ព័ត៍មានទាន់​ហេតុការណ៏
Search

តុលាការ​ខេត្ត​ព្រះសីហនុ​ ចេញ​ដីកា ​ឃុំខ្លួន​ជនជាតិ​ចិន​៤​នាក់ ដែល​ជាប់​ទាក់ទង​ក្នុង​ករណី​បាក់​រលំ​អគារ​នៅ​ខេត្ត​ព្រះសីហនុ

ព្រះសីហនុ​ ៖ ​ជនជាតិ​ចិន​ចំនួន​៤​នាក់ ដែលជា​ម្ចាស់​អគារ ថៅកែ​ក្រុមហ៊ុន​ម៉ៅការ​សំណង់ និង​អ្នក​ពាក់ព័ន្ធ​២​នាក់​ទៀត ក្នុង​ករ​ណី​បាក់​រលំ​អគារ​កម្ពស់​៧​ជាន់ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០១៩ បណ្ដាល​ឲ្យ​មនុស្ស​ចំនួន​២៨​នាក់​ស្លាប់ និង​២៦​នាក់​របួសធ្ងន់ និង​ស្រាល​នោះ ត្រូវ​បាន​សាលាដំបូង​ខេត្ត​ព្រះសីហនុ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ហើយ នេះ​បើ​យោង​តាម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​របស់​សាលាដំបូង​ខេត្ត​ព្រះសីហនុ ចុះ​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០១៩។

តាម​ដីកា​នោះ ​បញ្ជាក់​ថា ទី​១. ឈ្មោះ Cheng Kun ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិ​ចិន ជា​ម្ចាស់​សំណង់​អគារ​កម្ពស់​៧​ជាន់ មាន​ត្រូវ​បាន​តុលាការ​ដាក់​ឲ្យ​ស្ថិត​នៅក្រោម​ការពិនិត្យ​ពី​បទ “​មនុស្សឃាត​ដោយ​អ​ចេតនា បង្ក​ឲ្យ​មាន​របួស​ដោយ​អ​ចេតនា និង​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ដោយសារ​បង្ក​របួស​ស្នាម​ដល់​អ្នកដទៃ​” ផ្ដន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​២០៧ ​មាត្រា​២៣៦ និង​មាត្រា​៤១៤ នៃ​ក្រមព្រហ្មទណ្ឌ ទី​២. ឈ្មោះ Deng Xin Gul ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជនជាតិ​ចិន មុខរបរ​ថៅកែ​ម៉ៅការ​ស​សំណង់ ទី​៣, ឈ្មោះ Gao Yu ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ចិន ទីលំនៅ​បច្ចុប្បន្ន​មិន​ពិតប្រាកដ មុខរបរ​ជាងសំណង់ និង​ទី​៤. ឈ្មោះ Xie Ya Ping ភេទ​ស្រី អាយុ​៤៣​ឆ្នាំ ជា​ជន​ជាតិ​ចិន ទីលំនៅ​បច្ចុប្បន្ន​នៅផ្ទះ​ជួល ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ មុខរបរ​មើល​ការងារ​ក្នុង​ការដ្ឋាន​។ ពួកគេ​ទាំង​៣ ខាងក្រោម ត្រូវបាន​តុលាការ​ដាក់​ឲ្យ​ស្ថិតនៅ​ក្រោម​ការពិនិត្យ​ពីបទ “​សមគំនិត​ក្នុង​អំពើ​មនុស្សឃាត​ដោយ​អ​ចេតនា សមគំនិត​ក្នុង​អំពើ​បង្ក​ឲ្យ​មាន​របួស​ដោយ​អ​ចេតនា និង​សមគំនិត​ក្នុង​អំពើ​ធ្វើ​ឲ្យ​ខូច​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់​ទោស​ដោយសារ​បង្ក​របួស​ស្នាម​ដល់​អ្នកដទៃ​” ផ្ដន្ទាទោស​តាម​បញ្ញត្តិ​មាត្រ​២៩ មាត្រា​២០៧ មាត្រា​២៣៦ និង​មាត្រា​៤១៤ នៃ​ក្រមព្រហ្មទណ្ឌ។

សូម​រំលឹកថា អាគារ​ដែលរ​លំបាក់​នេះ ជា​ប្រភេទ​សណ្ឋាគារ នៅ​ជិត​កន្លែង​លាង​រថយន្ត​អា​រុណ​រះ ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ បាន​បាក់​រលំ នៅ​ពី​វេលា​ម៉ោង​ជិត​៤ ជិត​ភ្លឺ ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៩ ដែល​នេះ ជា​មហន្តរាយ​លើកដំបូង​សម្រាប់​វិស័យ​សំណង់​នៅ​ខេត្ត​ព្រះសីហនុ ហើយ​បើតាម​មន្ត្រី​ជំនាញ​នានា​ថ្លែងថា ការបាក់​រលំ​នេះ​កើតឡើង​ដោយសារ​បញ្ហា​បច្ចេកទេស​សំណង់ ហើយ​សំណង់​អាគារ​នេះ ត្រូវបាន​ក្រសួង​រៀបចំ​ដែនដី ចុះ​ហាមឃាត់​ចំនួន​២​ដង​រួចមកហើយ ប៉ុន្តែ​ម្ចាស់ ដែលជា​ជនជាតិ​ចិន មិន​ព្រមស្តាប់ និង​នៅតែ​បន្ត​សាងសង់​ដោយ​ចិត្ត​ឯង​។ សំណង់​នោះ​ត្រូវបាន​សាងសង់​លើ​ផ្ទៃដី​៥៨៣​ម៉ែត្រក្រឡា សាងសង់​ដោយ​ការប្រើ​ឆ្អឹង​ដែក​។​

​អគារ​កម្ពស់​៧​ជាន់ ដែលរ​លំបាក់​នេះ ត្រូវបាន​បញ្ចប់​ការរុករក ជួយសង្គ្រោះ​ជន​រងគ្រោះ ជា​ស្ថាពរ​នៅវេលា​ម៉ោង​៧ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០១៩ បន្ទាប់ពី​បើក​ប្រតិបត្តិ​ការរុករក និង​សង្គ្រោះ​អស់​រយៈពេល​២​ថ្ងៃ​កន្លះ ដោយមាន​ការ​យកចិត្ត​ទុកដាក់​យ៉ាង​ខ្ពង់ខ្ពស់​ពី​សំណាក់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន៕

ដោយ ៖ កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114