ព័ត៍មានទាន់​ហេតុការណ៏
Search

គំនុំ​រឿង​ទិញ​លក់​ឡាន មន្ត្រី​នគរបាល​ម្នាក់​ ស្ពាយ​AK​មក​បាញ់រះ​ដល់​មុខ​ផ្ទះ​ប៉ង​សម្លាប់ចោល​ទាំង​ពូជ

ភ្នំពេញ​ ៖​ មន្ត្រី​នគរបាល​ម្នាក់​ជា​នាយរង​ការិយាល័យ​ប្រឆាំង​​គ្រឿងញៀន ត្រូវ​បាន​នគរបាល​ខណ្ឌ​សែន​សុខ​ចាប់ខ្លួន​ភ្លាមៗ ​ខណៈ​ដែល​ជន​នេះ ​បាន​កំពុង​ធ្វើ​សកម្មភាព​ប្រើ​កាំភ្លើង​ម៉ាក​AK47 មក​បាញ់រះ​ជាង​១០​គ្រាប់​មកលើ​ផ្ទះមួយ ​ជា​គូ​​វិវាទ​របស់​ខ្លួន​ពាក់​ព័ន្ធ​រឿង​ទិញ​លក់​រថយន្ត​កន្លងមក​កាលពី​១​ឆ្នាំមុន។

ហេតុការណ៍​នេះ​ បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​១០​យប់ ​​​ថ្ងៃ​ទី​២៤​ ខែ​មិថុនា​ ឆ្នាំ​២០១៩​ នៅ​ភូមិ​ផ្សារ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

ជន​សង្ស័យ​ខាង​លើ​ឈ្មោះ​ហេង សុវណ្ណ​រ៉ា ហោរ៉ា ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មុខរបរ​ មន្ត្រី​នគរបាល​ជាតិ មាន​ឋានៈ​ជា​នាយរង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ។

មន្ត្រី​នគរបាល​ខណ្ឌ​សែន​សុខ​បាន​អោយ​ដឹង​ថា ​៖ ​ក្រោយពី​ការសាកសួរ​ចម្លើយ ​ស្រាវជ្រាវ​រួចមក​បាន​រក​ឃើញ​មូល​ហេតុ​ថា កន្លងមក​កាលពី​ថ្ងៃទី​០៩ ខែ​សីហា ឆ្នាំ​២០១៨​ជនសង្ស័យ​ឈ្មោះ​ហេង សុវណ្ណ​រ៉ា បាន​ប្តឹងទៅ​ប៉េអឹម​ខណ្ឌទួលគោក​អោយ​ចាប់ខ្លួន​ឈ្មោះ​កុយ រដ្ឋា មុខរបរ​លក់​រថយន្ត ពាក់​ព័ន្ធ​រឿង​ជំពាក់​លុយ ទិញ​លក់​រថយន្ត​ ហើយ​ឈ្មោះ កុយ រដ្ឋា ក៏​ត្រូវ​បាន​សមត្ថកិច្ច​ប៉េអឹម​ខណ្ឌទួលគោក​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ​និង​បាន​បន្ត​បញ្ជូន​ដាក់​ពន្ធនាគារ​ព្រៃ​ស តាម​ដីកា​បង្គាប់​របស់​តុលាការ​ដែរ។

ក្រោយមក​លេចឮ​ដំណឹង​ថា ឈ្មោះ កុយ រដ្ឋា បានចេញ​ពី​ពន្ធ​នាគារ​វិញ ខឹង​ពេក​ក៏បាន​យក​កាំភ្លើង​ម៉ាក​អាកា​AK47១​ដើម​យក​មក​ពី​អង្គភាព​ខ្លួន​ដែល​បាន​យក​មក​ទុក​នៅផ្ទះ​រួច​ក៏បាន​ជិះ​​​រថយន្ត​ម៉ាក​ស្តា​រិច​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AX.9509​បាញ់រះ​ទៅ​លើ​ផ្ទះ​របស់​ក្រុមគ្រួសារ ឈ្មោះ កុយ រដ្ឋា កំពុងស្នាក់នៅ ប៉ុន្តែ កុយ រដ្ឋា មិនមាន​វត្ត​មាននៅ​ទីនោះ​ឡើយ គឺ​នៅតែ​នាង​ប្រព​ន្ធ​ឈ្មោះ​សុង សូណា អាយុ​៣៥​ឆ្នាំ មុខរបរ​បោកគក់ និង​កូនស្រី​ឈ្មោះ​កុយ រដ្ឋា​ណាវី​ អាយុ​១២​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ចំណុច​កើត​ខាងលើ​។ ប៉ូលិស​មូលដ្ឋាន​និយាយថា ឈ្មោះ កុយ រដ្ឋា មិនទាន់​ចេញពី​ពន្ធនាគារ​នៅឡើយ​។​

នៅ​កន្លែងកើតហេតុ​ប៉ូលិស​បាន​ពិនិត្យឃើញ​មាន​ស្នាក ធ្លុះ​ទ្វារ​ដែក​រូត ទ្វារ​កញ្ចក់​ និង​ពិតាន​ និង​បាន​រកឃើញ​សំបក​កា​ទូ​ស​គ្រាប់​អាកា​ចំនួន​១១​គ្រាប់ ក្បាល​គ្រាប់​ចំនួន​២ និង​ហូត​យក​កាំភ្លើង​ម៉ាក​AK 47 ចំនួន​១​ដើម​លេខ​1620461​ មាន​គ្រាប់​នៅសល់​ក្នុង​បង់​ចំនួន​១២។

​ប្រភព​ព័ត៌មាន​ពី​ជនរងគ្រោះ​ឈ្មោះ សុង សូ​ណា បាន​និយាយ​ថា នៅ​ពេល​កើតហេតុ​នាង​បាន​នាំ​កូនស្រី​ឡើង​ទៅ​លើ​នៅ​ជាន់​ជា​នទី​១ រួច​បិទទ្វារ​ដេក នៅ​ម៉ោង​១០​កន្លះ​ក៏​ស្រាប់តែ​ឮ​សូរសំឡេង​គេ​បាញ់កាំភ្លើង​ចូលមកក្នុង​ផ្ទះ​របស់​នា​ង។ នៅពេលនោះ​បានឃើញ​ឈ្មោះ​ហេង សុវណ្ណ​រ៉ា កាន់​កាំភ្លើង​អាកា​ហើយ​ឡើង​ជិះឡាន​ចេញទៅ ប៉ុន្តែ​ត្រូវបាន​ប៉ូលិស​មូលដ្ឋាន​មក​ទាន់​ក៏​ចាប់ខ្លួន​តែម្តង​។​

​ប៉ូលិស​បាន​ចោទប្រកាន់​បឋម​ទៅលើ​ជនសង្ស័យ​ឈ្មោះ​ហេង សុវណ្ណ​រ៉ា ពីបទ​ប៉ុន​ប៉ង​ធ្វើឃាត​(​សម្លាប់​គេ​)​គិតទុក​ជាមុន ប៉ុន្តែ​មិនបាន​សម្រេច​និង​បាន​បញ្ជូនទៅ​ឲ្យ​តុលាការ​ផ្តន្ទាទោស​តាមច្បាប់​៕

ដោយ ​៖ សឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114