ព័ត៍មានទាន់​ហេតុការណ៏
Search

សម្ដេច​តេ​ជោ ហ៊ុន សែន បង្ហាញ​នូវ​អារម្មណ៍​ក្ដុកក្ដួល និង​សោកស្ដាយ ពេល​អញ្ជើញ​ទៅកាន់​គំនរ​សំណង់​អគារ​ដែល​បាក់​រលំ​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​និង​របួស​ជាច្រើន

ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កាលពី​យប់​ថ្ងៃទី ២៣ ខែមិថុនា បាន​អញ្ជើញ​ទៅដល់​កន្លែង​រលំ​អគារ​ក្នុង​ខេត្ត​ព្រះសីហនុ​ដើម្បី​ចូលរួម​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​រុករក​និង​សង្គ្រោះ​មនុស្ស​ដែល​កំពុង​កប់​នៅ ក្នុង​គំនរ​ថ្ម និង ដែក នៃ​អគារ​កម្ពស់ ៧ ជាន់​។ ក្រៅពី​វត្តមាន​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន វិធានការ​ផ្សេងៗ របស់​រាជរដ្ឋាភិបាល​ក៏​ធ្លាក់​មក​ជា​បន្តបន្ទាប់ ជាមួយនឹង​ការ​ដកតំណែង​មន្ត្រី​មួយចំនួន ខណៈ​ការ​កាយ​គំនរ​សំណល់​អគារ​បែកបាក់​នៅសល់​ប្រមាណ ២០ ភាគរយ​ទៀត​។

​ភ្លាមៗ​បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​អាស៊ាន​នៅ​ឯ​ប្រទេស​ថៃ​សម្តេច​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បានធ្វើ​ដំណើរ​ទាំងយប់​ទៅកាន់​ទីតាំង​ឧបទ្ទវហេតុ​បាក់​រលំ​អគារ​កម្ពស់​៧​ជាន់​ដើម្បី​ផ្តល់​កម្លាំងចិត្ត​ដល់​ក្រុម​គ្រួសារ​ជនរងគ្រោះ​និង​លើកទឹកចិត្ត​ដល់​ក្រុមការងារ​ដែល​កំពុង​ចូលរួម​នៅក្នុង​បេសកកម្ម​រុករក​ជនរងគ្រោះ​ដោយ​សារ​អគារ​បាក់​រលំ​សង្កត់​នៅក្នុង​ខេត្ត​ព្រះសីហនុ​។ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​យកចិត្តទុកដាក់ និង ពិនិត្យ​ស្ថានការណ៍​នៅ​ទីនោះ​ជាមួយ​ក្រុម​សង្គ្រោះ​រហូតដល់​ម៉ោងជាង ៣ ទៀបភ្លឺ​ថ្ងៃទី ២៤ ខែ មិថុនា ទើប​អញ្ជើញ​ទៅ​សម្រាក​។

ក្រៅពី​វិធានការ​ខាងលើ​នេះ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​អំពាវនាវ​ឲ្យ​សប្បុរសជន​នាំគ្នា​ជួយឧបត្ថម្ភ​ដល់​ជនរងគ្រោះ​ដែល​ស្លាប់ និង​របួស​ក្នុងករណី​បាក់​រលំ​អគារ​កំពស់​៧​ជាន់​នៅក្នុង​ខេត្ត​ព្រះសីហនុ​។ គិត​រហូត​មក​ដល់​ពេល​នេះ​មាន​ជំនួយ​ដែល​ទទួល​បាន​ពី​សប្បុរសជន​មាន​ប្រមាណ ១​លាន​២​សែន​ដុល្លារ​អាមេរិក និង​១៨០​លាន​រៀល​។

​បន្ទាប់ពី​ទទួល​បាន​ថវិកា​ឧបត្ថម្ភ​ ពី​បណ្ដា​សប្បុរសជន​មួយចំនួន​ដើម្បី​ជួយសង្គ្រោះ​ជនរងគ្រោះ​ដែល​បាន​រងគ្រោះ​ដោយសារ​បាក់​រលំ​អគារ​នៅ​ខេត្ត​ព្រះសីហនុ​រួចមក​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​បង្ហោះ​សារ​ថ្លែងអំណរគុណ​ចំពោះ​សប្បុរសជន​ទាំងនោះ​នៅ​លើ​ទំព័រ Facebook ផ្លូវការ​ព្រមទាំង​បង្ហាញ​ការ​រំពឹងទុក​ថា​ នឹង​មាន​សប្បុរសជន​ចូលរួម​ឧបត្ថម្ភ​បន្ថែមទៀត​។

សប្បុរសជន​ដែល​បាន​ចូលរួម​ជួយ​ជនរងគ្រោះ​តាម​ការ​អំពាវនាវ​រប​ស់ស​ម្ដេច​តេ​ជោ ហ៊ុន សែន រួមមាន ៖ ១.​អ្នកឧកញ៉ា គិត ម៉េង ថវិកា​ចំនួន​១០​ម៉ឺន​ដុល្លារ​, ២.​លោក​ឧកញ៉ា លាង ឃុន ថវិកា​ចំនួន ១០​ម៉ឺន​ដុល្លារ​, ៣.​លោក​ឧកញ៉ា ឃុន សៀ ថវិកា​ចំនួន ១០​ម៉ឺន​ដុល្លារ​, ៤.​លោក​ឧកញ៉ា អាង ឈុន​លាង ថវិកា​ចំនួន ១០​ម៉ឺន​ដុល្លារ​, ៥.​លោក​ឧកញ៉ា ឡៅ ម៉េង​ឃី​ន ថវិកា​ចំនួន ៥​ម៉ឺន​ដុល្លារ​, ៦.​លោក​ឧកញ៉ា គង់ ទ្រី​វ ថវិកា​ចំនួន​៥​ម៉ឺន​ដុល្លារ​, ៧.​លោក​ឧកញ៉ា វិញ ហួ ថវិកា​ចំនួន ២​ម៉ឺន​ដុល្លារ​, ៨,​លោក​ឧកញ៉ា ហ៊ី​វ គឹម​ហេង ថវិកា​ចំនួន​១​ម៉ឺន​ដុល្លារ​, ៩.​លោក​ម៉ា ឈឿន ថវិកា​ចំនួន​១​ម៉ឺន​ដុល្លារ​, ១០.​កាកបាទក្រហមកម្ពុជា​ថវិកា​ចំនួន ១០ ម៉ឺន​ដុល្លារ​, ១១.​លោក​ឧកញ៉ា ហ៊ុន តូ ថវិកា​ចំនួន​១០​ម៉ឺន​ដុល្លារ​, ១២.​មិត្តភក្តិ​របស់​លោក​ឧក​ញ៉ា ហ៊ុន តូ ចំនួន​៦​នាក់​សរុប​ថវិកា​ចំនួន ៤០​ម៉ឺន​ដុល្លារ​។

ជាមួយ​ការ​អំពាវនាវ​រក​ជំនួយ​សម្រាប់​សង្គ្រោះ​ជនរងគ្រោះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​កាលពី​ថ្ងៃទី​២៣​ខែមិថុនា បានសម្រេច​បង្កើត​គណៈ​កម្ម​ការ​ត្រួតពិនិត្យ​គុណភាព​សំណង់​នៅ​ខេត្ត​ព្រះសីហនុ​ដែលមាន សមាស​សភាព​ពី​ស្ថាប័ន​ជំនាញ​ចំនួន​១៥​រូប ​មកពី​ក្រសួង​រៀបចំ​ដែនដី ក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន អភិបាលខេត្ត​ព្រះសីហនុ​។

ភារកិច្ច​របស់​គណៈកម្មការ​នេះ​ គឺ​ត្រួតពិនិត្យ​បទដ្ឋាន​បច្ចេកទេស​ស្តង់ដារ​សំណង់​,​ស្តង់ដារ​សុវត្ថិភាព​និង​គុណភាព​សំណង់​នៅ​តាម​ការដ្ឋាន​សំណង់​នៅ​ខេត្ត​ព្រះសីហនុ​។ គណៈកម្មការ​នេះ​ក៏​មាន​នាទី​ត្រួតពិនិត្យ​លក្ខណសម្បត្តិ​របស់​ក្រុមហ៊ុន​ទទួល​ម៉ៅការ​សាងសង់ និង ធ្វើ​បច្ចុប្បន្នភាព​សំណង់​ដែល​បាន​សាងសង់​រួច និង​កំពុង​ធ្វើ​អាជីវកម្ម​។

ចំណែក​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​ក៏បាន​បង្កើត​ក្រុមការងារ​បច្ចេកទេស​ដែល មាន​៨​ក្រុម​ដើម្បី​គាំទ្រ​ដល់​គណៈកម្មការ​ត្រួតពិនិត្យ​គុណភាព​សំណង់​នៅឯ​ខេត្ត​ព្រះសីហនុ។ សម្រាប់​ខេត្ត​ព្រះសីហនុ​វិញ​ ក៏​មាន​ការបង្កើត​ក្រុមការងារ​ដើម្បី​សង្គ្រោះ​មនុស្ស​,​រក​ជន​ពាក់ព័ន្ធ​ដែល​ធ្វើ​ឲ្យ​មានការ​ធ្វេស ប្រហែស​លក្ខណៈ​បច្ចេកទេស​និង​ការស្រាវជ្រាវ​បន្តបន្ទាប់​ទៀត​។

ជា​មួយ​គ្នា​នេះ ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ចាត់តាំង​លោក​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ ប៊ិន ឈិន រដ្ឋមន្ត្រី​ទីស្តីការ​គណៈរដ្ឋមន្ត្រី និង​ជា​អ្នក​ទទួលបន្ទុក​ចាត់ចែង​ថវិកា​របស់​រាជរដ្ឋាភិបាល​នាំ​យក​ថវិកា​រាជរដ្ឋាភិបាល​កម្ពុជា​ទៅ​ប្រគល់​ជូន​ក្រុមគ្រួសារ​សព​ដែល​បាក់​រលំ​អគារ​នៅ​ខេត្ត​ព្រះសីហនុ​ដែល​ក្នុង​ម្នាក់ៗ​ទទួល​បាន​៤០​លាន​រៀល និង អ្នករបួស​ម្នាក់ ៥ លាន​រៀល​និង​ទទួល​បាន​ការ​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​ដោយ​មិន​គិតថ្លៃ​។

នៅ​ថ្ងៃទី២៤ ខែមិថុនា​នេះ ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​យល់ព្រម​ឲ្យ​លោក យន្ត មីន លាលែង​ពី​តំណែង​អភិបាលខេត្ត​ព្រះសីហនុ តាម​សំណើ​របស់​លោក​ក្នុងការ​ទទួលយក​កំហុស​នៃ​ការដឹកនាំ​មានការ​ធ្វេសប្រហែស ហើយ​សម្រេច​ផ្ទេរ​លោក គួច ចំរើន ពី​អភិបាល​ខេត្តកំពង់ចាម​មក​ជា​អភិបាលខេត្ត​ព្រះសីហនុ​វិញ ។ ទន្ទឹម​នឹង​នេះ​ សម្តេច​តេ​ជោ ហ៊ុន សែន បានសម្រេច​ដក​លោក ញឹម វណ្ណដា ពី​តំណែង​ជា​ទេសរដ្ឋមន្ត្រី​និង​ជា​អនុប្រធាន​ទី ១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ដោយ​មូលហេតុ​ខ្វះ​ការទទួលខុសត្រូវ​និង​ភូតភរ​។ តំណែង​លោក ញឹម វណ្ណដា ត្រូវ​បាន​ជំនួស​ដោយ​លោក គន់ គីម ទេសរដ្ឋមន្ត្រី​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​បែបនេះ​តាមរយៈ Facebook របស់​សម្តេច​ថា «​ក្នុង​ពេល​បំពេញការងារ​នៅ​ខេត្ត​ព្រះសីហនុ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ​បាន​ទទួល​ស្គាល់​កំហុស​លើ​ការគ្រប់គ្រង​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ​ដែល​បណ្តាល​ឲ្យ​មានរឿង​ឈឺចាប់​កើតឡើង​។ គាត់​បាន​ស្នើ​មក​ខ្ញុំ​ដើម្បី​លាលែង​ចេញពី​អភិបាលខេត្ត​ព្រះសីហនុ​»​។

សម្តេច​បាន​បន្ត​ថា «​ខ្ញុំ​បាន​យល់ព្រម​ឲ្យ​គាត់​លាលែង​និង បាន​ពិភាក្សា​ជាមួយ សម្តេច ស ខេង យក​ឯកឧត្តម គួច ចំរើន ពី​អភិបាលខេត្ត កំពង់ចាម មក​ធ្វើជា​អភិបាលខេត្ត​ព្រះសីហនុ​វិញ ។ ទោះជា​មានការ​រៀបចំ​បែបនេះ​ក៏ដោយ​ក៏​ឯកឧត្តម យន្ត មីន នៅ​បន្ត​ដឹកនាំ​យុទ្ធនា​ការរុករក និង​សង្គ្រោះ​តទៅទៀត​រហូត​ចប់​កិច្ចការ​និង​អភិបាលខេត្ត​ថ្មី​ចូលកាន់​តំណែង​»​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្ត​ទៀ​តថា «​ខ្ញុំ​ក៏​សូម​បញ្ជាក់​ថា ​ថ្ងៃនេះ​ខ្ញុំ​បានសម្រេច​ចិត្ត​ដក​ឯកឧត្តម ញឹម វណ្ណដា ចេញពី​តំណែង​ជា​ទេសរដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ដោយ​មូលហេតុ​ខ្វះ​ការទទួលខុសត្រូវ​និង​ភូតភរ​»​។

នៅ​ថ្ងៃ​ដដែល​នោះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ បាន​ចេញ​សេចក្តីសម្រេច​មួយ​តែងតាំង​លោក គន់ គីម ជា​អនុប្រធាន​ទី​១​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ជំនួស លោក ញឹម វណ្ណដា ដែល​ត្រូវ​បាន​ដក​ចេញពី​តំណែង​។ នៅ​ថ្ងៃ​ដដែល​ក៏​មាន​ព្រះរាជក្រឹត្យ​មួយទៀត​តែងតាំង​លោក ញឹម វណ្ណដា ជាទី​ប្រឹក្សា​រដ្ឋាភិបាល​ដែល​មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី​។

ក្រោយពី​លាលែង​ពី​តំណែង​អភិបាលខេត្ត​ព្រះសីហនុ​លោក យន្ត មីន បាន​បង្ហោះ​សារ​មួយ​សម្តែង​នូវ​ការ​សោកស្តាយ​និង​សុំ​អភ័យទោស​។​ ក្នុង​សារ​របស់លោក​យ​ន្ត​មីន ដែល​បង្ហោះ​លើ​ហ្វេ​សប៊ុក​នៅ​រសៀល ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៩​នេះ ​គឺ​លោក​សុំ​ការយោគយល់​ពី​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​បើ​ការដឹកនាំ​កន្លងមក​មានការ​ខុស​ឆ្គង​ដោយ​ប្រការ​ណាមួយ​នោះ​។

លោក យន្ត មីន បាន​សរសេរ​ថា «​ខ្ញុំបាទ​សូម​គោរព​បងប្អូន​អ្នក​ខេត្ត​ព្រះសីហនុ​ជាពិសេស​បងប្អូន​រងគ្រោះ​ក្នុង​ហេតុការណ៍​អគារ​៧​ជាន់​រលំ​នា​ថ្ងៃ ទី​២២​កន្លងមក​ខ្ញុំ​ពិតជា​មានការ​សោក​ស្តាយ និង​សុំ​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាមួយ​គ្រួសារ​នៃ​សព​។ ខ្ញុំ​បាន​ជួប​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ដើម្បី​សុំ​ការ​អភ័យទោស​ពី​លោក​និង​សុំលាលែង​ចេញពី​តំណែង​អភិបាលខេត្ត​ព្រះសីហនុ​»​។

គួរ​កត់សំគាល់​ថា​ នៅ​រសៀល​ថ្ងៃទី២៤ ខែមិថុនា នេះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន នៅតែ​បន្ត​ស្ថិតនៅ​កន្លែង​អគារ​រលំ​បាក់​ដើម្បី​លើកទឹកចិត្ត​និង​ជំរុញ​ការរុករក​ជនរងគ្រោះ​បន្តទៀត​។

អគារ​កម្ពស់ ៧ ជាន់​មួយ នៅ​ខេត្ត​ព្រះសីហនុ កាលពី​ទៀបភ្លឺ​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៩ ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​កើន​ដល់​២៨​នាក់ និង អ្នករបួស​២៦​នាក់​ នៅក្នុង​គំនរ​បាក់បែក​នៃ​អគារ។ តុល្យការ​ចុងក្រោយ ​នៃ​ឧបទ្ទវហេតុ​រលំ​អគារ​នេះ​ បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​និង​រង​របួស​ចំនួន​៥៤​នាក់ ​ក្នុង​នោះ​ស្លាប់​ចំនួន​២៨​នាក់​(​ស្រី​៤​នាក់​)​ហើយ​អ្នក​រងរបួស​ចំនួន​២៦​រូប​(​ស្រី​២​នាក់​)​។ ក្រុម​សង្គ្រោះ​នៅតែ​បន្ត​បេសកកម្ម​ស្វែងរក​មនុស្ស​ដែល​សង្ស័យថា​ អាច​មាន​នៅក្នុង​គំនរ​អគារ​ដួលរ​លំ​នេះ​បន្តទៀត​។

គិត​មកដល់​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៩​នេះ​។ ក្រោយពី​បាក់​រលំ​អគារ​ជនជាតិ​ចិន​៣​នាក់​ត្រូវ​បាន​ចាប់ខ្លួន ដែល​ក្នុងនោះ​មានឈ្មោះ Chen Kun ជា​ម្ចាស់​ការដ្ឋាន​សំណង់ ឈ្មោះ Deng Xing Gul ជា​ម្ចាស់​ក្រុមហ៊ុន​ទទួល​សាងសង់ និង ឈ្មោះ Gao Yu ជា​អ្នកម៉ៅការ​បូកជញ្ជាំង​អគារ​ខណៈ​ជនជាតិខ្មែរ​ម្នាក់​ឈ្មោះ ញឹក ហ៊ុយ ដែល​ជួល​ដី​ឲ្យ​ជនជាតិ​ចិន​សាងសង់​អគារ​សម្រាប់​ធ្វើ​សណ្ឋាគារ​នេះ​ក៏​ត្រូវ​នាំ​ខ្លួន​ទៅ​សាកសួរ​ដែរ​៕
​ណា​រី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114