ព័ត៍មានទាន់​ហេតុការណ៏
Search

ស្ពានឈើ​ប្រវែង​២១៥​ម៉ែត្រ​នៅ​ប្រាសាទបេង​មាលា បាន​ស្ថាបនា​រួច​ជា​ស្ថាពរ​ហើយ​

សៀមរាប​ ៖​ សំណង់​ស្ពានឈើ​ខ្វាត់ខ្វែង​នៅក្នុង​ប្រាសាទបេង​មាលា​ប្រវែង​២១៥​ម៉ែត្រ (​រាប់ទាំង​ជណ្តើរ​) ដែល​សង់​ថ្មី​ជំនួស​ស្ពានឈើ​ចាស់ ដោយ​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​ក្រុមហ៊ុន ខាំ សុ​ម៉េ​ត បាន​បញ្ចប់​គម្រោង​ជា​ស្ថាពរ​ហើយ កាលពី​ខែឧសភា ឆ្នាំ​២០១៩​កន្លងមក​នេះ​។

ស្ពាន​នេះ​ បាន​បង្កើត​នូវ​ភាព​ទាក់ទាញ​ជា​ខ្លាំង​ដល់​ទេសចរ​គ្រប់​ជាតិ​សាសន៍​ក្នុង​ការ​ផ្តិត​យក​ទិដ្ឋភាព​ដ៏​ស្រស់​ត្រកាល​នៃ​ប្រាសាទ​និង​ផ្តល់​ភាព​ងាយស្រួល​ក្នុងការ​ទស្សនា​សំណង់​ស្ថាបត្យកម្ម​ខ្មែរ​ដ៏​ធំ​មួយ​នេះ​។

លោក ឈាន រដ្ឋា ប្រធាន​ស្តី​ទី​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ បាន​ឲ្យ​ដឹង​ថា ភាព​ទាក់ទាញ​នៃ​ប្រាសាទបេង​មាលា គឺ​សំណង់​ស្ថាបត្យកម្ម​ដ៏​មហិមា​រំលេច​ទៅ​ដោយ​ក្បូរ​ក្បាច់រចនា​សម្បូរ​បែប​រួមផ្សំ​នឹង​ភាព​សុខដុមរមនា​រវាង​ប្រាសាទ​និង​ធម្មជាតិ​ដែល​រក្សា​នូវ​ភាព​ដើម​របស់​ប្រាសាទ​រួម​នឹង​វត្តមាន​ស្ពានឈើ ដ៏​វែង​ជួយ​សម្រួល​ដល់​ការ​ទស្សនា​របស់​ភ្ញៀវ​។ កត្តា​ទាំងនេះ​ហើយ​ដែល​ប្រាសាទ​បាន​ទាក់ទាញ​ភ្ញៀវទេសចរណ៍​អន្តរជាតិ​ក្នុង​រដូវ​ភ្ញៀវ​តិច​ពី​១៥០០០​នាក់ ​ទៅ​៣០០០០​នាក់ និង​រដូវ​ភ្ញៀវ​ច្រើន​ពី​៣០០០០​នាក់​ដល់​ជាង​៤០០០០​នាក់​។ ចំណែក​ប្រវត្តិ​នៃ​ស្ពានឈើ​នេះ​វិញ គឺ​បាន​សង់​ឡើង​នៅ​ឆ្នាំ​២០០២ ​ដោយ​ក្រុមហ៊ុន​ភាពយន្ត​អន្តរជាតិ​មួយ​ដែល​ទទួល​បាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​ជាតិ​អប្សរា​ក្នុង​ការ​ថត​រឿង​នៅក្នុង​ប្រាសាទបេង​មាលា ដើម្បី​ងាយស្រួល​ជញ្ជូន​ឧបករណ៍​ថតកុន​ដែល​មាន​ទម្ងន់​ធ្ងន់ៗ​។ ក្រោយ​បញ្ចប់​ការ​ថត អាជ្ញាធរ​ជាតិ​អប្សរា​បាន​ថែរក្សា និង​ជួសជុល​ស្ពាន​នេះ​បន្តបន្ទាប់​រហូតដល់​ស​ព្វ​ថ្ងៃ ដើម្បី​ឲ្យ​ភ្ញៀវ​ទេសចរ​ងាយស្រួល​ក្នុងការ​ទស្សនា​ប្រាសាទ​។

លោក រដ្ឋា បន្ត​ថា ស្ពានឈើ​ក្នុង​ប្រាសាទបេង​មាលា​មាន​ប្រវែង​សរុប​២៩៥​ម៉ែត្រ ធ្លាប់ធ្វើ​ការ​ជួសជុល​បី​លើក​រួច​មក​ហើយ គឺ​នៅ​ឆ្នាំ​២០០៥ ២០០៨ និង​២០១៥​។ ថ្មីៗ​នេះ ដោយសារ​ស្ពាន​ចាស់​មាន​សភាព​ទ្រុឌទ្រោម ដោយ​កត្តា​អាយុកាល គុណភាព​ឈើ អាកាសធាតុ ធ្វើ​ឲ្យ​ស្ពាន​ពុក​ផុយ​អាច​បង្ក​គ្រោះថ្នាក់​ដល់​ភ្ញៀវ ពិសេស​ស្ពាន​មាន​ទំហំ​តូច ចង្អៀត​មិន​សម​នឹង​កំណើន​ទេសចរ ទើប​អាជ្ញាធរ​ជាតិ​អប្សរា​ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន ខាំ​សុ​ម៉េ​ត បានសម្រេច​ធ្វើការ​រុះរើ​និង​សាងសង់​ថ្មី​ប្រវែង​២១៥​ម៉ែត្រ​លើ​ប្រវែង​សរុប និង​គ្រោង​ចំណាយពេល​បី​ខែ​ក្នុងការ​សាងសង់​តែ​ដោយសារ​ការ​ផ្គត់ផ្គង់​ឈើ​មានការ​យឺតយ៉ាវ ទើប​ពន្យារ​ពេល​រហូតដល់​ដល់​០៧​ខែ (​តុលា ២០១៨ ដល់ ឧសភា ២០១៩) ទើប​បញ្ចប់​។ ស្ពាន​នេះ​ចំណាយ​ឈើ​អស់​៨៣​ម៉ែត្រគូប ដែល​ធ្វើ​ពី​ឈើ​គគីរ ផ្ចឹក និង​រាំង មានការ​រចនា​ស្អាត រឹងមាំ​អាច​ធន់​បាន​រហូតដល់​ជាង​១០​ឆ្នាំ ថែមទាំង​បាន​ពង្រីក​ទំហំ​ពី​៨០​សង់ទីម៉ែត្រ​ទៅ​១.៥០​ម៉ែត្រ ដើម្បី​ទេសចរ​ងាយស្រួល​ដើរ​ទស្សនា​ទៅវិញទៅមក​។

ចំពោះ​បច្ចេកទេស​នៃ​ការ​ធ្វើ​ស្ពានឈើ​ថ្មី​ជំនួស​ស្ពាន​ចាស់​វិញ លោក ពុទ្ធ សុទ្ធ មន្ត្រី​បច្ចេកទេស​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ​ឲ្យ​ដឹង​ថា ក្រុមការងារ​បាន​គណ​នា​យ៉ាង​ល្អិតល្អន់​ពី​កម្រាស់​និង​ទំហំ​ឈើ​ដើម្បី​ធានា​ដល់​សុវត្ថិភាព​ភ្ញៀវ ពង្រឹង​រចនា​សម្ពន្ធ​ស្ពាន​ដោយ​រៀបចំ​គ្រឿង​បង្គំ​សំណង់​ទៅតាម​បទដ្ឋាន​បច្ចេកទេស​។ ចំណែក​ការ​ភ្ជាប់​ឈើ គឺ​ប្រើ​ប៉ូ​ឡុង​សម្រាប់​មួល​ភ្ជាប់​ដែល​ធានា​គុណភាព​ជាប់​ជាងដែក​គោល ពិសេស​ងាយស្រួល​ក្នុងការ​ជួសជុល​ពេល​ក្រោយ​។ ក្នុងនោះដែរ ដើម្បី​ការពារ​សំណង់​ស្ពាន​ឲ្យ​នៅ​បាន​យូរ ក្រុមការងារ​ក៏បាន​ប្រើ​ថ្នាំ​ការពារ​សត្វល្អិត​ចង្រៃ​លាប​សាច់​ឈើ​ផងដែរ​។

លោក​មន្ត្រី​បច្ចេកទេស​រូប​នេះ​បន្ត​ទៀត​ថា​ ក្រៅពី​សោភណ្ឌ​ភាព​ប្រាសាទ និង​សុវត្ថិភាព​នៃ​ភ្ញៀវទេសចរណ៍ អ្នកជំនាញ​ក៏បាន​គិតគូរ​ខ្ពស់​ដល់​ការ​អភិរក្ស​ប្រាសាទ​ផង​ដែរ គឺ​ធ្វើ​ទៅតាម​គំរូ​ប្លង់​និង​បទដ្ឋាន​បច្ចេកទេស​ដែល​សិក្សា​រួច​មក​ហើយ​។ បើ​កន្លែង​ណា​ប៉ះ​ថ្ម គឺ​ត្រូវ​រំកិល​ថ្ម​ចេញ​ដោយ​មានការ​សម្រង់​ប្លង់​មុន​នឹង​ប្តូរ​ទីតាំង តែបើ​មិនអាច​រំកិល​ថ្ម​ចេញ​បាន គឺ​ប្រើ​សំបក​កង់ឡាន កង់​ម៉ូតូ​ទ្រាប់​កុំ​ឲ្យ​ឈើ​សង្កត់​លើ​ថ្ម​ផ្ទាល់ ហើយ​ជំនួស​ឲ្យ​ការ​ជីកដី​ទៅ​ក្រោម​ដើម្បី​រក្សា​លំនឹង​ស្ពាន អ្នកជំនាញ​បាន​ប្រើ​ជើង​តាង​បេតុង​ដើម្បី​បណ្តុះ​សសរ​ និង ​ទ្រ​លំនឹង​ស្ពាន​។ កិច្ចការ​ទាំងនេះ គឺ​រក្សាបាន​ទាំង​សោភ័ណភាព គុណភាព​សំណង់ និង​ការអភិរក្ស​បុរាណ​ដ្ឋា​ន​ប្រកបដោយ​ចីរភាព​៕
កុសល



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114