ព័ត៍មានទាន់​ហេតុការណ៏
Search

ម៉ិ​ក​ស៊ិ​ក​ ដាក់ពង្រាយ​ទាហាន​១៥,០០០​នាក់​ដើម្បី​បង្ក្រាប​ជន​អន្តោប្រវេសន៍​នៅតាម​ព្រំដែន​អាមេរិក

មេបញ្ជាការ​កងទ័ព ​បា​ន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ប្រទេស​ម៉ិ​ក​ស៊ិ​ក បាន​បញ្ជូនទាហាន​និង​ឆ្មាំ​ជាតិ​ជិត​១៥,០០០​នាក់​ ទៅ​ព្រំដែន​របស់ខ្លួន​ជាប់​សហរដ្ឋអាមេរិក​ដោយ​ពួកគេ​បាន​សារភាព​ថា ពួកគេ​បាន​ឃាត់ខ្លួន​ជន​អន្តោ​ប្រវេសន៍​ដែល​ព្យាយាម​ឆ្លងកាត់​។​

​ក្រោម​ការគាបសង្កត់​ពី​ប្រធានាធិបតី​អាមេរិក​លោក Donald Trump ឲ្យ​ពន្យឺត​លំហូរ​នៃ​ជនជាតិ​អាមេរិក​កណ្តាល​ឆ្លងកាត់​ព្រំដែន​, ប្រទេស​ម៉ិ​ក​ស៊ិ​កបាន​សន្យា​កាលពី​ដើមខែ​នេះ​ថា​នឹង​ពង្រឹង​ព្រំប្រទល់​ភាគខាងត្បូង​របស់ខ្លួន​ជាមួយ​ឆ្មាំ​ជាតិ​ចំនួន​៦,០០០​នាក់​ប៉ុន្តែ​មិនទាន់បាន​បង្ហាញ​ពី​វិសាលភាព​នៃ​ការបង្ក្រាប​នៅតាម​ព្រំដែន​ភាគ​ខាងជើង​របស់ខ្លួន​នៅឡើយ​ទេ​។​

​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​លោក Luis Cresencio Sandoval បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ជាមួយ​លោក​ប្រធានាធិបតី Andres Manuel Lopez Obrador ថា “​យើង​មានការ​ដាក់ពង្រាយ​កង​ឆ្មាំ​ជាតិ​និង​កងទ័ព​សរុប​ជិត​១៥,០០០​នាក់​នៅ​ភាគ​ខាងជើង​ប្រទេស​”​។​

​នៅពេល​សួរថា​តើ​កងកម្លាំង​ទាំងនោះ​បាន​ឃាត់ខ្លួន​ជនអន្តោប្រវេសន៍​ដើម្បី​រារាំង​ពួកគេ​មិន​ឲ្យ​ឆ្លងកាត់​មែនឬ​ទេនោះ លោក Sandoval បាន​ឆ្លើយតប​ថា “​មែនហើយ​”​។​

​ទោះបីជា​យ៉ាងណាក៏ដោយ រដ្ឋាភិបាល​បាន​ប្រឈម​នឹង​ការរិះគន់​សម្រាប់​ការបញ្ឈប់​ជនអន្តោប្រវេសន៍​ដែល​ឆ្លងកាត់​ព្រំដែន​អាមេរិក​-​ម៉ិ​ក​ស៊ិ​ក​ខណៈដែល​ឆ្មាំ​ជាតិ​និង​ប៉ូលិស​បាន​ដើរល្បាត​ព្រំដែន​ជា​ក្រុមៗ​។​

​គោលនយោបាយ​នេះ​គឺមាន​ការផ្លាស់ប្តូរ​ពី​ការអនុវត្ត​លើក​មុន​។ កងកម្លាំង​សន្តិសុខ​ម៉ិ​ក​ស៊ិ​កបាន​ឃុំខ្លួន​ជនអន្តោប្រវេសន៍​ដែល​មិនមាន​ឯកសារ​នៅពេល​ពួកគេ​ធ្វើដំណើរ​នៅក្នុង​ប្រទេស​ប៉ុន្តែ​ជា​ញឹកញាប់​មិនបាន​បញ្ឈប់​ពួកគេ​ពី​ការឆ្លងកាត់​ព្រំដែន​សហរដ្ឋអាមេរិក​ទេ​កាលពី​អតីតកាល​។​

​ការអនុវត្ត​បែបនេះ​បាន​បង្ក​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង​បន្ទាប់ពី​អ្នក​ថតរូប AFP ម្នាក់​កាលពី​សប្តាហ៍​មុន​បាន​លាតត្រដាង​អំពី​របៀប​ដែល​ឆ្មាំ​ជាតិ​ប្រដាប់​ដោយ​អាវុធ​នៅ​ទីក្រុង Ciudad Juarez បាន​បង្ខំ​ឲ្យ​ស្ត្រី​ពីរ​នាក់​និង​ក្មេងស្រី​ម្នាក់​ឆ្លងកាត់​ទន្លេ Rio Grande ចូលទៅក្នុង​សហរដ្ឋអាមេរិក​៕ AFP

ដោយ ​៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114