ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល ​ស្នើ​ឲ្យ​បារាំង​ជួយ​បង្កើន​អាហារូបករណ៍​ដល់​និស្សិត​ស​.​វ​.​ស បន្ថែម​ទៀត​

​ភ្នំពេញ​ ៖ មន្ត្រី​ជាន់ខ្ពស់​ក្រសួងសុខាភិបាល ​បានស្នើ​ឲ្យ​រដ្ឋាភិបាល​បារាំង​ជួយ​បង្កើន​អាហារូបករណ៍​ដល់​និស្សិត​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​(​ស​.​វ​.​ស​) បន្ថែម​ទៀត​ ដើម្បី​ឲ្យ​ពួកគេ​មាន​ឱកាស​បាន​ទៅ​សិក្សា​ ឬ​កម្មសិក្សា​វគ្គ​ខ្លីៗ​នៅ​ប្រទេស​បារាំង​។​

​ការស្នើសុំ​នេះ​បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៥ ​ខែ​មិថុនា​ ឆ្នាំ​២០១៩​ នៅក្នុង​ពិធី​សម្ពោធ​“​ទីតាំង​ផ្តល់​ព័ត៌មាន Espace France”​ដោយមាន​ការចូលរួម​ពី​លោកជំទាវ Eva Nguyen Binh, ឯកអគ្គរដ្ឋទូត ​នៃ​សាធារណ​រដ្ឋ​បារាំង ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។​

លោក​សាស្ត្រាចារ្យ ហេង តៃគ្រី រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​តំណាង​ដ៏​ខ្ពង់ខ្ពស់ ​លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​បាន​សំណូមពរ​ដល់​រដ្ឋាភិបាល​ នៃ​សាធារណរដ្ឋ​បារាំង​តាមរយៈ​លោកស្រី​ឯកអគ្គ​រដ្ឋទូត​ មេត្តា​ជួយ​ដល់​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​បន្ថែម​ទៀត ការ​ជំរុញ​ឲ្យ​សាស្ត្រាចារ្យ​បារាំង​មក​ជួយ​បង្រៀន​និស្សិត​នៅ​ ស​.​វ​.​ស និង​ការ​បង្កើន​ចំនួន​អាហារូបករណ៍​សម្រាប់​និស្សិត​ឯកទេស ​ក៏ដូចជា​អាហារូបករណ៍​សម្រាប់​និស្សិត​វេជ្ជសាស្ត្រ ឱសថ​សាស្ត្រ​ដែល​កំពុង​សិក្សា​ឲ្យ​មានឱកាស​ធ្វើ​កម្មសិក្សា​ខ្លី នៅ​ប្រទេស​បារាំង​។​

​ពាក់ព័ន្ធ​នឹង​“​ទីតាំង​ផ្តល់​ព័ត៌មាន Espace France” នេះដែរ​ លោក​សាស្ត្រាចារ្យ បាន​សម្តែង​នូវ​សេចក្តី​សោមនស្ស​រីករាយ និង​សម្តែង​នូវ​ការ​កោតសរសើរ និង​អំណរ​សាទរ​ចំពោះ​គំនិត​ផ្តួចផ្តើម​ក្នុងការ​បង្កើត​ឲ្យ​មាន​ទីតាំង​ផ្តល់ព័ត៌មាន​នេះ នៅ​ស​.​វ​.​ស ដែល​បានផ្តល់​នូវ​សារប្រយោជន៍​យ៉ាងខ្លាំង​ក្នុងការ​លើកកម្ពស់​ការ​សិក្សា​របស់​និស្សិត និង​ការប្រើប្រាស់​ភាសា​បារាំង នៅ​ស​.​វ​.​ស​។

​លោក​សាស្ត្រាចារ្យ​សង្ឃឹម​យ៉ាង​មុតមាំ​ថា “​ទីតាំង​ផ្តល់ព័ត៌មាន Espace France” នេះ នឹងចូលរួម​ចំណែក​ជំរុញ​បន្ថែមទៀត​នូវ​ចំណូលចិត្ត​សិក្សា​ជា​ភាសា​បារាំង​របស់​និស្សិត និង​បង្កើន​ចំនួន​និស្សិត​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​បារាំង និង​នៅតាម​បណ្តា​ប្រទេស​ដែល​ប្រើប្រាស់​ភាសា​បារាំង ផ្សេងៗ កាន់តែ​ច្រើនឡើង​ថែមទៀត​។​

​លោក​សាស្ត្រាចារ្យ សា​ផុន វឌ្ឍនៈ សកលវិទ្យាធិការ ​នៃ ស​.​វ​.​ស បាន​មានប្រសាសន៍ថា “​ទីតាំង​ផ្តល់​ព័ត៌មាន Espace France” នេះ ត្រូវបាន​រៀបចំឡើង នៅក្នុង​បរិវេណ​អគារ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន (​អគារ​ទី​៣) ដែលមាន​ផ្ទៃក្រឡា​១៥.៧៦​ម៉ែត្រការ៉េ និង​មាន​បំពាក់​ដោយ​សម្ភារៈ​ចាំបាច់ (​ទូរទស្សន៍ ចំនួន០១ តុ​ពិភាក្សា​សម្រាប់​ក្រុម​តូច ចំនួន០១ និង​បញ្ជរ​ប្រឹក្សា​ផ្តល់ព័ត៌មាន​ចំនួន ០១) ជា​ជំនួយ​ឧបត្ថម្ភ​ពី​ស្ថានទូត​ នៃ​សាធារណរដ្ឋ​បារាំង ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។

​លោក​សាស្ត្រាចារ្យ​បាន​បន្តទៀតថា ​គោលបំណង​នៃ​ការរៀបចំ​ទីតាំង​ផ្តល់​ព័ត៌មាន​នេះ​ គឺ​សម្រាប់​ផ្សព្វផ្សាយ​ព័ត៌មាន​ផ្សេងៗ​ទាក់ទង​នឹង​ការសិក្សា​ភាសា​បារាំង អាហារូបករណ៍​ផ្សេងៗ​ នៃ​បណ្តា​ប្រទេស​ប្រើប្រាស់​ភាសា​បារាំង និង​អាច​ផ្តល់ឱកាស​ឲ្យ​និស្សិត​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​សិក្សា​ជា​លក្ខណៈ​ក្រុម​តូច (Atelier) លើ​ប្រធានបទ​សំខាន់ៗ​មួយចំនួន​៕

ដោយ ៖ ​សំអឿន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114