ព័ត៍មានទាន់​ហេតុការណ៏
Search

នាយ ពែ​កមី រង​ការរិះគន់​ស្ទើរ​ងើបមុខ​មិន​រួច ​ព្រោះតែ​រឿង​ប្រកួត​គ្នា​រៀប​ឥដ្ឋ​ដោយ​មិន​គិត​ចូល​រួម​រំលែក​ទុក្ខ​ជនរងគ្រោះ​នៅ​កំពង់សោម​

​ភ្នំពេញ ៖ ​តារា​កំប្លែង​នាយ ពែ​កមី មុន​នេះ​ បាន​បង្ហោះ​នូវ​ឃ្លី​ប​វីដេអូ​បង្ហាញ​ពី​សកម្មភាព​ នៃ​ការ​ប្រណាំង​គ្នា​រៀប​ឥដ្ឋ​ ដើម្បី​រម្លឹក​អនុស្សាវរីយ៍​ជាមួយ​នាយ គ្រឿន ដែល​ត្រូវជា​ប្អូនប្រុស​បង្កើត​របស់​ខ្លួន​។ ​ប៉ុន្តែ​ផ្ទុយទៅវិញ​ សកម្មភាព​នេះ ​បែរជា​មិន​ទទួលបាន​ការគាំទ្រ​ពី​មហាជន​ ស្រាប់តែ​ផ្ទុះ​ការ​រិះគន់​យ៉ាង​កក្រើក ​ដោយហេតុថា ករណី​ នៃ​ការបាក់​អគារ​ស្លាប់ ​និង​របួស​នៅ​កំពង់សោម​ប្រមាណ​៥០​នាក់ ​មិន​ចូលរួម​រំលែក​ទុក្ខ ​បែរ​មក​ធ្វើ​រឿង​ឆ្កួត​បែបនេះ​ទៅវិញ​។​

​ផ្អែក​តាម​ម្ចាស់​Account Facebook ឈ្មោះ Chan Rithy Khmer បាន​បញ្ចេញ​ទស្សនៈ​រិះគន់​ដោយ​មិន​សំចៃ​មាត់​ថា ​នាំគ្នា​ធ្វើ​រឿង​ឆ្កួត​ហើយ​ក្រុម​អ្នកមាន​មិន​នាំគ្នា​ចូលរួម​រំលែក​ទុក្ខ​ខ្មែរ​ស្លាប់​មិន​ក្រោម​៣០​នាក់​ទេ​។ បើ​យើង​សម្លឹងមើល​គេ​ជិត​ខាងយើង ​ប្រជាជន​គេ​ជាប់​ក្នុង​រូងភ្នំ​មិនទាន់​ដឹងស្លាប់ ​ឬ​រស់​គេ​នាំគ្នា​កាន់ទុក្ខ​ស្ទើរ​ពេញ​ទូទាំងប្រទេស ​អ្នកខ្លះ​តាំងសម្មាធិ​ឲ្យ​ពួកគេ​បាន​នៅរស់​។​

​ភ្លាមៗ​ នៃ​ការរិះគន់​នេះដែរ​ សាមីខ្លួន​នាយ ពែ​កមី បាន​ឆ្លើយតប​ថា Chan Rithy Khmer លោក​ឯង​មុន​ថា​នឹង​ចូល​មើល​ផេ​ក​ខ្ញុំ​ឲ្យ​ច្បា​ស់សិន​ទៅ​។ ​ដោយ​មិន​បង្អង់​យូរ​ម្ចាស់​Account Facebook ដដែល​នេះ​បាន​ប្រាប់​ទៅ​នាយ ពែ​កមី វិញ​ថា ​សុំ​អធ្យាស្រ័យ​លោក​ប្អូន​ពាក់មី​ផង រាល់​កា​រខ​មិន​របស់ខ្ញុំ​ផង ​បង​អ្នក​ស្វាយរៀង​ភូមិ​រោងដំរី ឃុំ​ស្វាយចេក ស្រុក​រំដួល តែ​បង​បើក​មើល​ហ្វេស​ប៊ុក​ដូច​មិនមាន​ប្រជាពលរដ្ឋ​ខ្មែរ​ចាប់អារម្មណ៍​ពី​សោធនកម្ម​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ​ដូច​ប្រជាពលរដ្ឋ​ប្រទេស​គេ​ឡើយ​។​

​ប្រភព​បាន​បន្តថា ​នេះ​ជាការ​ពិត​ដែ​លបងមើល​ឃើញជាក់ស្ដែង ហើយ​បង​មិនមែន​ទៅ​ឃាត់​ពី​ការ​រកស៊ី​របស់​ពួកគាត់​ប្រចាំថ្ងៃ​ដែរ​ នេះ​ប្រហែល​អារម្មណ៍​បង​មិនល្អ​ សុំ​អធ្យាស្រ័យ​ផង ​តែ​បង​គាំទ្រ​អាជីព​របស់​ប្អូន​ខ្លាំងណាស់​ ជា​ទេពកោសល្យ​ផ្ទាល់ខ្លួន ​នេះ​ជា​រឿង​ពិត​។​

ជាមួយគ្នានេះដែរ​ តារា​កំប្លែង​នាយ ពែ​កមី ក៏បាន​បង្ហាញ​អារម្មណ៍​ពិត​បន្ថែម​របស់ខ្លួន​ផងដែរ ​បន្ទាប់​ពី​មានការ​រិះគន់​ដោយ​មិន​សំចៃ​មាត់​ដូច្នេះ​។​

​នាយ ពែ​កមី បានលើកឡើង​ទៀតថា បងប្អូន​អ្នក​រិះគន់​អើយ គ្រាន់តែ​ខ្ញុំ​ និង​នាយ គ្រឿន ទៅ​រៀប​ឥដ្ឋ​ម្សិលមិញ​ មាន​អ្នក​រិះគន់ថា អត់​ប្រយោជន៍ គេ​កំពុង​កាន់ទុក្ខ​រឿង​នៅ​កំពង់សោម​…? ។​ ខ្ញុំ​បាន​ផុស​កាន់ទុក្ខ​ចូលរួម​រំលែក​ទុក្ខ​ជាច្រើន​ហើយ ​តើ​ម្ដេច​មិន​មើល ចាំតែ​ដៀល​អត់​មើល ហើយ​ថា​ខ្ញុំ​ទៅ​រៀប​ឥដ្ឋ​ហ្នឹង​អត់​ប្រយោជន៍​។​

​បន្ថែម​ពីលើ​នេះ​ នាយ ពែ​កមី រៀបរាប់ថា​ ខ្ញុំ​សួរ​ថា​អត់​ប្រយោជន៍​យ៉ាង​ម្ដេច ​ផ្ទះ​ខ្ញុំ​ធ្វើ​លក់ ខ្ញុំ​ទៅ​រៀប​នៅ​ផ្ទះ​ខ្ញុំ គម្រោង​របស់ខ្ញុំ​នៅ​ក្រុង​កំពង់ចាម​១៦៨​ខ្នង ​ខ្ញុំ​លក់​តែ​១០​ថ្ងៃ​អស់​ជាង​១០០​ខ្នង ​ម្ដេច​បាន​ថា​អត់​ប្រយោជន៍ ​ប្រជាជន​ទាំងអស់​ដែល​គាត់​កាន់ទុក្ខ តែ​ពួកគាត់​ក៏​រកស៊ី​ធ្វើការ​ដែរ​តើ​៕

ដោយ ៖ ចាន់ ដា​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114