ព័ត៍មានទាន់​ហេតុការណ៏
Search

ដេក​កំដរ​កូន​គ្រុនឈាម ពេល​អ្នក​ជំងឺ​ជា បែរ​អ្នក​កំដរ​ស្លាប់​ទៅវិញ

កំពង់ចាម​ ៖ ​ប្តី​ប្រពន្ធ​២​នាក់​ បាន​មក​ដេក​កំដរ​កូន​ដែលមាន​ជំងឺ​គ្រុនឈាម​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក ។ អ្វីដែល​ហួសចិត្ត​នោះ​គឺ​បុរស​ជា​ឪពុក​បែរជា​ស្លាប់ ក្នុងខណ:​ដែល​កូន​របស់ខ្លួន​ជា​អ្នក​ជំងឺ បាន​ធូរស្រាល។

ហេតុការណ៍​នេះ​ បង្ក​អោយមាន​ការភ្ញាក់ផ្អើល​នៅ​ថ្ង​ទី​២៤ ​ខែមិថុនា​ ឆ្នាំ​២០១៩ វេលា​ម៉ោង​៦​និង​៣០​នាទី​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ស្ទឹងត្រង់​ខេត្តកំពង់ចាម។

ប៉ូលិស​បានអោយដឹងថា ​នៅ​ព្រឹក​ថ្ងៃទី​២៤ ​ខែ​មិថុនា​ ឆ្នាំ​២០១៩​ នគរបាល​ស្រុក​ស្ទឹងត្រង់ បាន​ទទួល​ព័ត៌មាន​ថា មានឈ្មោះ និ​ត ភេទ​ប្រុស​ អាយុ ៣៤​​ឆ្នាំ​ជាតិខ្មែរ មិន​ស្គាល់​ត្រកូល​ជា​មនុស្ស​ពិការ​ឆ្អឹងខ្នង បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​បង្អក ស្រុក​ស្ទឹងត្រង់។

ប៉ូលិស​បាន​បន្ត​ថា ជនរងគ្រោះ​ឈ្មោះ និ​ត ជា​មនុស្ស​ដើរ​ដេក​តាម​វត្ត ហើយ​បាន​យកឈ្មោះ​ ឈី​ន ណាត ភេទ​ស្រី អាយុ​៤៨​ឆ្នាំ ជាតិខ្មែរ មាន​លំនៅ​ភូមិ​បិទ​ធ្នូ ឃុំ​អូ​ម្លូ​ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​ ធ្វើជា​ប្រពន្ធ។

ប្រភព​ព័ត៌មាន​នៅ​មន្ទីរពេទ្យ​បាន​អោយ​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ​ប៉ុន្មាន​ថ្ងៃ គេ​ឃើញ​អ្នក​ទាំង​២ បាន​ទៅ​ដេក​កំដរ​កូន​ដែល​មាន​ជំងឺ​គ្រុន ឈាម នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្ទឹងត្រង់ រហូតដល់​ព្រឹក​ថ្ងៃទី​២៤ ​ខែមិថុនា​ ឆ្នាំ​២០១៩​ ឈ្មោះ​និ​ត​ ក៏បាន​​​​​ដេក​ស្លាប់​ ក្នុង​ខណៈ​ដែល​កូន​របស់​គាត់​បាន​ធូរស្រាល​ហើយ។

ប៉ូលិស​បាន​បន្ត​ថា ក្រោយពី​ទទួល​ព័ត៌មាន​ភ្លាម លោក​វរសេនីយ៍ត្រី ពៅ លឹម​ស៊ា​ង អធិការរង ទទួល​ការងារ​ផ្នែក​ព្រហ្មទណ្ឌ បាន​ដឹកនាំ​កម្លាំង​ជំនាញ ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ បង្កើត​ គណៈកម្មការ​ចម្រុះ​ដើម្បី​ត្រួតពិនិត្យ​សព។

ប៉ូលិស​បាន​អោយ​ដឹងថា ​លទ្ធផល​ពិនិត្យ​នៅ​លើ​ផ្នែក​ក្បាល ផ្នែក ក ដងខ្លួន​នឹង​អវយវៈ​គឺ​ពុំ​មាន​ស្លាក​ស្នាមរបួស​អ្វី​ឡើយ។

តាម​ការ​សន្និដ្ឋាន​គឺ​ជនរងគ្រោះ​ស្លាប់​ដោយសារ​គាំង​បេះដូង ពុំ​មាន​ពាក់ព័ន្ធ​បទល្មើស​ព្រហ្មទណ្ឌ​ឡើយ។

ក្រោយពី​ពិនិត្យ​រួចរាល់​ហើយ សមត្ថកិច្ច​ចម្រុះ ​បាន​ប្រគល់​សព​អោយ​ប្រពន្ធ ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

ដោយ ៖ អ សុផល



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114