ព័ត៍មានទាន់​ហេតុការណ៏
Search

អភិបាល​ខេត្ត​ចុះ​ដោះស្រាយ​សម្របសម្រួល​ជាមួយ​ពលរដ្ឋ​ករណី​ប៉ះពាល់​ផ្លូវជាតិ​លេខ​១​និង​ប្រព័ន្ធ​លូទឹក​នៅ​ក្រុង​បាវិត​

ស្វាយរៀង ៖ លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង អមដំណើរ​ដោយ​លោក​អភិបាលរង​ខេត្ត លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត លោក​ស្នងការរង​នគរបាល​ខេត្ត លោក​ប្រធាន​មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ លោក​អភិបាលក្រុង​បាវិត កងកម្លាំង​ពាក់ព័ន្ធ លោក​មេភូមិ ចៅសង្កាត់​បាវិត ព្រមទាំង​តំណាង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​តំណាង​ក្រុមហ៊ុន​ទទួល​អនុវត្ត​ការស្ថាបនា​ផ្លូវ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ ការស្ថាបនា​ផ្លូវ និង​សម្របសម្រួល​ផលប៉ះពាល់ នៃ​ការដាក់​ប្រព័ន្ធ​លូ​រំដោះ​ទឹក ដែល​នៅ​សេសសល់​ចំនួន​១​គ្រួសារ ស្ថិតនៅ​ក្រុង​បាវិត ខេត្តស្វាយរៀង​នា​រសៀល​ថ្ងៃទី​២៥​ខែមិថុនា​ឆ្នាំ​២០១៩​នេះ​។​

​ក្រោយពី​មានការ​សម្របសម្រួល និង​ពន្យល់​ពី​បទដ្ឋាន​បច្ចេកទេស​នៃ​ការសាងសង់ ជា​លទ្ធផល​ប្រជាពលរដ្ឋ​ដែលមាន​ផលប៉ះពាល់​បានទទួល​យក​នូវ​ដំណោះស្រាយ ដោយបាន​ព្រមព្រៀង​ឯកភាព​តាម​ការសម្របសម្រួលរ​បស់​ឯកឧត្តម​អភិបាលខេត្ត និង​យល់ព្រម​សហការ​ដើម្បី​ឲ្យ​ក្រុមហ៊ុន​បន្ត​ការស្ថាបនា​។​

​បើ​យោងតាម​មន្ត្រី​គ្រប់គ្រង​គម្រោង​កែលម្អ​ពង្រីក​ទទឹងផ្លូវ និង​ប្រព័ន្ធ​លូ​រំដោះ​ទឹក នៅ​ក្រុង​បាវិត ខេត្តស្វាយរៀង បាន​ឲ្យ​ដឹងថា ដំណើរការ​ពង្រីក​ទទឹង​ផ្លូវ ដាក់លូ​រំដោះ​ទឹកភ្លៀង និង​សំណល់​រាវ ចាប់ពី​បង្គោល​លេខ ១៥៩ ដល់​បង្គោល​លេខ ១៦៥ មាន​ប្រវែង ៤០០០​ម៉ែត្រ ក្រោម​កម្ចី​ថវិកា​ពី​ធានាគារ​ពិភពលោក ADB តាមរយៈ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​សាងសង់​ដោយ​ក្រុមហ៊ុន​MTA សហការ​ជាមួយ​ក្រុមហ៊ុន​ស៊ីន​ជាំ​ង​ម៉ី​ស៊ីន​រួត​អេ​ន​ព្រី​ន​គ្រុប ចាប់ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៨ រហូតមកដល់​ពេលនេះ ក្រុមការងារ​សម្រេចបាន​ប្រមាណ​ជាង ៧០​ភាគរយ និង​ឈានទៅ​បញ្ចប់​នៅក្នុង​ឆ្នាំ​២០១៩​នេះ ។​

​លោក​បន្តថា ទន្ទឹមនឹង​ការងារ​ដាក់លូ​រំដោះ​ទឹក នៅ​អម​សងខាង​ផ្លូវ​ខាងលើនេះ ក្រុមការងារ​ផ្សេងៗ​ទៀត បាន​ដំណើរ​ការធ្វើ​ស្ពាន​អប់​ឆ្លងកាត់​ផ្លូវជាតិ​លេខ​១ នៅ​តំបន់​ទីប្រជុំជន​ក្រុង​បាវិត ដើម្បី​រំដោះ​ទឹក​ចំនួន ៥​កន្លែង បច្ចុប្បន្ន សម្រេចបាន​ជាង​៨០​ភាគរយ និង​ពង្រីក​ផ្លូវ​ចាប់​កៅស៊ូ​AC នៅ​អម​សងខាង​ប្រព​ន្ធ័​លូ​រំដោះ​ទឹក ដើម្បី​បញ្ជៀ​ស​ការកកស្ទះ​ចរាចរណ៍​របស់​ពលរដ្ឋ​ដែលមាន​កំណើន​ច្រើន​ដែល​សម្រុក​មក​ស្វែងរក​ការងារ​ធ្វើ និង​ចរាចរណ៍​ទំនិញ ចេញពី​រោងចក្រ សហគ្រាស​នានា ដែលមាន​ទីតាំងនៅ​បាវិត​នេះ ។​

​ជាមួយគ្នានេះ បន្ទាប់ពី​បញ្ចប់​ការសម្របសម្រួល​ការងា​រ​ខាងលើ​លោក​អភិបាលខេត្ត និង​ប្រតិភូ ក៏បាន​បន្តដំណើរ​ពិនិត្យមើល​ទីតាំង​សាងសង់​អគារ​សាលាសង្កាត់​បាវិត អគារ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង និង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​បាវិត ដែល​កំពុង​ចាក់ដី​បំពេញ និង​ត្រៀម​រៀបចំ​ពិធី​ក្រុង​ពាលី​បើក​ការដ្ឋាន​សាងសង់​នាពេល​ឆាប់ៗ​ខាងមុខ​ឲ្យ​ត្រូវ​តាម​ស្តង់ដារ​បច្ចេកទេស​៕

ដោយ ៖ ​គឹម​សេង


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114