ព័ត៍មានទាន់​ហេតុការណ៏
Search

ពលរដ្ឋ​ជាច្រើន​គ្រួសារ​ ប្រឈម​នឹង​ក្លិនស្អុយ​ជាង​១​ឆ្នាំ​ហើយ​ ទើប​ទ្រាំលែង​បាន ​ស្វែងរក​អាជ្ញាធរ​អន្តរាគមន៍​

បាត់ដំបង ៖ ដោយសារ​តែ​ក្លិនស្អុយ​ខ្លាំង​ ពី​១​ខែ​ ទៅ​១​ខែ ​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​រស់នៅ​ក្នុងភូមិ​អន្លង់​វិល​ ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង ​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​ទៅ​កសិដ្ឋាន​ចិញ្ចឹម​មាន់​កសិកម្ម​មួយ​កន្លែង ​ឋិត​នៅ​ភូមិ​/ឃុំ​ខាងលើ ​ដែល​បាន​បង្ក​ក្លិនស្អុយ​ខ្លាំង​ជះ​មក​លើ​ពួកគាត់​ស្ទើរ​ដក​ដង្ហើម​មិន​រួច​ និង​ប៉ះពាល់​ទៅ​ដល់​សុខភាព​កូនចៅ​របស់​ពួកគាត់​យ៉ាង​ធ្ងន់ធ្ងរ​ ធ្វើឲ្យ​ពួកគេ​បាត់បង់​សិទ្ធិ​ក្នុង​ការ​រស់នៅ​ប្រកបដោយ​ផាសុកភាព​អស់​រយៈពេល​ជាង​១​ឆ្នាំ​មកនេះ។

អ្នកស្រី​ សន​ អៀ​ត​ អាយុ​៤៨​ឆ្នាំ ​រស់នៅក្នុង​ក្រុមទី​៤ ​ភូមិ​អន្លង់​វិល ​ឃុំ​អន្លង់​វិល ​ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង​ បាន​ត្អូញត្អែរ​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃទី​២៤​ ខែមិថុនា​ ឆ្នាំ​២០១៩​ ថា ​ពួកគាត់​មិន​ហាម​ឃាត់​ថា ​មិនឲ្យ​កសិដ្ឋាន​ខាងលើ​ចិញ្ចឹម​មាន់​កសិកម្ម​នោះទេ ​តែ​ពួកគាត់​សំណូមពរ​ឲ្យ​ម្ចាស់​កសិដ្ឋាន​ធ្វើយ៉ាងណា​កុំឲ្យ​មាន​ក្លិនស្អុយ​ខ្លាំង​ជះ​មកលើ​ពួកគាត់​ដែល​ជា​ពលរដ្ឋ​ដូចគ្នា​ ដែល​រស់នៅ​ភូមិ​ផង​របង​ជាមួយ ​ពិសេស​ប៉ះពាល់​មកដល់​កូនចៅ​តូចៗ​របស់​ពួកគាត់​ និង​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ទៀត​ដែល​រស់នៅ​ក្បែរ​គ្នា​ក្នុង​ភូមិ​ផង​របង​ជាមួយ​។​

​ចំណែក​ឯ​អ្នកស្រី​ហេង​ ហៀ​ង ​អាយុ​៥៨​ឆ្នាំ ​ក៏បានឲ្យដឹង​ដែរ​ថា ​ពាក់ព័ន្ធ​នឹង​ក្លិនស្អុយ​អសោចិ៍​នេះ​លោកស្រី​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ភូមិ​/ឃុំ ​និង​អាជ្ញាធរ​ស្រុក​ជួយ​ដោះស្រាយ​ទៅលើ​ការ​ប៉ះពាល់​នេះ​ផង​ព្រោះ​លោកស្រី​ក្នុង​សភាព​ចាស់​ទ្រុឌទ្រោម​ខ្លាំង ​សុខភាព​មិនសូវ​ល្អ​ ទ្រាំ​មិនបាន​តទៅទៀត​ទេ​ ព្រោះ​អត់ទ្រាំ​មក​យូរហើយ ​ដែល​លោកស្រី​ និង​ក្រុមគ្រួសារ​លោកស្រី​ស្រូប​យក​ក្លិនស្អុយ​យ៉ាងខ្លាំង​ទាំងយប់​ទាំង​ថ្ងៃ​អស់​រយៈពេល​ជាង​១​ឆ្នាំ​កន្លងមកនេះ​ ដោយសារ​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​មាន់​ខាងលើ​គិតតែ​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន​ជាធំ​ ដោយ​មិន​គិតពី​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ដូចគ្នា​នោះទេ​។​លោកស្រី​បន្តថា ​ការ​ជះក្លិន​អាក្រក់​នេះ​បាន​បង្ក​ឲ្យ​ពួកគាត់​ជួប​នូវ​បញ្ហា​សុខ​ភាពជា​បន្តបន្ទាប់​ទាំង​ក្មេងៗ​ចាស់​ប្រុស/​ស្រី​ ពិសេស​ផ្ទះ​របស់​លោកស្រី​នៅជាប់​របង​ជាមួយនឹង​កសិដ្ឋាន​ផ្ទាល់​តែម្ដង​ធ្វើ​ឲ្យ​ពិបាក​ទ្រាំ​រស់នៅ ​ព្រោះតែ​រាល់ពេល​តែង​ស្រូបយក​ក្លិនស្អុយ​គ្រប់​ដង្ហើម​ចេញចូល​ទាំង​ពេល​ហូប​ចំណីអាហារ​ រួមទាំង​ពេលដេក​ផង​ បើទោះបី​អាកាសធាតុ​ក្តៅ​យ៉ាងណា​ ក៏​ក្រុមគ្រួសារ​លោកស្រី​ពេល​ដេក ត្រូវតែ​ទទូរ​ភួយ​ទើប​កាត់បន្ថយ​ក្លិន​ និង​បាន​ដេកលក់​ស្រួល​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើនេះ ​លោក​ទូច​ ស្វាង ​មេឃុំ​អន្លង់​វិល​បានឲ្យ​ដឹងថា​ ពេលដែល​លោក​ទទួល​បាន​ព័ត៌មាន​នេះ​ហើយ​ លោក​នឹង​ឲ្យ​​មន្ត្រី​ក្រោម​ឱវាទ​លោក​ចុះទៅពិនិត្យ​មើល ​រួច​ហៅ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​មកជួប​គ្នា​ ដើម្បី​ដោះស្រាយ​ ដោយ​លោក​ទទួលស្គាល់ថា ​បញ្ហា​បរិស្ថាន ​និង​បញ្ហា​សុខ​ភាពជា​រឿង​សំខាន់​ ត្រូវតែ​យកចិត្តទុកដាក់​ចំពោះ​ផលប៉ះពាល់​ទាំងនេះ​ ដើម្បី​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​៕​

ដោយ ៖ សៅ សារិទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114