ព័ត៍មានទាន់​ហេតុការណ៏
Search

ចោរ​លួច​គាស់​ផ្ទះ​ទាំង​កណ្ដាល​​អធ្រាត្រ ​ត្រូវ​ប៉ូលិស​ក្របួច​​បាន​ ខណៈ​កំពុង​ធ្វើ​សកម្មភាព

ស្វាយរៀង​ ៖​ កាលពី​យប់​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង​០២​និង​១០​នាទី រំលង​អធ្រាត្រ​ នៅ​ចំណុច​ភូមិ​កំពោតជ្រូក សង្កាត់​ព្រៃអង្គុញ ក្រុង​បាវិត ខេត្តស្វាយរៀង ចោរ​មាន​គ្នា ២ នាក់ បាន​ធ្វើ​​សកម្មភាព​ដាក់​ថ្នាំ​បំពុល​ឆ្កែ និង​ចូល​កាត់​សោ​ទ្វារ លួច​ម៉ូតូ ១ គ្រឿង របស់​ឈ្មោះ សៅ សា​រិ​ទ្ទ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​កំ​ពោត​ជ្រូក សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បាវិត ខេត្តស្វាយរៀង​។​

បើតាម​ប្រភពពី​មន្ត្រី​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​បានអោយដឹងថា ក្នុង​ខណៈ​ពេលធ្វើ​សកម្មភាព ត្រូវបាន​ជនរងគ្រោះ​ដឹង​ទាន់​ពេល និង​បាន​ទាក់ទង​មក​សមត្ថកិច្ច​នគរបាល និង​ប្រជា​ការពារ អោយ​មក​ជួយ​ព័ទ្ធ​ចាប់ ជនល្មើស។

សមត្ថកិច្ច​នគរបាល សហការ​ជាមួយ​ប្រជា​ការពារ ព្រមទាំង​ប្រជាពលរដ្ឋ ចាប់​បាន​ជនល្មើស​ម្នាក់ គឺ​ឈ្មោះ​ជុន សំណាង ភេទ​ប្រុស អាយុ​៤០​ឆ្នាំ​ជន​ជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ត្រាំកក់ ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ រីឯ​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ នី ភេទ​ប្រុស អាយុ​ប្រហែល​៣៣​ឆ្នាំ ដែល​ជា​អ្នក​ឌុប បាន​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់។ ក្នុង​នោះ​កម្លាំង​នគរបាល​ បាន​ដកហូត​វត្ថុ​តាង មួយ​ចំនួន ដែល​​បម្រើ​អោយ​សកម្មភាព​លួច​ម៉ូតូ។

បច្ចុប្បន្ន​ ជន​សង្ស័យ ​ត្រូវ​បាន​កម្លាំង​នគរបាល​កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី និង​បន្ត​ស្រាវជ្រាវ​ឃាត់ខ្លួន​បក្សពួក​បន្ថែម​ទៀត​ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់៕

ដោយ ៖ គឹម​សេង



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114