ព័ត៍មានទាន់​ហេតុការណ៏
Search

ឆក់​កាបូប​ភ្លាត់ស្នៀត​ធ្លាក់​ពីម៉ូតូ ​ប៉ូលិស​ក្របួច​ជាប់​បាន​ម្នាក់

ភ្នំពេញ ​៖ ជនសង្ស័យ​ម្នាក់ ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ភ្លាមៗ​បន្ទាប់ពី គេ​មាន​បក្ខពួក​ពីរ​នាក់​ធ្វើ​សកម្មភាព​ឆក់​កាបូប​លុយ​ រួច​ភ្លាត់ស្នៀត​ធ្លាក់​ពី​លើ​ម៉ូតូ​រត់​មិន​រួច​ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៩​ចំណុច ផ្លូវ​បេតុង ក្រុមទី​០៥ ភូមិ បឹង​សាឡាង​សង្កាត់ឫស្សី​កែវ ខណ្ឌឫស្សី​កែវ រាជធានី​ភ្នំពេញ។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា ​កម្លាំង​ល្បាត​ខណ្ឌ​និង ប៉ុស្តិ៍​ឫស្សី​កែវ​បានឮ​សម្រែក​ថា​ ចោរៗ​ភ្លាមនោះ​កម្លាំង​សមត្ថកិច្ច​បាន​ជួយ​អន្តរាគមន៍​ភ្លាម ​ដោយ​ឃាត់​បាន​ជនសង្ស័យ​ម្នាក់​ ក្នុងចំណោម​បក្សពួក​០២​នាក់​។

ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​ឈ្មោះ សន ស៊ី​នួន ហៅ អា​នួន​ភេទ ប្រុស អាយុ ២០​ឆ្នាំ មុខរបរ និង​ទីលំនៅ​មិន​ពិត​ប្រាកដជា​អ្នកប្រើប្រាស់​ថ្នាំញៀន​។

​ជនរងគ្រោះ​ឈ្មោះ ហេង សុភាព​ភេទ ស្រី អាយុ ៤០​ឆ្នាំ មាន​ទីលំនៅ​ផ្ទះជួល ផ្លូវលំ សង្កាត់ទួល​សង្កែ​ទី​១ ខណ្ឌឫស្សី​កែវ រាជធានី​ភ្នំពេញ​។

នៅ​មុន​ពេល​កើតហេតុ​ ជនរងគ្រោះ​ចេញពី​កម្មវិធី​ឡើង​គេហដ្ឋាន​ថ្មី ​រង់ចាំ​ជិះ​រ៉ឺម៉ក​ដើម្បី​ទៅផ្ទះ​ភ្លាមនោះ​ ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​មក​អែប​ហើយ​ធ្វើ​សកម្មភាព​ឆក់​យក​កាបូប​ហើយ​ធ្លាក់​ពីលើ​ម៉ូតូ​រត់​គេច​ខ្លួន​ តែ​ភ្លាមៗ​នោះ​ត្រូវ​សមត្ថកិច្ច​កំពុង​ល្បាត​ដេញប្រផាប់ចាប់ប្រភីង​ចាប់បាន​ម្នាក់​ យក​មក​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឫស្សី​កែវ​តាម​នីតិវិធី។

ក្នុង​ហេតុការណ៍​ឃាត់ខ្លួន​ជនសង្ស័យ​នោះ​ សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​គឺ ​កាបូប​០១ ក្នុង​នោះ មាន​ទូរស័ព្ទ​ដៃ​០១​គ្រឿង ម៉ាក​IPhone 7 plus​ និង ប្រាក់​ដុល្លារ​ចំនួន​៦០​ដុល្លារ​បាន​ប្រគល់​ជូន​ជនរងគ្រោះ​វិញ​។ អធិការដ្ឋាន​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​អនុវត្ត​តាម​នីតិវិធី៕
ឌី​រៀ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114