ព័ត៍មានទាន់​ហេតុការណ៏
Search

សហរដ្ឋអាមេរិក​ ដាក់​ទណ្ឌកម្ម​មេដឹកនាំ​កំពូល​អ៊ីរ៉ង់​លោក Khamenei

កាលពី​ថ្ងៃ​ចន្ទ សហរដ្ឋអាមេរិក​បាន​ដាក់ទណ្ឌកម្ម​លើ​មេដឹកនាំ​កំពូល​អ៊ីរ៉ង់​លោក Ayatollah Ali Khamenei និង​ប្រមុខ​យោធា​ជាន់ខ្ពស់​ដទៃទៀត​។​

​ខណៈពេល​ចុះហត្ថលេខា​លើ​វិធាន​ការដាក់ទោសទណ្ឌ​ហិរញ្ញវត្ថុ​នៅក្នុង​ការិយាល័យ Oval, លោក​ប្រធានាធិបតី Donald Trump បាន​ហៅ​ពួកគេ​ថា​ជា “​ការឆ្លើយតប​យ៉ាងខ្លាំង​ក្លា​និង​សមាមាត្រ​ចំពោះ​សកម្មភាព​បង្កហេតុ​កាន់តែខ្លាំង​ឡើង​របស់​អ៊ីរ៉ង់​”​។​

​ដោយ​លើកឡើង​ជាថ្មី​ថា អ៊ីរ៉ង់​មិនអាច​មាន​អាវុធ​នុយក្លេអ៊ែរ​មួយ​នោះ​, លោក Trump បាន​និយាយថា ឥឡូវនេះ​វា​អាស្រ័យទៅលើ​ទីក្រុង​តេ​អេ​រ៉ង់​ដើម្បី​ចរចា​។​

​លោក Trump បាន​ថ្លែងថា “​យើង​មិន​សុំ​ឲ្យ​មាន​ជម្លោះ​ទេ​”​។ លោក​បន្ថែមថា ទណ្ឌកម្ម​អាច​បញ្ចប់​នៅ​ថ្ងៃស្អែក​ឬ​អាច​ច្រើន​ឆ្នាំ​ដោយ​ផ្អែកទៅលើ​ការឆ្លើយតប​របស់​អ៊ីរ៉ង់​។​

​ក្រសួង​រតនាគារ​អាមេរិក​បាន​និយាយថា ខ្លួន​នឹងដាក់​បញ្ចូល​ក្នុង​បញ្ជីខ្មៅ​ចំពោះ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អ៊ីរ៉ង់​លោក Mohammad Javad Zarif ដែលជា​ស្ថាបត្យករ​ដ៏​សំខាន់​នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ​២០១៥​និង​មេបញ្ជាការ​ជាន់ខ្ពស់​ចំនួន​៨​នាក់​មកពី​កងកម្លាំង​យោធា​អ៊ីរ៉ង់​ដែល​គេ​ហៅថា​ឆ្មាំ​បដិវត្តន៍​ដោយ​កំណត់​គោលដៅ​លើ​ទ្រ​ព​សម្បត្តិ​រាប់ពាន់​លាន​ដុល្លារ​របស់​ពួកគេ​។​

​ភាព​តានតឹង​កំពុង​កើនឡើង​ខ្ពស់​បន្ទាប់ពី​អ៊ីរ៉ង់​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​ចារកម្ម​អាមេរិក​កាលពី​សប្តាហ៍​មុន​ហើយ​លោក Trump បាន​លុបចោល​ការវាយប្រហារ​ស​ង​សឹក​នៅ​នាទីចុងក្រោយ​។ នៅ​ពាក់កណ្តាល​ខែមិថុនា ការផ្ទុះ​ដ៏​អាថ៌កំបាំង​បានធ្វើ​ឲ្យ​ខូចខាត​ដល់ក​ប៉ាល់​បរទេស​ចំនួន​ពីរ​គ្រឿង​នៅក្បែរ​ប្រទេស​អ៊ីរ៉ង់​ដែលជា​ហេតុ​បង្កើន​ការភ័យខ្លាច​ចំពោះ​សុវត្ថិភាព​នៃ​ផ្លូវ​ដឹកជញ្ជូន​ដែល​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ដឹកជញ្ជូន​ប្រេង​ដ៏​ច្រើន​របស់​ពិភពលោក​។​

​ក្នុងពេល​ដែលមាន​សក​ម្ម​ភាព​ការទូត​ជាច្រើន ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បានចេញ​ការអំពាវនាវ​ជា​ឯកច្ឆន្ទ​ឲ្យ​មានការ​សន្ទនា​គ្នា​ដើម្បី​ដោះស្រាយ​ភាពទាល់ច្រក​រវាង​សហរដ្ឋអាមេរិក​និង​អ៊ីរ៉ង់​។​

​សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស អារ៉ាប៊ីសាអ៊ូឌីត​និង​អារ៉ាប់​រួម​ក៏បាន​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​ការទូត​ផងដែរ​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114