់​ថា ​មូលហេតុ​នៃ​ការបង្កើត​កម្មវិធី​ប្រកួត​បាល់ទាត់​នេះ​ឡើង​គឺ​ដើម្បី​រួមចំណែក​លើកកម្ពស់​វិស័យ​បាល់ទាត់​នៅ​កម្ពុជា ឲ្យ​កាន់​តែ​មាន​សកម្មភាព​រស់រវើក​និង​រីកចម្រើន​កាន់តែ​ប្រសើរ​ខ្លាំងក្លា​បន្ថែម​ទៀត​ សំដៅ​បណ្តុះ​ស្មារតី​ឲ្យ​ស្រលាញ់​កីឡា សុខភាព ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន សម្រិតសម្រាំង​ធនធាន​កីឡាករ​បន្តរ​វេន​ព្រមទាំង​រឹតចំណង​មិត្តភាព សាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិការ​ក្នុងចំណោម សិស្សានុសិស្ស តាម​វិទ្យាល័យ​នានា ទាំង​គ្រឹះស្ថាន​អប់រំ​ចំណេះ​ទូទៅ​រដ្ឋ​និង​ឯកជន​។ ម្យ៉ាង​ពានរង្វាន់​នេះ​ក៏​មាន​ការគាំទ្រ​ពី​សំណាក់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា និង​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ផង​ដែរ​។ កីឡាករ​ដែល​ចុះឈ្មោះ​ចូលរួម​ប្រកួត​នេះ​ត្រូវតែ​ជា​សិស្ស​វិទ្យាល័យ តែ​មិន​ពាក់ព័ន្ធ​នឹង​ក្លិប​ណាមួយ​នៅ​ក្របខណ្ឌ​កំពូល​កម្ពុជា ឡើយ​។

សម្រាប់​ប្រកួត​បន្ទាប់​ប្រចាំ​សប្តាហ៍​ទី​៤​ នឹង​ធ្វើ​ឡើង​នៅ​ដើមខែ​ក្រោយ​ដោយ​នៅ​ថ្ងៃ​ព្រ​ស​ហ្បតិ៍ ទី​៤ ខែកក្កដា ឆ្នាំ​២០១៩ ក្រុម​វិទ្យាល័យ​ជាស៊ីម​សាមគ្គី ប៉ះ​ក្រុម​វិទ្យាល័យ​ក្រុម​ចាក់អង្រែ នៅ​វេលា​ម៉ោង​១៥និង៣០​នាទី​ លើ​ទីលាន​វិទ្យាល័យ​ច្បារអំពៅ ហើយ​នៅ​ម៉ោង​ដំណាលគ្នា​ក្រុម​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ ប៉ះ​វិទ្យាល័យ​ស​.​ហ​.​ស ភ្នំពេញ​ថ្មី លើ​ទីលាន​កីឡដ្ឋាន​បឹងកេត​។ នៅ​ថ្ងៃ​សុក្រ ទី​៥ ខែមិថុនា ឆ្នាំ​២០១៩ ក្រុម​សាលា​វេ​ស្ទ​ឡា​ញន៍ ប៉ះ​ក្រុម​វិទ្យាល័យ​ឥន្ទ្រ​ទេវី នៅ​វេលា​ម៉ោង​១៥និង៣០​នាទី​រសៀល​លើ​ទីលាន​វិទ្យាល័យ​បឹងត្របែក និង​ម៉ោង​ដំណាលគ្នា​ដែរ​ក្រុម​វិទ្យាល័យ​ឫស្សី​កែវ ប៉ះ​វិទ្យាល័យ​ច្បារអំពៅ លើ​ទីលាន​វិទ្យាល័យ​ច្បារអំពៅ​។

តាម​គម្រោង​រង្វាន់​សម្រាប់​ក្រុម​ជ័យលាភី​ចំណាត់ថ្នាក់​១​នឹង​ទទួលបាន​ពានរង្វាន់​១ និង​មេដាយមាស​លើកទឹកចិត្ត​អមដោយ​ទឹកប្រាក់​៦០​លាន​រៀល ហើយ​ក្រុម​ជើងឯក​រង​នឹង​ទទួលបាន​មេដាយប្រាក់​ម្នាក់​១​អប​ដោយ​ថវិកា​ចំនួន​៤០​លាន​រៀល និង​ក្រុម​ចំណាត់ថ្នាក់​លេខ​៣​ទទួលបាន​មេដាយ​សំរឹទ្ធ អម​ដោយ​ថវិកា ចំនួន​២០​លាន​រៀល​៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114