ព័ត៍មានទាន់​ហេតុការណ៏
Search

​ពីរ​នាក់​ប្តី​ប្រពន្ធ ​បាន​ស្លាប់​ក្នុង​ករណី​សង្គ្រាម​ គ្រោះថ្នាក់​ចរាចរណ៍

​កំពង់ធំ ​៖ ​បន្ទាប់ពី​សង្គ្រាម​តស៊ូ​ដោយ​អាវុធ ត្រូវ​បាន​ប្រមុខ​រាជរដ្ឋាភិបាល ​​បញ្ចប់​ដោយ​បរិបូរណ៍ តែ​សង្គ្រាម​គ្រោះថ្នាក់​ចរាចរណ៍ បាន​កំពុងតែ​ផ្ទុះឡើង​យ៉ាង​សាហាវ ក្នុង​សម័យ​បច្ចុប្បន្ន ដែល​បាន​ធ្វើ​សកម្មភាព ឆក់​យក​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​ជា​រៀងរាល់ថ្ងៃ នៅ​លើ​ដង​ផ្លូវ ក្នុងពេលដែល​បងប្អូន​មានការ​ធ្វេសប្រហែសនោះ។

ជាក់ស្ដែង​មច្ចុរាជ​ឃាតកម្ម​ បាន​ឆក់​យក​ជីវិត​២​នាក់​ប្តី​ប្រពន្ធ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ រថយន្ត​បុក​ម៉ូតូ​ ក្នុង​ទិសដៅ​ផ្ទុយគ្នា ​រួម​ខូចខាត​ម៉ូតូ​០១​គ្រឿង​ រថយន្ត​០១​គ្រឿង ​កាល​វេលា​ម៉ោង​១៥​និង​៣០​នាទី ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៦២​ ភូមិ​កូន​ត្នោត ឃុំ​ជ័យ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ។

ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ គឺ​ត្រូវ​បាន​រថយន្ត​បង្ក​ម៉ា​ក​លី​ប័​រ​រ៉ូ ពណ៌​ស​ ពាក់​ស្លាក​លេខ​កំពង់ធំ​2A.2831 បាន​បើក​ជែង​គ្នា​ជាមួយ​រថយន្ត​មួយ​គ្រឿង​ទៀត ទើប​បណ្ដាល​ឲ្យ​រេ​ចង្កូត មក​បុក​ជាមួយ​នឹង​ម៉ូតូ ម៉ាក​ហុងដា​ឌ្រី​ម​C125 ពណ៌​ខ្មៅ ស្លាក​លេខ​កំពង់ចាម​1G.6258 ខណៈ​កំពុងតែ​បើកបរ ក្នុង​ទិសដៅ​ផ្ទុយគ្នា ពី​ជើង​ទៅ​ត្បូង បណ្តាល​ឲ្យ​បុក​ម៉ូតូ​យ៉ាង​ពេញទំហឹង មនុស្ស​២​នាក់​បាន​ស្លាប់​ភ្លាមៗ ក្រោយពី​កើតហេតុ អ្នកបើកបរ​រថយន្ត ឃើញ​សភាពការណ៍​មិន​ស្រួល​ក៏បាន​រត់​គេចខ្លួនបាត់ ទើប​មិន​បណ្តាល​ឲ្យ​ស្គាល់​អត្តសញ្ញាណ។

ចំណែក​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ហ៊ិ​ក សៀង​ហ៊ាន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ បាន​ឌុប​ប្រពន្ធ​ឈ្មោះ ប៉ក់ ច្រឹប អាយុ​២២​ឆ្នាំ (​មុខរបរ​កសិករ​) បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ​ទាំង​២​នាក់​ប្តី​ប្រពន្ធ ​រស់នៅ​ភូមិ​រពាក់ ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ ដោយសារ​មិនបាន​ពាក់មួក​សុវត្ថិភាព។ តាម​ការ​ឲ្យ​ដឹង​ពី​សមត្ថកិច្ច មូលហេតុ​ដែល​បង្ក​មាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ អ្នក​បើកប​រថយន្ត​បាន​បើកបរ​វ៉ា​ជែង ក្នុងស្ថានភាព​គ្រោះថ្នាក់ ហើយ​បាន​ជ្រុល​ចង្កូត​ទៅបុក​ម៉ូតូ ដែល​កំពុង​ចរាចរណ៍ ក្នុង​គន្លង​ផ្លូវ​ផ្ទុយ​ទិស ក្រោយពី​កើតហេតុ វត្ថុតាង​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ស្វាយ ចំណែក​សាកសព​បានប្រគល់​ជូន​សាច់ញាតិ​ក្រុម​គ្រួសារ ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​។​

​ឯកឧត្ដម សុខ លូ អភិបាលខេត្ត​កំពង់ធំ និង​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ធ្លាប់បាន​លើកឡើងថា បច្ចុប្បន្ន​សង្គ្រាម​បាន​ចប់​ហើយ ប្រទេស​មាន​សន្តិភាព គឺ​ពុំមាន​បងប្អូន​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់ ដោយសារតែ គ្រាប់កាំភ្លើង​នោះទេ តែ​បច្ចុប្បន្ន​ប្រមុខ​រាជរដ្ឋាភិបាល កំពុងតែ​មានការ​ព្រួយបារម្ភ​ពី​សង្គ្រាម​គ្រោះថ្នាក់​ចរាចរណ៍ ដែល​វា​មាន​ភាព​កាច​សាហាវ​ណាស់ ហើយ​បាន​ឆក់​យក​ជីវិត​បងប្អូន​ប្រជាពលរដ្ឋ​យើង​ជា​រៀងរាល់ថ្ងៃ ដូច្នេះ​ដើម្បី​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​បាន សំណូមពរ​ឲ្យ​មាន​ការ​ចួលរួម ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ កងកម្លាំង មន្ត្រីរាជការ សិស្សានុសិស្ស គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ទាំងអស់គ្នា៕

ដោយ ៖ ប៊ុន រដ្ឋា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114